ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

បងប្អូន​២​នាក់​បាន​ត្រូវ​សម្លាប់​ក្នុងផ្ទះ​ពួក​គេ​បន្ទាប់​មក​គ្រូបង្រៀន​វ័យក្មេង​ទើប​ហាត់​ការ​២​នាក់​ក៏​ត្រូវ​បាញ់​សម្លាប់​ដែរ កាលពី​ថ្ងៃ​ទី​២២ មក​រា ក្នុង​បរិវេណ​សាលា​មធ្យមសិក្សា DENE នៅ​ក្រុង LA LOCHE ជាទី​ក្រុង​មួយ​ស្ថិត​នៅ​ចម្ងាយ​៨០០​គីឡូម៉ែត្រ ខាងជើង​ទីក្រុង REGINA ទីប្រជុំជន​ខេត្ត SASKATCHEWAN ក្នុង​តំបន់​វាលរាប​ភាគ​កណ្តាល​កា​ណា​ដា ។

នា​ថ្ងៃ​ទី​២៣ មក​រា ប៉ូលិស​ពុំ​បាន​ប្រាប់​អត្តសញ្ញាណ​របស់​ជន​រង​គ្រោះ​ទាំង​៤​នាក់​នោះ​ឡើយ ដោយ​គ្រាន់តែ​រាយការណ៍​ពី​មនុស្ស​ស្លាប់​៤​នាក់ និង​របួស​ច្រើន​នាក់​ប៉ុណ្ណោះ ។

ថ្ងៃ​ទី​២២ មក​រា វេលា​ម៉ោង​១៣​ម៉ោង​ក្នុងស្រុក សិស្សសាលា​រូប​នេះ​បាន​បាញ់ប្រហារ​មុន​ពេល​ត្រូវ​ចាប់ខ្លួន​១៥​នាទី​ក្រោយមក​នៅ​ខាងក្រៅ​វិទ្យាល័យ ។ ជន​នេះ​ត្រូវ​ប៉ូលិស​នាំ​ខ្លួន​ទៅ​សួរ​ចម្លើយ ។ នា​វេលា​ល្ងាច​មនុស្ស​ជា​ច្រើន​រយ​នាក់​បាន​នាំ​គ្នា​សូត្រធម៌​ជូន​វិញ្ញាណក្ខន្ធ បណ្តាជន​រង​គ្រោះ ហើយ​ប៉ូលិស​នា​ព្រឹក​ថ្ងៃ​ទី​២៣ មក​រា បន្ត​ការ​ស៊ើបអង្កេត​ទាំង​ក្នុង​សាលា ទាំង​ក្នុងផ្ទះ​ដែល​ស្ថិត​នៅ​ក្បែរ​សាលា ។

នាយក​រដ្ឋមន្ត្រី​កា​ណា​ដា លោក JUSTIN TRUDEA ពី​ទីក្រុង DAWOS ប្រទេស​ស្វ៊ី​ស​ជា​កន្លែង​លោក​ទៅ​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​សម្តែង​ការ​សោកសៅ​យ៉ាង​ជ្រាលជ្រៅ​របស់​លោក​ចំពោះ​គ្រួសារ​ជន​រង​គ្រោះ ។ លោក​មាន​ប្រសាសន៍​ថា ការ​បាញ់ប្រហារ​ក្នុង​សាលារៀន​មួយ​ជា​សុបិន​យ៉ាង​អាក្រក់​បំផុត ។

អភិបាលក្រុង LA LOCHE លោក REVIN JANVIER អះអាង​ប្រាប់​ទូរទស្សន៍ CTV NEWS ថា ឃាតករ​ជា​យុវជន​ម្នាក់​អាយុ​ក្រោម​២១​ឆ្នាំ ហើយ​គេ​ជា​សិស្ស​វិទ្យាល័យ ៕