ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកណ្តាល ៖ បុរស​២​នាក់​តណ្ហា​ឡើង​ដល់​.​ក​ឃើញ​នារី​ក្រមុំ​វ័យ​១៧​ឆ្នាំ សាច់​.​សខ្ចី​ អង្គុយ​សាសង​ជាមួយ​សង្សារ​នៅ​កន្លែង​ស្ងាត់ ចូល​ទៅ​វាយ​សង្សារ​នាង​ឱ្យ​របួស ហើយ​ចាប់​នាង​លើកដាក់​លើ​ម៉ូតូ​​ដឹក​យក​​ទៅ​រំលោភ​នៅ​លើ​សាលាឆទាន តែ​មិន​បាន​សម្រេច ដោយសារ​តែ​នគរបាល​ទៅ​ជួយ​សង្គ្រោះ​ទាន់ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​ត្បូង​ដំរី ឃុំ​កំពង់ចម្លង ស្រុក​ខ្សាច់កណ្តាល ។ ក្រោយ​ពី​កើតហេតុ​បាន​តែ​មួយ​ថ្ងៃ នៅ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៦ នគរបាល​ស្រុក​ខ្សាច់កណ្តាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឯបក្ខពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ។

មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្តាល​បានឱ្យ​ដឹង​ថា ករណី​ប៉ុនប៉ង​រំលោភ​នេះ នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ភី ភិ​រុណ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន នៅ​ភូមិ​ត្បូង​ដំរី ឃុំ​កំពង់ចម្លង ស្រុក​ខ្សាច់កណ្តាល ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត ដែល​រត់គេច​ខ្លួន​មានឈ្មោះ ម៉ុ​ន សុង​លៀង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។ ចំណែក​នារី​រង​គ្រោះ​មាន​អាយុ​១៧​ឆ្នាំ ។

មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា នៅ​យប់​កើតហេតុ​នោះ កាលពី​វេលា​ម៉ោង​៧​យប់ នារី​រង​គ្រោះ និង​មិត្ត​ប្រុស​ឈ្មោះ លាង មេ​សា អាយុ​១៦​ឆ្នាំ និង​ប្អូនជីដូនមួយ​របស់​នារី​រង​គ្រោះ​ម្នាក់​ទៀត​អាយុ​១០​ឆ្នាំ បាន​ជិះ​ម៉ូតូឌុប​គ្នា​ចេញពីផ្ទះ​ទៅ​ទិញ​ប្រហិត​ហូប​នៅ​ភូមិ​ព្រែក​ដំបង ។ ពេល​ទិញ​ប្រហិត​បាន​ហើយ​ក៏​ច្រក​ថង់​មក​អង្គុយ​ហូប​នៅ​លើ​បង់​ជិត​សាលាឆទាន​មុខ​វត្ត​ត្បូង​ដំរី​ រហូត​ដល់​ម៉ោង​៩​យប់​ថ្ងៃ​ដដែល ។ ពេល​នោះ​ដែរ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ម៉ុ​ន សុង​លៀង និង​ឈ្មោះ ភី ភិ​រុណ បាន​ជិះ​ម៉ូតូឌុប​គ្នា​មក​ពី​ផឹកស៊ី​វិញ ឃើញ​នារី​រង​គ្រោះ​កំពុង​អង្គុយ​លេង​ជាមួយ​មិត្ត​ប្រុស​ឈ្មោះ លាង មេ​សា នៅ​កន្លែង​ស្ងាត់ ពេល​នោះ​ជនសង្ស័យ​ឈ្មោះ ម៉ុ​ន សុង​លៀង បាន​ចុះ​ពីលើ​ម៉ូតូ​ដើរទៅ​វាយ​មិត្ត​ប្រុស​នារី​រង​គ្រោះ​មួយ​ដៃ ហើយ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូឌុប​គ្នា​ចេញ​ទៅ​បាត់​ទៅ មួយសន្ទុះ​ក្រោយមក​ទៀត ជនសង្ស័យ​ទាំង​ពីរ​នាក់​ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញទៀត ឃើញ​នារី​រង​គ្រោះ​នៅ​កន្លែង​ដដែល ពេល​នោះ​ជនសង្ស័យ ម៉ុ​ន សុង​លៀង ក៏​បាន​ស្ទុះ​ទៅ​វាយ​លើ​មិត្ត​ប្រុស​នារី​រង​គ្រោះ​ត្រូវ​ចំនួន​២​ដៃ​ទៀត ហើយ​មិត្ត​ប្រុស​នារី​រង​គ្រោះ​បាន​រត់​ចេញ​ឆ្ងាយ​ពី​នារី​រង​គ្រោះ ។ ពេល​នោះ​ជនសង្ស័យ​ទាំង​២​នាក់​ក៏​បាន​នាំ​គ្នា​ចាប់​នារី​រង​គ្រោះ​លើក​ដាក់​លើ​ម៉ូតូឌុប​ទៅ​កន្លែង​ស្ងាត់​ដល់​សាលាឆទាន​មួយ​នៅ​ភូមិ​ព្រែក​តា​សេក ពេល​នោះ​ជនសង្ស័យ​បាន​ចាប់​អូស​ដៃ​នារី​រង​គ្រោះ​ឡើង​លើ​សាលាឆទាន និង​បាន​គំរាម​កុំឱ្យ​នាង​ស្រែក ព្រម​ទាំង​​នាំ​គ្នា​ចាប់​ស្រាតខោ និង​ដោះ​អាវ​នារី​រង​គ្រោះ បម្រុង​ធ្វើ​សកម្មភាព​រំលោភ ស្រប​ពេល​នោះ​ដែរ​ស្រាប់តែ​នគរបាល​ចេញ​ល្បាត​ទៅ​ដល់ទី​នោះ ធ្វើ​ឱ្យ​ជនសង្ស័យ​ទាំង​២​នាក់​ភ័យ​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់ ហើយ​នគរបាល​ក៏​បាន​សួរនាំ នារី​រង​គ្រោះ​បាន​ប្រាប់​ពី​ហេតុការណ៍ និង​ដាក់​ពាក្យបណ្តឹង​តែ​ម្តង ។

ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ ភី ភិ​រុណ កាលពី​ថ្ងៃ​ទី ២៣ ខែមករា ឆ្នាំ​២០១៦ នាំ​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ។ មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ឈ្មោះ ភី ភិ​រុណ បាន​សារភាព​ថា ខ្លួន​និង​ឈ្មោះ ម៉ុ​ន សុង​លៀង ពិតជា​បាន​ប៉ុនប៉ង​ចាប់រំលោភ​នារី​រង​គ្រោះ និង​បាន​វាយ​ទៅ​លើ​មិត្ត​ប្រុស​នារី​រង​គ្រោះ​ពិតប្រាកដ​មែន ។ ជនសង្ស័យ​ឈ្មោះ ភី ភិ​រុណ ត្រូវ​បាន​នគរបាល​ស្រុក​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕