ពិធីបុណ្យ​ស្រូវ​អង្ករ​កម្ពុជា ឆ្នាំ​២០១៦ ចាប់ផ្តើម​ហើយ នៅ​រសៀល​ថ្ងៃអាទិត្យ ទី​២៤​មករា​នេះ

ភ្នំពេញ: ​ពិធីបុណ្យ​ស្រូវ​អង្ករ​កម្ពុជា ឆ្នាំ​២០១៦ បានចាប់ផ្តើម​ហើយ នៅ​រសៀល​ថ្ងៃអាទិត្យ ទី​២៤ ខែមករា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ សុខា​ភ្នំពេញ នៅ​ជ្រោយចង្វារ ទល់មុខ​ព្រះបរមរាជវាំង​។ ពិធីបុណ្យ​ស្រូវ​អង្ករ​កម្ពុជា ឆ្នាំ​២០១៦ គឺជា​ផ្នែក​មួយ​នៃ​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ ដែល​ធ្វើឡើង ចាប់ពី​ថ្ងៃទី​២៤ ២៥ និង​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ សុខា​ភ្នំពេញ​។​

​តាម​កម្មវិធី នៅ​រសៀល​ម៉ោង ២ ថ្ងៃទី​២៤​មករា​នេះ ពិធីបុណ្យ​ស្រូវ​អង្ករ​កម្ពុជា ឆ្នាំ​២០១៦ ចាប់ផ្តើម ដោយ​បើក​ឲ្យ​មហាជន​ចូលរួម​ដោយ​សេរី​។ ក្នុងនោះ អ្នកចូលរួម មានឱកាស​ជួប​ជាមួយ​អ្នកជំនាញការ និង​អ្នករកស៊ី ក្នុង​វិស័យ​ស្រូវ​អង្ករ​ជាតិ និង​អន្តរជាតិ ចូលរួម​ទស្សនា​កម្មវិធី​ប្រកួត​ស្រូវ​អង្ករ ប្រចាំ​ប្រទេស​កម្ពុជា ទស្សនាការ​សម្តែង​សិ​ល្បះ និង​របាំ​ជាច្រើន​ប្រភេទ ទាក់ទង​នឹង​វិស័យ​ស្រូវ​អង្ករ ចូលរួម​ប្រកួត​មុខម្ហូប ដែល​ផលិត​ចេញពី​អង្ករ ដោយ​សមាគម​ចុងភៅ ភ្លក់​មុខម្ហូប​ខ្មែរ ជាច្រើន​មុខ​ដោយ​សេរី និង​ដោយ​ឥតគិតថ្លៃ ចូលរួម​ទស្សនា​ការតាំង​បង្ហាញ​អំពី​ខ្សែចង្វាក់​ផលិតកម្ម​ស្រូវ​អង្ករ​ទាំងមូល និង​មានឱកាស ទទួលបាន​ចំណេះដឹង និង​បទពិសោធន៍​ថ្មីៗ ក្នុង​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា​។​

​សេចក្តីប្រកាស​ព័ត៌មាន របស់​សហព័ន្ធ ស្រូវ អង្ករ កម្ពុជា ចុះ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ បង្ហាញថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា សអក នឹង​បង្ហាញជូន​នូវ​ទិសដៅ​អភិវឌ្ឍន៍​វិស័យ​ស្រូវ​អង្ករ​កម្ពុជា សម្រាប់​រយៈពេល ៥ ឆ្នាំ ខាងមុខ នៅក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៤ ២៥ និង​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ សុខា ភ្នំពេញ​។ ពិធី​បើក​កម្មវិធី នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន នា​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦​។​

​សេចក្តីប្រកាស លើកឡើងថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា សអក នឹង​បង្ហាញ​ទិសដៅ​អភិវឌ្ឍន៍​វិស័យ​ស្រូវ​អង្ករ​កម្ពុជា តាមរយៈ​កម្មវិធី កិច្ចពិភាក្សា​ពិគ្រោះ​យោបល់ ទៅលើ​ប្រធានបទ​សំខាន់ៗ ចំនួន ៦ រួមមាន​៖ ១​ពូជ ២​ផលិតកម្ម​ដំណាំ​ស្រូវ ៣​ការ​ទុកដាក់ ( ឃ្លាំង​ស្តុក និង​ម៉ាស៊ីន​ស​ម្ងួ​ត ) ៤ ការទទួល​ឥណទាន ៥​ទីផ្សារ និង​៦ ការត្រៀមខ្លួន​របស់​ក​ម្ពុ​ជា​។​

​សេចក្តីប្រកាស​ដដែល ក៏បាន​គូសបញ្ជាក់ថា អ្នកពាក់ព័ន្ធ​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​ប្រមាណ ៧០០ នាក់ ដែល​រួមមាន តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ សហគមន៍​កសិកម្ម ក្រុមហ៊ុននាំចេញ​អង្ករ ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន​ដឹកជញ្ជូន តំណាង​ដៃគូ​អភិវឌ្ឍន៍ និស្សិត ភ្ញៀវ​ជាតិ និង​អន្តរជាតិ នឹង​ជួបគ្នា នៅក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥​នេះ ដើម្បី​ធ្វើការ​កែច្នៃ និង​ការនាំចេញ​អង្ករ​កម្ពុជា ទៅកាន់​ទីផ្សារ​ពិភពលោក និង​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ទាំងមូល​៕​

ពិធីបុណ្យ​ស្រូវ​អង្ករ​កម្ពុជា ឆ្នាំ​២០១៦ ចាប់ផ្តើម​ហើយ នៅ​រសៀល​ថ្ងៃអាទិត្យ ទី​២៤​មករា​នេះ