ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តពោធិ៍សាត់​ ៖​ បុរស​ពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ពេល​យប់​សមត្ថកិច្ច​មានការ​សង្ស័យ​​ហៅ​ឈប់​សួរនាំ​​ និង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន២​កញ្ចប់​ធំ​ស្មើនឹង​​៤​កញ្ចប់​តូច ​និង​កា​មេ​រា​សុវត្ថិភាព​​១​គ្រឿង​ ​ក៏​ចាប់​ឃាត់​ខ្លួន​តែ​ម្ដង ​​កាលពីវេលា​ម៉ោង១១​យប់​​ថ្ងៃ​ទី​២៣ ​ខែមករា​ ឆ្នាំ​២០១៦​ នៅ​លើ​ផ្លូវជាតិ​លេខ​៥​ ខាង​មុខ​អធិ​ការ​ដ្ឋាន​នគរបាល​ស្រុក​ក្រគរ​ ។

​លោក​វ​រ​សេនីយ៍​ទោ ឯម រុន អធិការ​នគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្តតាម​បទបញ្ជារ​របស់​លោក​ឧត្តមសេនីយ៍ទោ សា​រុន ចាន់​ធី ស្នងការ​នគរបាល​ខេត្ត​ក្នុង​ការ​ការពារ​សន្តិសុខ​សង្គម​លោក​បាន​ពង្រឹងកម្លាំង​គ្រប់​ប៉ុស្តិ៍ក្នុង​ការ​ចុះ​ល្បាត​តាម​មូលដ្ឋាន​ភូមិ​ឃុំ​ ដើម្បី​រកមុខ​សញ្ញា​ចោរកម្ម ​និង​បទល្មើស​នានា​ ។​ ​

ជនសង្ស័យ​ទាំង​ពីរ​នាក់ ​ម្នាក់ ​ឈ្មោះ​ គឹ​ម ពិចិត្រ ​ហៅ​យ៉ាំ​ង​ហ្គោ​​ ​អាយុ​៣១​ឆ្នាំ​ មាន​ទីលំនៅ​សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់​ និង​ម្នាក់​ទៀត ​ឈ្មោះ​ឃឹម ស័​ក្កិ​សិទ្ធិ​ អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​កែវ​សុវណ្ណ​ក្រោម ​សង្កាត់​បន្ទាយ​ដី​ ក្រុង​ពោធិ៍សាត់​ ។ ​ម៉ូតូ​ដែល​ជនសង្ស័យ​ទាំង​ពីរ​នាក់​ជិះ​ឌុ​ប​គ្នា​នេះ​ម៉ាក​និ​ន​ចារ ​ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FL-3439​ ។​

ជនសង្ស័យ​និង​វត្ថុ​តាង​ ត្រូវ​បាន​សមត្ថកិច្ច​​​កសាង​​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕