ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តស្វាយរៀង​ ៖​ ក្មេង​ស្រី​​សិស្ស​សាលា​ម្នាក់​​ខណៈ​ពេល​ចេញពី​សាលា​ដើរ​ជិត​ដល់​ផ្ទះ​ ​ត្រូវ​ក្រុម​ក្មេង​​ស្ទាវ​ជិះ​ម៉ូតូ​ប្រដេញ​គ្នា​​​បុក​ពីក្រោយ​ពេញ​ទំ​ហឹង​​ខ្ទាត​ចម្ងាយ​៣​ម៉ែត្រ​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​សន្លប់​​​បង្ក​ការ​ភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៣ ​មក​រា ​២០១៦​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ​ត្រង់​ចំណុច​ខាងកើត​ស្ពាន​ទន្លៀង​ទី​១​ ចម្ងាយ​៣០០​ម៉ែត្រ​ ស្ថិត​នៅ​ភូមិ​ឃោ​សាង​ សង្កាត់​ស្វាយ​តឿ​ ក្រុង​ស្វាយ​រៀង ។​

​ក្មេង​ស្រី​រង​គ្រោះ ​ឈ្មោះ​ ពុធ​ ស៊ី​ថា ​​អាយុ​១០​ឆ្នាំ​ ​ជា​សិស្ស​ថ្នាក់​ទី​៤​​ នៃ​​សាលា​បឋម​សិក្សា​វត្ត​ខ្ជាយ ​មាន​ទីលំនៅ​ភូមិ​ទន្លៀ​ង​ ឃុំ​រមាំង​ថ្កោល​ ស្រុក​ស្វាយ​ទាប​ ។

​​ម្តាយ​កុមារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ កូនស្រី​គាត់​​ទើប​តែ​ចេញ​​ពី​សាលា​ដើរមក​តាម​ផ្លូវជាតិ​លេខ​១​ជិត​ដល់​ផ្ទះ​​ហើយ​ ស្រាប់តែ​​មាន​ក្រុម​​ក្មេង​ស្ទាវ​ស្រវឹង​ជោកជាំ​​មួយ​ក្រុម​​មាន​គ្នា​៦​នាក់​ ជិះ​ម៉ូតូ​៣​គ្រឿង​ប្រដេញ​គ្នា​​តាម​ថ្នល់​ លុះ​មក​​ដល់​ចំណុច​កើតហេតុ​​ស្រាប់តែ​រេ​ចង្កូត​​​ទៅ​​បុក​​​កូនស្រី​គាត់​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​​ទៅ​លើ​ថ្នល់​ខ្ទាត​ចម្ងាយ​៣​ម៉ែត្រ​​​សន្លប់​នៅ​នឹង​កន្លែង​ ។ រីឯ​ជន​បង្ក​​​ដួល​ម៉ូតូ​​​ក៏​រង​របួស​ដែរ​​ ​តែ​ត្រូវ​​​ក្រុម​ក្មេង​ស្ទាវ​គ្នា​គេ​​ដឹក​តាម​ម៉ូតូ​ទៅ​ផ្ទះ​នៅ​ផ្សារ​ប្រ​សូត្រ​​ដោយ​ទុក​ម៉ូតូ​ចោល​នៅ​កន្លែង​កើតហេតុ​ ។​

​​ក្មេង​ស្រី​​រង​គ្រោះ​ ត្រូវ​​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ​​បង្អែក​ខេត្តស្វាយរៀង​​ ។ ​​ជន​បង្ក​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌលសុខភាព​ឃុំ​កណ្តៀង​រាយ​ស្រុក​ស្វាយ​ទាប ។​

ក្រោយ​កើតហេតុ ​​សមត្ថកិច្ច​នគរ​បាល​​​ខេត្ត​ បាន​វាស់វែង​រួច​យក​ម៉ូតូ​ទៅ​រក្សា​​ទុក​នៅ​កា​រិ​យា​ល័យ​ន​គរ​បាល​ចរាចរណ៍​ខេត្ត​ ដើម្បី​​រង់​ចាំ​ដោះស្រាយ​តាម​ច្បាប់ ៕