សង្គម​ស៊ីវិល​ស្នើ​ក្រសួង​ពាក់ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​វិធី​នៃ​ការ​ផ្ដល់​សេវា​ជូន​ពលរដ្ឋ

ក្រសួង​ពាក់ព័ន្ធ​ចំនួន​២ ប្រកាស​បញ្ចុះ​តម្លៃ​ធ្វើ​ប័ណ្ណ​បើកបរ​យានយន្ត​គ្រប់​ប្រភេទ និង​សេវាកម្ម​មួយ​ចំនួន​ទៀត​ក្នុង​វិស័យ​សាធារណការ និង​ដឹក​ជញ្ជូន។ ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​សាទរ​ចំពោះ​ករណី​នេះ និង​បាន​ស្នើ​អោយ​មន្ត្រី​អនុវត្ត​ប្រកាស​នេះ​ត្រូវ​បំពេញ​តួនាទី​អោយ​បាន​ត្រឹមត្រូវ ចៀសវាង​បង្ក​ការ​លំបាក​ដល់​ពលរដ្ឋ។

មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្នើ​អោយ​ក្រសួង​ពាក់ព័ន្ធ​យកចិត្តទុកដាក់​ចំពោះ​នីតិវិធី​នៃ​ការ​ផ្ដល់​សេវា​ដល់​ពលរដ្ឋ ទើប​អាច​ធានា​បាន​ថា ពលរដ្ឋ​បាន​ទទួល​ការ​បញ្ចុះ​តម្លៃ​នោះ​ពិត​ប្រាកដ។

ការ​លើក​ឡើង​របស់​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​នេះ បន្ទាប់​ពី​ក្រសួង​ចំនួន​២ គឺ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា បាន​រួមគ្នា​ចេញ​សេចក្ដី​ប្រកាស​មួយ ស្ដីពី​ការ​ផ្ដល់​សេវា​សាធារណៈ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។ ក្នុង​នោះ​បាន​កំណត់​បញ្ចុះ​តម្លៃ​ធ្វើ​ប័ណ្ណ​បើកបរ​យានយន្ត និង​កំណត់​រយៈពេល​ក្នុង​ការ​ផ្ដល់​សេវា​ផង។

ការ​ប្រឡង​យក​ប័ណ្ណ​បើកបរ​ទោចក្រយាន​យន្ត ឬ​ម៉ូតូ​ប្រភេទ "ក" មាន​តម្លៃ ៣០.០០០​រៀល។ ការ​ប្រឡង​ឡើង​វិញ​ត្រូវ​បង់ ៥.០០០​រៀល សម្រាប់​ទ្រឹស្ដី និង ៧.៥០០​រៀល​សម្រាប់​ដៃ​ចង្កូត។ ចំណែក​ការ​ប្រឡង​យក​ប័ណ្ណ​បើកបរ​រថយន្ត​ប្រភេទ "ខ" មាន​តម្លៃ ៩០.០០០​រៀល។ ការ​ប្រឡង​ឡើង​វិញ​ត្រូវ​បង់ ២០.០០០​រៀល សម្រាប់​ទ្រឹស្ដី និង ៣០.០០០​រៀល​សម្រាប់​ដៃ​ចង្កូត។ រី​ឯ​ការ​ប្រឡង​ប័ណ្ណ​បើក​បរ​រថយន្ត​ប្រភេទ "គ" និង "ឃ" មាន​តម្លៃ ៩៥.០០០​រៀល ការ​ប្រឡង​ឡើង​វិញ​ត្រូវ​បង់ ២០.០០០​រៀល សម្រាប់​ទ្រឹស្ដី និង ៣៥.០០០​រៀល សម្រាប់​ដៃចង្កូត។ ការ​ប្រឡង​យក​ប័ណ្ណ​បើកបរ​ប្រភេទ "ង" មាន​តម្លៃ ១០០.០០០​រៀល។ ប័ណ្ណ​បើកបរ​ទាំង​នោះ​មាន​សុពលភាព​ពី ៥ ទៅ ១០​ឆ្នាំ ហើយ​រយៈពេល​ផ្ដល់​សេវាកម្ម​គឺ ១០​ថ្ងៃ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា ការ​កំណត់​តម្លៃ និង​រយៈពេល​នៃ​ការ​ផ្ដល់​សេវា​ជា​ការ​ល្អ ប៉ុន្តែ​លោក​នៅ​តែ​បារម្ភ​ពី​បែបបទ​ក្នុង​ការ​ស្នើ​សុំ​សេវា​ទាំង​នោះ ដែល​ជា​​ញឹកញយ​តែង​ស្មុគស្មាញ និង​បង្ក​ការ​លំបាក​ដល់​ពលរដ្ឋ៖ «ខ្ញុំ​ពិនិត្យ​ទៅ​លើ​ទិដ្ឋភាព​២។ ទី​១ គឺ​ឥរិយាបថ​របស់​មន្ត្រី​អ្នក​ផ្ដល់​សេវា និង​ទី​២ គឺ​នីតិវិធី ព្រោះ​កន្លង​មក​ឃើញ​មាន​ការិយាធិបតេយ្យ ដែល​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ងាក​ទៅ​ពឹង​អ្នក​រត់ការ​ដែល​មាន​ប្រសេចប្រសាច​នៅ​តាម​កន្លែង​ផ្ដល់​សេវា​ហ្នឹង។ ឥឡូវ​ឃើញ​ថា មាន​ពាក់​កាត ថា​តើ​ពួក​គាត់​ជា​មន្ត្រី​អ្នក​រត់​ការ ឬ​ជា​ក្រុម​ដែល​អ្នក​ដែល​មាន​ផលប្រយោជន៍ ឬ​អ្នក​ដែល​មាន​សាច់ញាតិ»

មិន​ខុសគ្នា​នេះ​ដែរ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថា ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ដោះស្រាយ​បញ្ហា​ក្នុង​ដំណើរការ​ផ្ដល់​សេវាកម្ម​ទាំង​នោះ​ទេ ពលរដ្ឋ​នៅ​តែ​ជួប​ការ​លំបាក ហើយ​មិន​អាច​ទទួល​បាន​តម្លៃ​ទាប​នៅ​ពេល​ប្រើប្រាស់​សេវា​ទាំង​នោះ​ដូច​រដ្ឋាភិបាល​ផ្ដល់​អោយ​ឡើយ។

លោក យង់ គិមអេង៖ «កាល​ណា​តែ​មាន​ពួក​អ្នក​រត់ការ​ហ្នឹង រឿង​ពុករលួយ​នៅ​តែ​មាន។ កន្លែង​ហ្នឹង​ហើយ​ដែល​រដ្ឋ​ត្រូវ​តែ​ចាត់​វិធានការ​បន្ថែម​ទៀត គឺ​ត្រូវ​រៀបចំ​កន្លែង​មួយ​ដើម្បី​ទទួល​ប្រជាពលរដ្ឋ ហើយ​អោយ​គាត់​ទៅ​ដល់​ដាក់​តែ​កន្លែង​ហ្នឹង​មួយ បំពេញ​បែបបទ​រួច​ហើយ​បង់​លុយ​នៅ​កន្លែង​ហ្នឹង​ទៅ ដល់​គាត់​ទៅ​យក​នៅ​កន្លែង​ហ្នឹង​ដដែល​ទៅ។ គឺ​អោយ​រដ្ឋ​ជា​អ្នក​ធ្វើ​កិច្ចការ កុំ​អោយ​ប្រជាពលរដ្ឋ​គ្នា​អត់​ដឹង​បន្ទប់​គេ​នៅ​ឯ​ណា​ផង​ហ្នឹង ជា​ការ​បង្ក​ការ​ស្មុគស្មាញ​មួយ​ធំ»

ក្រៅ​ពី​បង្ហាញ​ពី​តម្លៃ​ធ្វើ​ប័ណ្ណ​បើកបរ សេចក្ដី​ប្រកាស​របស់​ក្រសួង​ទាំង​២ ក៏​បាន​បង្ហាញ​ពី​តម្លៃ​សេវាកម្ម​ជា​ច្រើន​ទៀត ទាក់ទិន​នឹង​វិស័យ​សាធារណការ និង​ដឹក​ជញ្ជូន រួម​ទាំង​ការ​កាត់​ឈ្មោះ​ម្ចាស់​យានយន្ត និង​ការ​ពិនិត្យ​បច្ចេកទេស​យានយន្ត ឬ​ហៅ​ថា ឈៀក ផង​ដែរ។

ការ​ប្រកាស​ពី​តម្លៃ​ប័ណ្ណ​បើកបរ និង​រយៈពេល​ផ្ដល់​សេវាកម្ម​នេះ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៥ បាន​ប្រកាស​ផ្អាក​ការ​ធ្វើ​ប័ណ្ណ​បើកបរ​យានយន្ត ដើម្បី​ពិភាក្សា​បញ្ចុះ​តម្លៃ និង​លុប​ចោល​ការ​ចំណាយ​ដែល​នាំ​ឲ្យ​ខាតបង់​ប្រាក់កាស​របស់​ពលរដ្ឋ។ កន្លង​ទៅ លោក ហ៊ុន សែន ក៏​បាន​ប្រកាស​លុប​ចោល​ប័ណ្ណ​បើកបរ​ប្រភេទ "ក១" ពោល​គឺ​ចំពោះ​ពលរដ្ឋ​ដែល​បើកបរ​ទោចក្រយានយន្ត​ដែល​កម្លាំង​ម៉ាស៊ីន​ទំហំ​ស៊ីឡាំង​ចាប់​ពី ៤៥ ដល់ ១២៥​សង់ទីម៉ែត្រ​គូប។

ក្នុង​ច្បាប់​ចរាចរ​ផ្លូវ​គោក​ចែង​ថា ប័ណ្ណ​បើកបរ​ប្រភេទ "ក" សម្រាប់​ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត ប្រភេទ "ខ" សម្រាប់​រថយន្ត​ដឹក​អ្នក​ដំណើរ ប្រភេទ "គ" សម្រាប់​រថយន្ត​ដឹក​ទំនិញ ប្រភេទ "ឃ" សម្រាប់​រថយន្ត​ដឹក​អ្នក​ដំណើរ​ធុន​ធំ និង​ប្រភេទ "ង" សម្រាប់​ប្រភេទ​រថយន្ត​មាន​សណ្ដោង​រ៉ឺម៉ក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។