ឯកអគ្គរដ្ឋទូត​អាមេរិក សម្តែង​ការគួរសម​លោក​អគ្គមេបញ្ជាកា​រ នៃ​កងយោធពល​ខេមរភូមិន្ទ​

ភ្នំពេញ: ​កងយោធពល​ខេមរភូមិន្ទ​តែងតែមាន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​ជានិច្ច ជាមួយ​កងទ័ព​បណ្តា​ប្រទេស​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​ក្នុងនោះ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាមួយ​កងទ័ព​សហរ​ដ្ឋ​អាមេរិក កាន់តែ​ត្រូវបាន​ពង្រឹងពង្រីក​ឥត​ឈប់ឈរ និង​មាន​លក្ខណៈ​ល្អប្រសើរ​ជា​លំដាប់​។​

​នេះ​ជា​ប្រសាសន៍​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បញ្ជាក់​នៅក្នុង​ឱកាស​ដែល​លោក William A-Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចូលជួប​សំណេះសំណាល​សម្តែង​ការគួរសម​ចំពោះ​លោក ប៉ុល សារឿន កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦ នេះ​នៅ​អគ្គបញ្ជាការដ្ឋាន​។ ក្នុងជំនួប​នេះ​លោក​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​បាន​ថ្លែង​នូវ​អំណរ​អរគុណ ចំពោះ​លោក​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​ចំណាយពេល​អនុញ្ញាត​ឲ្យ​រូបលោក​បាន​ចូលជួប​សំណេះសំណាល​សម្តែង​ការគួរសម ។​

​លោក​បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​លទ្ធផល​ស្នាដៃ ដែល​កងយោធពល​ខេមរភូមិន្ទ​សម្រេចបាន​នាពេល​កន្លង​ម ក​ក្នុង​ការបញ្ជូន​កងកម្លាំង​ទៅ​ចូលរួម​បេសកកម្ម​មនុស្សធម៌ ក្នុង​ក្របខ័ណ្ឌ​របស់​អង្គការសហប្រជាជាតិ នៅ​បណ្តា​ប្រទេស​ជាច្រើន​លើ​ពិភពលោក ។ លោក​អគ្គមេបញ្ជាការ​ក៏បាន​បញ្ជាក់​អំពី​សភាព​ការណ៍​រីកចម្រើន​របស់​កម្ពុជា ពិសេស​កម្ពុ​ជាមាន​សុខសន្តិភាព​ពេញបរិបូរណ៍​ហើយ​បច្ចុប្បន្ន​កម្ពុជា​កំពុង​បន្ត​សហការ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត ជាមួយ​កងទ័ព​សហរ​ដ្ឋ​អាមេរិក ហើយ​បច្ចុប្បន្ន​កងយោធពល​ខេមរភូមិន្ទ​បាននិងកំពុង​បន្ត​ស្វែងរក​អដ្ឋិធាតុ​កងទ័ព​សហរដ្ឋអាមេរិក ដែល​បាន​បាត់​ខ្លួន​ក្នុងសម័យ​សង្គ្រាម​នៅ​កម្ពុជា ឲ្យ​បាន​រួចរាល់​ក្នុងនោះ​លោក​អគ្គមេបញ្ជាការ​ក៏បាន​បញ្ជាក់ថា បញ្ហា​នេះ​គឺ​យើង​ធ្វើ​ចំពោះ​ករណី​ណា​ដែល​ចាំបាច់ និង​បន្ទាន់​បំផុត ដើម្បី​ឲ្យ​កិច្ចការ​នេះ​បានសម្រេច​តាម​ផែនការ​ដែល​បាន​គ្រោងទុក​។

​លោក​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក បាន​វាយតម្លៃ​និង​ស្ងើចរ​សើរ​ចំពោះ​ការវិវត្តន៍​រីកចម្រើន​របស់​កម្ពុជា ពី​ប្រទេស​ដែល​ធ្លាប់មាន​សង្គ្រាម​មកជា​ប្រទេស​ដែលមាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​នៅលើ​គ្រប់​វិស័យ ក្នុងនោះ​វិស័យ​ដែល​ចាប់អារម្មណ៍​បំផុត គឺ​កងយោធពល​ខេមរភូមិន្ទ​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​មាន​កិត្តិ​ស័ព្ទ​និង​កិត្តិនាម​នៅលើ​ឆាក​អន្តរជាតិ​។

​លោក​ក៏បាន​បញ្ជាក់ថា នៅ​អាទិត្យ​ក្រោយនេះ រដ្ឋមន្ត្រីការបរទេស​របស់​អាមេរិក នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយនឹង​ចូលជួប​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​សម្តេច ហ៊ុន សែន ក៏​នឹង​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំ​នៅ​សហរដ្ឋអាមេរិក ដែល​មេដឹកនាំ​បណ្តា​ប្រទេស​នៅក្នុង​សមាគម​អាស៊ាន នឹង​ទៅ​ចូលរួម​នៅ​ទីនោះ​ដោយ​សហរដ្ឋអាមេរិក ជា​អ្នករៀបចំ​ក្នុង​កិច្ចប្រជុំ​នេះ នឹង​លើកយក​ប្រធានបទ​មួយចំនួន ដូច​ជាការ​ប្រឈម​នឹង​ផលប៉ះពាល់​គ្រោះមហន្តរាយ ដោយ​អាកាសធាតុ​ការប្រឆាំង​ភេ​វរ​កម្ម សន្តិសុខ​លំហ​សមុទ្រ​។​

​លោក​អគ្គមេបញ្ជាការ ក៏បាន​សំណូមពរ​ឲ្យ​កងទ័ព​សហរដ្ឋអាមេរិក បន្ត​ជួយ​ហ្វឹកហ្វឺន​ឲ្យ​កងយោធពល​ខេមរភូមិន្ទ​បន្តទៀត ដើម្បី​កិច្ចការពារ​សន្តិសុខ​លំហ​សមុទ្រ​ឲ្យ​ទទួលបាន​ជោគជ័យ​ថែមទៀត​។ លោក​អគ្គមេបញ្ជាការ​ក៏បាន​អរគុណ​ផងដែរ ចំពោះ​កងទ័ព​សហរដ្ឋអាមេរិក​ដែល​បាន​យកចិត្តទុកដាក់​ក្នុង​កិច្ចសហប្រតិបត្តិការ រវាង​កងទ័ព​សហរ​ដ្ឋ​អាមេរិក​និង​កងយោធពល​ខេមរភូមិន្ទ ធ្វើ​ឲ្យ​កងយោធពល​ខេមរភូមិន្ទ​ទទួលបាន​បទពិសោធន៍​និង​ចំណេះដឹង​ពី​កងទ័ព​សហរដ្ឋអាមេរិក ៕

ឯកអគ្គរដ្ឋទូត​អាមេរិក សម្តែង​ការគួរសម​លោក​អគ្គមេបញ្ជាកា​រ នៃ​កងយោធពល​ខេមរភូមិន្ទ​

ឯកអគ្គរដ្ឋទូត​អាមេរិក សម្តែង​ការគួរសម​លោក​អគ្គមេបញ្ជាកា​រ នៃ​កងយោធពល​ខេមរភូមិន្ទ​

ឯកអគ្គរដ្ឋទូត​អាមេរិក សម្តែង​ការគួរសម​លោក​អគ្គមេបញ្ជាកា​រ នៃ​កងយោធពល​ខេមរភូមិន្ទ​