ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង « ក្នុង​សម័យ​ប៉ុ​ល ពត យើង​ធ្វើ​ស្រូវ​បាន​ច្រើន តែ​យើង​គ្មាន​សិ​ទ្ឋិ​នឹង​ហូប ​ជា​របប​មួយដែល​វា​មិន​ឱ្យ​​យើង​ហូប ​​ទើប​យើង​ដឹង​ថា គ្រាប់​បាយ​មាន​តម្លៃ​យ៉ាងណា!»  ។ ​លោក​បណ្ឌិត អ៊ុ​ក រ៉ា​ប៊ុ​ន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រ​មា​ញ់​ និង​នេសាទ មាន​ប្រសា​សន៍បែប​នេះ ​ក្នុង​ពី​ធី​បុណ្យដារលាន កាលពីរ​រសៀល​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​ស្ពក​រាជ​ឃុំ អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​អភិបាល អភិបាលរង​ខេត្ត មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធទាំង៣ប្រភេទ សិស្សា​នុ​សិស្ស​ និង​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណជាង​៥០០​នាក់ ។

​លោក​បណ្ឌិត បាន​បន្ត​ថា ពី​ធី​បុណ្យដារលាន ជា​បុណ្យ​ទាក់ទង​ទៅ​នឹង​ជំនឿ​សាសនា ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន តែង​ប្រកាន់ខ្ជាប់​នូវ​ប្រពៃណីនេះ​ជា​រៀង​រាល់​ឆ្នាំ ។ ពី​ធី​បុណ្យដារលាន  ឬបុណ្យ​បោសលាន​នេះ​ ​ដើម្បី​ឧ​ទិ្ទ​ស​ដល់​៤​ចំណុច ​គឺ​​ ១-ខមាទោស​នូវ​អំពើ​ខុសឆ្គង​ទាំងឡាយ​ណា ដែលយើង​ជាក​សិស​ករ បានប៉ះពាល់ដល់​គ្រាប់ ស្រូវ អង្ករ ក្នុង​ពេល​ធ្វើស្រែ និង​ដើម្បី​ឧទ្ទិស​ដល់ព្រះធរណីដែល​លោក​ជួយ​ទ្រទ្រង់ដើម​ស្រូវ​ឱ្យ​​រីក​លូតលាស់​ល្អ​ ​ ២-​​រំ​ឮ​ក​ដល់បុព្វការី​ជនរបស់​​​ដែលបាន​កាប់​គាស់​ព្រៃ​កំ​ពោត ដើម្បី​ធ្វើ​​ស្រែ​ទុកឱ្យ​យើង​ដាំ​ស្រូវ  ​​៣-បួងសួង សែនព្រេន​ដល់​ព្រះ​ភូមិដែល​ជួយ​​​កសិករបាន​សេចក្តីសុខ បង្ក​បង្កើន​ផល​បាន​ល្អ និង​សុំ​ឱ្យ​ឆ្នាំ​ក្រោយ​ៗ​ទៀត​បាន​ផល
ច្រើន និង​​៤-ជា​ការ​ជួបជុំ​គ្នា​សប្បាយ ក្រោយ​ពី​បញ្ចប់​ការ​ធ្វើ​ស្រូវ​ដែល​ខិតខំ​នឿយហត់​ពេញ​មួយ​រដូវ ៕​