លោក ពេជ្រ ស្រស់៖ សីលធម៌​នយោបាយ​កម្ពុជា​ ធ្លាក់ចុះ​ដោយសារ​អ្នកនយោបាយ​ សាបព្រោះ​គ្រាប់ពូជ​លាបពណ៌​

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវនកម្ពុជា នៅថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៦ បានអះអាងថា សីលធម៌នយោបាយ នៅកម្ពុជា ធ្លាក់ចុះខ្លាំងដោយសារ តែអ្នកនយោបាយ ប្រើវិធីសាស្រ្ត បោកបញ្ឆោតរាស្រ្ត និងបានសាបព្រោះនូវ គ្រាប់ពូជលាបពណ៌គ្នា ទៅវិញទៅមក។

លោក ពេជ្រ ស្រស់ បានសរសេរ ក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកថា "ការធ្លាក់ចុះនូវសីលធម៌ នយោបាយនៅកម្ពុជា ដោយហេតុតែអ្នកនយោបាយ បានសាបព្រោះនូវគ្រាប់ពូជលាបពណ៍ ដោយគ្មានការពិត និងបោកបញ្ឆោតរាស្រ្តខ្មែរ តាមគ្រប់រូបភាព ធ្វើអោយពលរដ្ឋ របស់ខ្លួនប្រកាន់នូវបក្សពួកនិយម មិនថ្លឹងថ្លែងពី គោលនយោបាយ និងជំហរដឹកនាំប្រទេស"។

លោកបានសរសេរបន្ថែមថា ជាឧទាហរណ៍ ក្នុងអំឡុងឆ្នាំ ១៩៩៨ ដល់ ឆ្នាំ២០១២ គឺឲ្យតែមាននរណាម្នាក់និយាយអាក្រក់ពីគណបក្ស CPP គឺក្រុម ឬអ្នកគាំ CPP នឹងចោទថាជនអគតិ ឬជនល្ងង់ខ្លៅហើយចាប់ពីឆ្នាំ ២០១២ មកដល់បច្ចុប្បន្នវិញ ឲ្យតែជនណាមួយនិយាយអាក្រក់ ឬរឿងពិតរបស់គណបក្ស CNRP គឺថាក្រុម ឬអ្នកគាំទ្រ CNRP នឹងវាយប្រហាភ្លាមចោទថា ជាជនស៊ីឈ្នួលរបស់បក្សCPP ឬជាអាយ៉ងយួន ម៉្យាងវិញទៀត អោយតែមានអ្នកបើកគណបក្សថ្មី ក្នុងពេលនេះអ្នកទាំងអស់នោះ (អ្នកគាំទ្រ CNRP) តែងតែចោទថាអ្នកស៊ីឈ្នួល ធ្វើនយោបាយ ឬបក្ស CPP បង្កើតដើម្បីបំបែកសម្លេង របស់បក្សខ្លួន។

ក្នុងន័យនេះគឺមេដឹកនាំ គណបក្សនយោបាយ ទាំពីរគ្មានឆន្ទៈបង្ហាត់ ឬដឹកនាំប្រជាពលរដ្ឋ អោយស្គាល់នូវអ្វីទៅហៅថា នយោបាយពិតប្រាកដ ជាពិសេសក្រុមគណបក្ស CNRP ពូកែខាងអាចោទគេ ទាំងគ្មានការពិត ហើយបន្តដើរឃោសនា បោកប្រាស់រាស្រ្តគ្រប់អាណត្តិ បើក្រុមបក្ស CPP វិញពូកែអាខាងចាប់ចង និងបំផ្លាញជាតិឯង។

លោកបានបន្តថា "សួរថាតើពលរដ្ឋខ្មែរមាន ឱកាសទទួលបានវិជ្ជាជីវៈផ្នែកនយោបាយ ពិតប្រាកដបានឬទេ?

ចំលើយ៖ គឺមិនអាចទេព្រោះថា អ្នកដែលទទួលបានសម្លេងគាំទ្រ ពីរាស្រ្តមិនឆ្លើយតបទៅតម្រូវការ របស់រាស្រ្តខ្លួនចង់បាន ជារឿងពិត របស់ក្រុមសង្រ្គោះជាតិទទួលបាន ការគាំទ្រពីរាស្រ្តហើយ បែជាមិនតបស្នងដល់ អ្នកគាំទ្រវិញទេ ថែមទាំងបំផ្លាញនូវក្តីសង្ឃឹម ចុងក្រោយរបស់រាស្រ្តទៅវិញ ហើយយកលេស មិនចេះចប់ ប៉ុណ្ណឹងហើយមិនល្មមទៀត សព្វថ្ងៃកំពុងបន្តនូវអាវប្បធម៌ ដើរបោកបញ្ឆោតរាស្រ្ត ដើម្បីខ្លួនឯងឈានទៅការកាន់អំណាច ការកសាង និងអភិវឌ្ឃន៍ប្រទេសមិនប្រាកដថា ទាល់តែធ្វើជានាយករដ្ឋមន្រ្តី ទើបធ្វើបាននោះទេ ដោយហេតុនៅប្រទេសមួយចំនួន បក្សប្រឆាំងមានសក្កានុពល ជាងបក្សកាន់អំណាចទៅទៀត ផ្ទុយពីកម្ពុជាបក្សសង្រ្គោះជាតិ ប្រឆាំងដើម្បីខ្លួនធ្វើជានាយករដ្ឋមន្រ្តី បើប្រឆាំងបែបបក្សសង្រ្កោះជាតិបែបនេះ គឺកម្ពុជានិងវិនាសហិនហោចមិនខានទេ "។

លោក ពេជ្រ ស្រស់៖ សីលធម៌​នយោបាយ​កម្ពុជា​ ធ្លាក់ចុះ​ដោយសារ​អ្នកនយោបាយ​ សាបព្រោះ​គ្រាប់ពូជ​លាបពណ៌​