ស្លាប់​២​នាក់ របួសធ្ងន់​៣​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ​២​កន្លែង​ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ

ខេត្តបន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​២​កន្លែង​ផ្សេង​គ្នា​នៅ​ក្នុង​ ខេត្តបន្ទាយមានជ័យ បណ្ដាល​ឲ្យ​ស្លាប់​២​នាក់ និង​របួសធ្ងន់​៣​នាក់ ។

ករណី​ទី​១ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ និង​ម៉ូតូ​ បើក​បញ្ច្រាសទិស​គ្នា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ផ្លូវ​ចូល​ អនុ​វិទ្យាល័យ​អូរ​ជ្រៅ (​ផ្លូវ​សុខភាព​) បណ្ដាល​ឲ្យ​របួស​ធ្ងន់​​ ទាំង​សងខាង ។

ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ ចរាចរណ៍​នេះ មាន ១-​ឈ្មោះ ឈិ​ត សុ​ផា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក ឃ្លិ​ក គ្មាន​ស្លាក​លេខ បើកបរ​ពី​កើត​ទៅ​លិច រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត មុខរបរ​កម្មករ ស្នាក់​នៅផ្ទះ​ជួល និង ២-​ឈ្មោះ សុង វ​ណ្ណា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២​ដូច​គ្នា ជិះ​ម៉ូតូ​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ ប៉ៃលិន 1A-6292 បើក​ពី​លិចទៅ​កើត ហើយ​ក៏​បាន​បត់​ចូល​ផ្លូវ​សុខភាព ទើប​បណ្តាល​អោយ​ បុក​គ្នា​គ្រោះថ្នាក់​ទាំង​សងខាង ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​រថយន្ ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​​នៅ​ មន្ទីរពេទ្យ​បង្អែក​ដី​ថ្មី ហើយ​សមត្ថកិច្ច​ក៏​បាន​ចុះ​មក​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ ប៉ែ​ត រង់ចាំ​ដោះស្រាយ​គ្នា​តាម​ នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ។

ករណី​ទី​២ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​ម៉ូតូ កើតឡើង​នៅ​ចំណុច​ភូមិ​កូន​ត្រី ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ​បណ្ដាល​អោយ​ស្លាប់​២​នាក់ និង​របួស​ធ្ងន់​ម្នាក់ ។

លោក ដឹក ប៊ុ​ន​ចាន់ មេ​ប៉ុស្តិ៍​ឃុំ​កូប បានអោយ​ដឹង​ថា ​ជន​រង​គ្រោះក្នុង ​ហេតុការណ៍​គ្រោះ​ថ្នាក់​នេះ​មាន ១-​ឈ្មោះ កី ចាន់​ថា ភេទ​ស្រី អាយុ​២០​ឆ្នាំ (​ស្លាប់​), ២-​ឈ្មោះ វី​សា ភេទ​ប្រុស (​ស្លាប់​) និង ៣-​ឈ្មោះ កី ចាន់​ធា ភេទ​ស្រី អាយុ​២៣​ឆ្នាំ​ រង​របួសធ្ងន់ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​រស់នៅ​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។ ចំណែក​រថយន្ត​បាន​បើក​គេចខ្លួន​បាត់ ៕

ស្លាប់​២​នាក់ របួសធ្ងន់​៣​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ​២​កន្លែង​ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ
ស្លាប់​២​នាក់ របួសធ្ងន់​៣​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ​២​កន្លែង​ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត