ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់់​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ កីឡាករ​ជើង​ខ្លាំង​២​រូប គឺ​វ៉ែន សុវណ្ណ និង​ជ័យ វណ្ណៈ ដែល​គេ​ស្គាល់​ជា​កីឡាករ​ល្បីឈ្មោះ​ទាំង​ពីរ និង​មិនសូវ​បាន​ឡើង​រេញ​ញឹកញាប់ បាន​ទទួល​ជោគជ័យ​លើ​គូប្រកួត​ព្រម​គ្នា​នៅ​លើ​សង្វៀន​ដែល​អ្នក​ទាំង​ពីរ​ឡើង​ប្រកួត ។ លទ្ធផល​នេះ ក៏​ពិតជា​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ដែល​យូរ​ៗ​បានឃើញ​ពួក​គេ​ឡើង​រេញ​ម្ដង​ផ្តោត​ការ​កោតសរសើរ​ផង​ដែរ ។

នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ដែល​បាន​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​២៣ មក​រា កីឡាករ​វ៉ែន សុវណ្ណ មក​ពី​ក្លិប​កងកេង​មានរឹទ្ធិ​ខេត្តបាត់ដំបង ត្រូវ​គេ​ផ្គូផ្គង​ឱ្យ​ប៉ះ​ជាមួយ​កីឡាករ​វង្ស ស៊ីវ​ថៃ ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដូច​គ្នា ។ ការ​ប្រកួត​របស់​គូ​នេះ បើ​ទោះជា​ស្ទក់​ដៃជើង​បន្តិច​មែន ប៉ុន្តែ​ក៏​មាន​អ្នក​ទស្សនា​ជក់ចិត្ត​ណាស់​ដែរ ដោយសារ​តែ​ពួក​គេ​ម្នាក់​ៗ​សុទ្ធតែ​ប្រឹងប្រែង​រៀងខ្លួន ហើយ​មិន​បាន​ទុក​ពេលវេលា​ឲ្យ​ទំនេរ​ចោល ។ វង្ស ស៊ីវ​ថៃ ក្នុង​ទឹក​ទី​១ និង​ទី​២ ទទួល​បាន​ឱកាស​មួយ​ចំនួន ក្នុង​ពេល​ដែល​បង្គោល​ខៀវ​វ៉ែន សុវណ្ណ ក៏​មិនសូវ​មាន​សន្ទុះ​ល្អ​សម្រាប់​ការ​ប្រកួត ។

យ៉ាងណា​ក៏​ដោយនៅ​៣​ទឹក​ចុង​ក្រោយ កីឡាករ​ជើង​ចាស់​បាត់​មុខ​យូរ​បង្គោល​ខៀវ បាន​ក្លាយជា​អ្នក​សង្គ្រុប​បាន​ល្អ​ទើប​ធ្វើ​ឲ្យ​គូប្រកួត​ជា​ដៃគូ​ចង់​ត្រដរខ្យល់​ម្ដង​ៗ​។ អ៊ីចឹង​ហើយ​ទើប​ការ​ប្រកួត​ចុង​ក្រោយ គឺ​កីឡាករ​វ៉ែន សុវណ្ណ ជា​អ្នក​ឈ្នះ​ពិន្ទុ បើ​ទោះជា​លទ្ធផល​ដែល​គេ​ទទួល​បាន​ក៏​ត្រូវ​វង្ស ស៊ីវ​ថៃ វាយ​ឲ្យ​ចង់​ខ្ចប់​ម្ដង​ៗ ។ យ៉ាងណាមិញ កីឡាករ​ទាំង​ពីរ​ក៏​ត្រូវ​គេ​ឃើញ​ថា​ហត់​ដង្ហក់​ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​មិន​អាច​រស់​រវើក​បាន​តាំងពី​ដើម​ដល់​ចប់​ដូច​ការ​ប្រកួត​របស់​កីឡាករ​ក្មេង​ៗ​នោះ​ផង​ដែរ​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​អះអាង​ថា បើ​ទោះជា​កីឡាករ​ក្មេង​ៗ​ត្រូវ​អ្នក​ទស្សនា​ផ្ដោត​ការ​គាំទ្រ​ខ្លាំង​ជាង ក៏​លោក​នៅ​តែ​សម្រេច​ផ្គូផ្គង​ឱ្យ​កីឡាករ វ៉ែន សុវណ្ណ ដែល​ជា​ជើង​ចាស់​ម្នាក់​មានឱកាស​បង្ហាញខ្លួន​ដែរ ។ លោក​ថា ដរាបណា​កីឡាករ​ជើង​ចាស់​ម្នាក់​មិន​ទាន់​បញ្ចប់​ការ​ប្រកួត គឺ​សង្វៀន​របស់​លោក​នឹង​នៅ​តែ​បន្ត​ដាក់​ឱ្យ​ប្រដាល់ តួយ៉ាង​ដូច​ជា​រំលេច​ថ្វីដៃ​របស់​វ៉ែន សុវណ្ណ ឱ្យ​បាន​ឡើង​រេញ​កាលពី​ថ្ងៃ​សៅរ៍​នោះ​ជាដើម ។

យ៉ាងណា​ក៏​ដោយ​លោក​ថា មិន​ហ៊ាន​ផ្គូផ្គង​ដាក់​កីឡាករ​រូប​នេះ ប្រកួត​ជាមួយ​កីឡាករ​ក្មេង​ៗ​ល្អ​នោះ​ទេ ដើម្បី​កុំឱ្យ​ដូច​យក​គោ​ចាស់​មក​បំបាក់​ហើយ​ធ្វើ​ឱ្យ​ការ​បាត់​មុខ​របស់​គេ​ប្រែ​ក្លាយជា​ការ​បំបាក់​ទឹក​ចិត្ត​។ លោក​និយាយ​ថា​៖«​ជា​គោលការណ៍​គឺ​មិន​ថា​កីឡាករ​ចាស់ ឬ​ថ្មី​នោះ​ទេ យើង​ដាក់​ឱ្យ​វាយ​ទាំងអស់ ប៉ុន្តែ​យើង​ត្រូវ​មើល​ដែរ​ទោះ​គាត់​ពី​មុន​ខ្លាំង​កាលណា​សម្រាក​យូរ​គឺ​ដៃជើង​ស្ទក់​ៗ​អស់ហើយ អ៊ីចឹង​ហើយ​យើង​មុន​នឹង​ដាក់ ក៏​ត្រូវ​គិត​ពី​ក្រេ​ឌី​ត​បែប​ហ្នឹង​ផង​ដែរ​មិនមែន​យក​មក​បំបាក់​គ្នា​ទេ​!» ។ លោក​ថា ការ​ផ្គូផ្គង​ឱ្យ​វ៉ែន សុវណ្ណ ប៉ះ​ជាមួយ​វង្ស ស៊ីវ​ថៃ គឺជា​រឿង​សម​ហេតុផល ដោយ​អ្នក​ឈ្នះ​និង​អ្នក​ចាញ់​សុទ្ធតែ​មាន​កម្លាំង​ប្រយុទ្ធ​ប្រហែល​គ្នា​តាំងពី​ដើម​ដល់​ចប់ បើ​ទោះជា​ពួក​គេ​រាង​ចុះ​ខ្សោយកម្លាំង​ស៊ុ​ហ្វ​ជាង​មុន​ក្ដី ។

មិន​ខុស​គ្នា​ដែរ កីឡាករ​ជ័យ វណ្ណៈ ដែល​ជា​ជើង​ចាស់​ម្នាក់​ដែរ ក៏​ទទួល​បានការ​កោតសរសើរ និង​ចាប់អារម្មណ៍​ខ្លាំង​ណាស់​ដែរ​ក្នុង​ការ​ប្រកួត​នៅ​ប៉ុស្ដិ៍​លេខ​៥​ជាមួយ​កីឡាករ​ឈាន រស្មី ដែល​ជា​ជើង​ខ្លាំង​ម្នាក់ ។ ដ្បិតតែ​វ័យ​របស់​គេ​នៅ​ក្មេង មិន​ដូច​គ្នា​នឹង​កីឡាករ​វ៉ែន សុវណ្ណ ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​របស់​គេ​លោត​ខ្លាំង​យូរ​ដែរ​មក​ហើយ គឺ​មិនមែន​ទើបនឹង​ល្បី​ក្នុង​ប៉ុន្មាន​ប្រាវ​ចុង​ក្រោយ​នោះ​ទេ ។ កីឡាករ​រូប​នេះ​ត្រូវ​គេ​កត់​សម្គាល់ថា​បាត់​មុខ​យូរ​សឹង​មិន​មាន​អ្នក​នឹកឃើញ​រូបគេ​ទៀត​ផង ។ អ៊ីចឹង​ហើយ​ទើប​ការ​ឡើង​ប្រកួត​របស់​គេ​ជា​ថ្មី​ជាមួយ​កីឡាករ​ឈាន រស្មី មាន​អ្នក​ចាំ​កត់សម្គាល់​ច្រើន​ថា​គេ​ឈ្នះ​ឬ​យ៉ាងណា ហើយ​ក៏​មាន​អ្នក​អបអរ​ទះដៃ​មិន​តិច​ដែរ​នៅ​ពេល​ឃើញ​កីឡាករ​ជ័យ វណ្ណៈ ដណ្ដើម​បាន​លទ្ធផល​ឈ្នះ​ពិន្ទុ​ក្នុង​ការ​ប្រកួត​៥​ទឹក​ពី​ឈាន រស្មី ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រដាល់​ប្រចាំ​ប៉ុស្ដិ៍​លេខ​៥ ក៏​បាន​អះអាង​ពី​គម្រោង​ដាក់​កីឡាករ​ចាស់​ៗ​បាត់​មុខ​យូរ​ឱ្យ​បាន​ឡើង​ប្រកួត​ដូច​គ្នា​ផង​ដែរ ។ លោក​ថា មិន​ថា​តែ​ជ័យ វណ្ណៈ​នោះ​ទេ គឺ​សូ​ម្បី​តែ​កីឡាករ​ចាស់​ៗ​ដែល​បាត់​មុខ​យូរ​សឹងតែ​មាន​អ្នក​ភ្លេចមុខ​ទាំងស្រុង ក៏​លោក​នឹង​រៀបចំ​ឱ្យ​មានការ​ប្រកួត​នោះ​ដែរ​ឱ្យ​តែ​កីឡាករ​ទាំងនោះ​នៅ​បន្ត​ការ​ប្រកួត​បាន ។ លោក​ថា ជ័យ វណ្ណៈ ដ្បិតតែ​មិនសូវ​បាន​ប្រកួត​ញឹកញាប់​នាំ​ឱ្យ​ស្ទក់​ដៃ​ស្ទក់​ជើង​បន្តិច​មែន ប៉ុន្តែ​លទ្ធភាព​របស់​គេ​នៅ​តែ​ល្អ​ក្នុង​ការ​បំបាក់​កីឡាករ​ឈាន រស្មី ៕