ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ស្ត្រី​២​នាក់ និង​បុរស​ម្នាក់ បាន​ប្រើ​ល្បិច​ធ្វើ​ជា​ចូល​ទៅ​រក​ទិញ​អីវ៉ាន់​នៅ​ក្នុង​ផ្ទះ​លក់ដូរ​មួយ​កន្លែង បន្ទាប់​មក​ឆ្លៀតពេល​ម្ចាស់ផ្ទះ​ជាប់រវល់​បាន​ធ្វើ​សកម្មភាព​បន្លំ​លួច​យក​កាបូប​លុយ​មួយ​ ដែល​នៅ​ក្នុង​កាបូប​នោះ​ក៏​មាន​កាត​ទូរស័ព្ទ​ចំនួន​១៥២​សន្លឹក​ផង​ដែរ ប៉ុន្តែ​ខណៈនោះ​ត្រូវ​បាន​ម្ចាស់​ឃើញ​ទាន់​ស្រែក​ឆោឡោ និង​ចាប់ខ្លួន​បាន​ប្រគល់​ទៅ​ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង ចំណែក​បក្ខពួក​ម្នាក់​ទៀត​ដែល​ជា​បុរស​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៦ នៅ​ក្នុងផ្ទះ​លក់ដូរ​មួយ​កន្លែង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​ដែល​ត្រូវ​ចាប់ខ្លួន​បាន​នោះ ម្នាក់​ឈ្មោះ យ៉ឹ​ង ស្រី​មុំ អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ម្ដុំ​ផ្សា​រលើ ខេត្ត​ព្រះ​សីហ​នុ ម្នាក់​ទៀត​ឈ្មោះ ឃុន ស្រី​ភ័ក្ត្រ អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ មានស្រុក​កំណើត​ភូមិ​ទឹកថ្លា ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ ក៏​ប៉ុន្តែ​មិនដឹង​ថា​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ​នោះ​មែនឬ​មិនមែន​នោះ​ទេ ព្រោះ​នៅ​ពេល​ដែល​ប៉ូលិស​សាកសួរ ស្ត្រី​ម្នាក់​រូប​នោះ​ឆ្លើយ​ត្រឡប់ត្រឡិន ដោយ​ម្តង​ប្រាប់​ថា​នៅ​ភូមិ​នេះ ម្តង​ថា​នៅ​ភូមិ​នោះ ដោយ​ព្យាយាម​លាក់បាំង​ប្រវត្តិរូប​របស់​ខ្លួន រីឯ​បក្ខ​ពួ​ល​ដែល​រត់គេច​ខ្លួន​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ។

ដោយឡែក​ម្ចាស់ផ្ទះ​រង​គ្រោះ​មានឈ្មោះ សាវ រតនា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ កើតហេតុ​ខាងលើ នៅ​ក្នុង​កាបូប​ដែល​ជនសង្ស័យ​លួច​យក​នោះ​មាន​កាត​ទូរស័ព្ទ​ចម្រុះ​គ្រប់​ប្រព័ន្ធ​គិត​ជា​ទឹកប្រាក់​ជាង​៤០០​ដុល្លារ ព្រមទាំង​ប្រាក់​រៀល និង​ប្រាក់​ដុល្លារ​មួយ​ចំនួន​ទៀត​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​បុរស​ម្ចាស់ផ្ទះ​កំពុង​លក់ដូរ ស្រាប់តែ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៣​នាក់ ស្រី​២​នាក់ និង​ប្រុស​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ទៅ​ឈប់​នៅ​មុខ​ផ្ទះ ។ បន្ទាប់​មក​ជនសង្ស័យ​ដែល​ជា​ស្ត្រី​២​នាក់​នោះ​បាន​ចុះ​ដើរ​សំដៅ​ទៅ​កាន់​កន្លែង​លក់ដូរ ហើយ​បាន​ប្រើ​ល្បិច​រក​ទិញ​អីវ៉ាន់ និង​កាត​ទូរស័ព្ទ និង​ទិញ​ឡេ​លាប​ខ្លួន ។ ខណ​:​នោះ​អ្នកលក់​បាន​ចូល​ទៅ​ក្នុងផ្ទះ​ដើម្បី​យក​ទំនិញ​ឲ្យ ស្រាប់តែ​ក្រុម​ស្ត្រី​សង្ស័យ​បាន​លួច​យក​កាបូប​លុយ និង​កាត​ទូរស័ព្ទ​ក្នុង​នោះ​ដាក់​ចូល​ទៅ​ក្នុង​កាបូបស្ពាយ​របស់​ខ្លួន​ប្រុង​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ក្រឡេក​ឃើញ​ទាន់ ស្រែក​ឆោឡោ និង​ចាប់ខ្លួន​បាន​ទាំង​២​នាក់ ចំណែក​បក្ខពួក​ម្នាក់​ទៀត​ដែល​ជា​បុរស និង​ជា​អ្នក​ឌុ​ប​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ ម្ចាស់ផ្ទះ​បាន​ហៅ​ប៉ូលិស​ឲ្យ​យក​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕