ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្ទឹងត្រែង​ ៖ ជនជាតិ​ឡាវ​ចំនួន​៣​នាក់ ​ក្នុង​ចំណោម​បក្ខពួក​៥​នាក់​ ​ដែល​សង្ស័យ​លួច​ឆ្លង​ដែន​ចូល​មក​ដី​ខ្មែរ​ជាង​៦​គីឡូម៉ែត្រ​ តាម​ច្រក​វ៉ើ​នខា​ម​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ​ ត្រូវ​បាន​នគរបាលវរ​ការពារ​ព្រំដែន​៧០១​ សហការ​ជាមួយ​​នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​​​ ចាប់​ឃាត់​ខ្លួន រួម​ជាមួយ​អាវុធ​កែ​ច្នៃ៤​ដើម ​និង​រំសេវ​មួយ​ចំនួន​ ​កាលពី​​វេលា​ម៉ោង​៩​និង​២៥​នាទី​ថ្ងៃ​ទី​២២ ​មក​រា ​២០១៥ ​នៅ​ចំណុច​អូរ​បី​ ​​ឃុំ​អូរ​ស្វាយ​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​។ ​

​មន្ត្រី​នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​​បាន​ឲ្យ​ដឹង​ថា ​ជនជាតិ​ឡាវ​ដែល​លួច​ចូល​មក​ដី​កម្ពុជា​នោះ​មាន​គ្នា​ទាំង​អស់​​៥​នាក់​ តែ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​៣​នាក់​ ខណៈ​ពួក​គេ​ដើរ​បរបាញ់​សត្វព្រៃ​ ឯ​២​នាក់​ទៀត​​​បាន​រត់គេច​ខ្លួន​ដោយសារ​ពួក​គេ​នៅ​ដាំបាយ​កន្លែង​ផ្សេង​គ្នា ​។

​ក្រោយ​ការ​ឃាត់​ជនជាតិ​ឡាវ​ទាំង​៣នាក់​នេះ​ សមត្ថកិច្ច​ក៏នាំ​​ខ្លួន​​​មក​​​អធិការ​​ដ្ឋាន​នរគបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​​​បាន​រាយការណ៍​បន្ត​ទៅ​លោកស្នងការ​​ខេត្ត ​ហើយ​ក៏​បាន​បន្ត​ផ្តល់​​ព័ត៌មាន​ឲ្យ​ទៅ​អាជ្ញាធរ​ខេត្ត ​មាន​វិធានការ​សម្របសម្រួល​ទៅ​អាជ្ញាធរ​ភាគី​ឡាវ​ ដើម្បី​ស្វែងរក​បងប្អូន​សាច់ញាតិ​មក​ទទួល​ទៅ​វិញ​ក្រោម​ការ​យោគយល់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ​រវាង​ខេត្ត​ទាំង​ពីរ​​​ស្ទឹង​ត្រែង​-​ចម្ប៉ា​សាក់​ ។

​មន្ត្រី​នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​បន្ត​ថា ​ជនជាតិ​ឡាវ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ មាន ​១-​ឈ្មោះ ថាំ​វង់ ផែង ភេទ​ប្រុស ​អាយុ៥០​ឆ្នាំ ២-ឈ្មោះ ​ថង ស៊ី ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ ៣-​ឈ្មោះ ​សុ​គុណ កែវ​ប៉ា​សឺត ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ អ្នក​ទាំង​បី​នាក់​រស់នៅ​ស្រុក​មឿង​ខូង ខេត្ត​ចម្ប៉ាសាក់​ ប្រទេស​ឡាវ​ ។​ ​

​គួរ​បញ្ជាក់​​​ដែរ​ថា ​កាលពី​ថ្ងៃ​ទី​២១​ មក​រា ​២០១៥​ កម្លាំង​នគរបាល​ស្រុក​សៀម​ប៉ា​ង ក៍​បាន​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ចំនួន​២​នាក់​ ​ដើម្បី​​​អប់រំ​ឲ្យ​យល់​ដឹង​អំពី​ច្បាប់ទម្លាប់​នៃ​ការ​ឆ្លង​ដែន ​ហើយក៍​បាន​ដោះ​លែង​ឱ្យ​ត្រឡប់​ទៅ​វិញ ​ដោយសារ​សមត្ថកិច្ច​យល់​ថា​ ពួក​គេ​ឆ្លង​ដែន​​ដើម្បីមក​លេង​បងប្អូន​នៅ​ស្រុក​សៀម​ប៉ា​ង​ ៕​