ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​​បាន​កើត​ឡើង​ទាំង​ព្រឹក​បណ្តាល​ឲ្យ​តា​និង​ចៅ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​សន្លប់​នៅ​ក្រោម​រថយន្ត​គួរ​ឲ្យ​សង្វេគ​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៣ ខែមករា ​ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១០ ស្ថិត​នៅ​ភូមិ​ទទា សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ។

សមត្ថកិច្ច​នគ​បាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ឈ្មោះ អ៊ុ​ក សា​រុន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ឡើង​បេះដូង រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ដឹក​ចៅ​ឈ្មោះ ថៃ​ពេជ្រ ភេទ​ប្រុស អាយុ​៤​ឆ្នាំ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង គោលបំណង​ដឹក​ចៅ​ទៅ​រៀន​នៅ​សាលា​បឋម​សិក្សា​វត្ត​ចេក លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​មាន​រថយន្ត​១​គ្រឿង​ម៉ាក Lexus RX300 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ​2AH-6271 បើកបរ​ដោយ​ឈ្មោះ លស់ ម​ន្ថា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​ទទា​ជាមួយ​គ្នា បើករថយន្ត​ចេញពីផ្ទះ​ឡើង​មក​លើ​ថ្នល់ជាតិ រួច​បត់​ស្តាំ​ពី​ជើង​ទៅ​ត្បូង​ស្រប​ទិស​គ្នា​យ៉ាង​លឿន​ក៏​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពីក្រោយ​ពេញទំហឹង រួច​កិន​ពីលើ​ម៉ូតូ​និង​មនុស្ស អូស​ចម្ងាយ​៣​ម៉ែត្រ បណ្តាល​ឲ្យ​ជន​រង​គ្រោះជា​ជីតា​បាក់​កជើង​ស្តាំ បាក់ដៃ​ស្តាំ និង​គ្រេច​ចង្កេះ សន្លប់​នៅ​ក្រោម​រថយន្ត រីឯ​ចៅ​អាយុ​៤​ឆ្នាំ​រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ និង​បាក់ដៃ​ស្តាំ រលាត់​ដងខ្លួន សន្លប់​នៅ​ក្រោម​រថយន្ត​ដែរ ធ្វើ​ឲ្យ​អ្នកស្រុក​មានកា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង និង​នាំ​គ្នា​យក​ឈើ​មក​គាស់​ទាញ​ជន​រង​គ្រោះ​២​នាក់​តា​និង​ចៅ​ចេញពីរ​ខាងក្រោម​រថយន្ត រួច​ហៅ​រថយន្ត​សា​មុ​យ​ដឹក​មក​កាន់​មន្ទី​ពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ តែ​ដោយ​សារ​ចៅ​រង​របួស​ក្បាល​ធ្ងន់ធ្ងរ​ពេក​ត្រូវ​ឪពុក​ម្តាយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​រាជធានី​ភ្នំពេញ​ភ្លាម​ៗ រីឯ​ជីតា​ក្រុម​គ្រូពេទ្យ​បាន​ជួយ​សង្គ្រោះ និង​ធ្វើ​ការ​​វះកាត់​នៅ​មន្ទីរ​ខេត្តស្វាយរៀង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើ​កំណត់ហេតុ និង​យក​មធ្យោបាយ​ទាំង​ម៉ូតូ និង​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង រង់ចាំ​ដោះ​ស្រាយ​គ្នា​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕