ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ​មិត្តភាព​កម្ពុជា​-​ថៃ​ដើម្បី​រំលឹក​ខួប​លើក​ទី​៦៥ ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​រវាង​ក្រុម Borirum ម្ចាស់​ជើង​ឯក​លី​ក​កំពូល​របស់​ថៃ និង​ក្រុម Cambodian All Stars របស់​កម្ពុជា​កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​២៣ មក​រា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ជា​លទ្ធផល​ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​ពីរ​តង់​រយៈពេល​៩០​នាទី​ដោយ​លទ្ធផល​២​ទល់​នឹង​២​រួច​មក គឺ​ក្រុមបាល់ទាត់ Cambodia All Stars របស់​កម្ពុជា បាន​យកឈ្នះ​ក្រុមបាល់ទាត់ Buriram United របស់​ថៃ ដោយ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​៤​ទល់​នឹង​៣ ដូច្នេះ​លទ្ធផល​សរុប​គឺ Cambodia All Stars ៦-៥ Buriram United​។

ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​បាល់ទាត់​នេះ ក៏​មានការ​ចូលរួម​ពី​ប្រមុខ​ការទូត​កម្ពុជា គឺ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង និង​ប្រមុខ​ការទូត​ថៃ គឺ​លោក Tanasak Patimapragorn ផង​ដែរ ។ ចំណែក​ទស្សនិកជន​បាន​ចូល​ទស្សនា​ពេញ​ស្តា​ត​អូ​ឡាំ​ពិ​ក​ដែល​មាន​ចំនួន​មិន​តិច​ជាង​៥​ម៉ឺន​នាក់​នោះ​ទេ ហើយ​សំឡេង​ហ៊ោកញ្ជ្រៀវ ក៏​លាន់ឮ​ឡើង​កក្រើក​ស្តា​ត​ពេល​មានការ​ស៊ុត​ចូល​ទី​ម្តង​ៗ ។

ការ​ប្រកួត​នៅ​ក្នុង​តង់​ទី​១ ក្រុម Borirum  United រកបាន​មួយ​គ្រាប់​នាំមុខ​មុន ដោយ​កីឡាករ Nutnum ជា​ប្រធាន​ក្រុម​នៅ​ក្នុង​ម៉ោង​បន្ថែម ៤៥+២ ។ លុះ​ចូល​តង់​ទី​២ កីឡា​ករ​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​កម្ពុជា ប្រាក់ មុន្នី​ឧត្តម រកបាន​១​គ្រាប់​វិញ​នៅ​នាទី​៦៧ ធ្វើ​ឱ្យ​មាន​សំឡេង​ហ៊ោកញ្ជ្រៀវ​យា​៉​ង​កងរំពង​តែ​ម្តង ។ ប៉ុន្តែ​រំលង​បាន​ប្រហែល​១០​នាទី​ប៉ុណ្ណោះ ខ្សែប្រយុទ្ធ​របស់​ក្រុម Borirum គឺ Diogo ជនជាតិ​ប្រេ​ស៊ី​ល រកបាន​មួយ​គ្រាប់​ទៀត​នៅ​នាទី​ទី​៨៣ ធ្វើ​ឱ្យ​ថៃ​នាំមុខ​កម្ពុជា ២-១ ។

ទោះ​ជាយ៉ាង​ណា​សម្រាប់​ក្រុម Cambodian All Stars នៅ​តែ​រក្សា​ការ​លេង​យ៉ា​ង​ស៊ីសង្វាក់​គ្នា និង​មានការ​យល់ចិត្ត​គ្នា​បំផុត ដោយ​បាន​នាំ​បាល់​ទៅ​លេង​មុខ​ទី​ក្រុម Borirum United ជា​ញឹកញាប់​រហូត​ធ្វើ​ឱ្យ​កីឡាករ​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែល​ទទួល​បាន​បាល់​ពី​មិត្ត​រួម​ក្រុម​នោះ​ទាត់​ដាច់​បារាស​ខ្សែការពារ​ក្រុម Borirum United ជា​ច្រើន​នាក់​ទម្លុះ​សំណាញ់​គូប្រកួត​១​គ្រាប់​នៅ​នាទី​ទី​៩០​នាទី ធ្វើ​ឱ្យ​បញ្ចប់​ការ​ប្រកួត​ទាំង​ពីរ​តង់​ក្រុម​ទាំង​ពីរ​ទទួលលទ្ធផល​ស្មើគ្នា ២-២ ។

នៅ​ក្នុង​ករណី​នេះ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​មិន​បន្ថែម​ម៉ោង​ប្រកួត​១៥​នាទី​ពីរ​ដង​ដូច​មុន​ទៀត​ឡើយ គឺ​សម្រេច​ឱ្យ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​តែ​ម្តង ។ ជា​លទ្ធផល​ក្រុម Cambodian All Stars ធ្វើ​បាន​សម្រេច​រហូត​ដល់​ទៅ​៤​គ្រាប់ ចំណែក​ក្រុម Borirum ធ្វើ​បាន​សម្រេច​តែ​៣​គ្រាប់​ប៉ុណ្ណោះ ។ ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​១១​ម៉ែត្រ​នេះ ខាង​កម្ពុជា​មាន​កីឡាករ ចាន់ វឌ្ឍនាកា​, ឃួ​ន​ឡា បូ​រ៉ា​វី​, គួ​ច សុ​កុ​ម្ភះ និង​ស៊ុន សុវណ្ណ​រិ​ទ្ធី ជា​អ្នក​ធ្វើ​បាន​សម្រេច ឯ​កីឡាករ​សុខ សុវណ្ណ ធ្វើ​មិន​បាន​សម្រេច​ឡើយ ។ ចំណែក​ខាង​ក្រុម​ថៃ​វិញ មាន​កីឡាករ Th eero Thom, Diogo និង Andre Moristz ស៊ុត​បញ្ចូល​ទី​បាន​សម្រេច ឯ​កីឡាករ Andre Tunez Karavit និង Namwiset ធ្វើ​មិន​សម្រេច​ឡើយ ។

បើ​តាម​ការ​ឱ្យ​ដឹង​ក្រុម Borirum United​គឺជា​ក្រុម​ជើងឯក​លី​ក​កំពូល​របស់​ថៃ ដែល​កីឡាករ​របស់​គេ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ហួស​ពី​ការ​ស្មាន ដូច​ជា​ប្រធាន​ក្រុម Nutnum ទទួល​បាន​ប្រាក់ខែ​២​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ ។ មិនតែប៉ុណ្ណោះ ក្រុម​នេះ​ធ្លាប់​បាន​យកឈ្នះ​ក្រុម​សាធារណៈរដ្ឋ​ប្រជាមា​និ​ត​ចិន និង​ក្រុម​កូរ៉េ​ទៀត​ផង ប៉ុន្តែ​ទីបំផុត​បែរជា​មក​ចាញ់​ក្រុម Cambodian All Stars ទៅ​វិញ ។ ការ​យកឈ្នះ​លើ​ក្រុម​ខ្លាំង Borirum  United របស់​ថៃ​លើក​នេះ​បាន​ក្លាយជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​ក្រុមបាល់ទាត់​កម្ពុជា​ហើយ​​វា​ក៏​បង្ហាញ​ឱ្យ​ឃើញ​ថា វិស័យ​កីឡារបស់​កម្ពុជា​កំពុង​រីក​ចម្រើន​ខ្លាំង​ផង​ដែរ ។

 ស្ថិត​ក្នុង​ឱកាស​ដ៏​សប្បាយ​រីករាយ​ជាមួយនឹង​ជ័យជម្នះ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន កោតសរសើរ និង​អបអរសាទរ​ដល់​ក្រុមបាល់ទាត់​កម្ពុជា ដែល​បាន​យកឈ្នះ​ក្រុមបាល់ទាត់​ថៃ​ផង​ដែរ ។ សម្តេច​តេ​ជោ​សែន បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា ៖ «​ខ្ញុំ​សូម​កោតសរសើរ និង​អបអរសាទរ​ដល់​កីឡាករ​បាល់ទាត់​កម្ពុជា ដែល​បាន​ប្រកួត​ឈ្នះ​កីឡាករ​ប្រទេស​ថៃ នៅ​ក្នុង​ការ​ប្រកួត​អបអរសាទរ​រំលឹក​ខួប​លើក​ទី​៦៥ មិត្តភាព និង​ទំនាក់ទំនង​ការទូត កម្ពុជា​-​ថៃ ដែល​មាន​លោក Tanasak Patimapragorn  ឧបនាយករដ្ឋមន្ត្រី​ថៃ និង​លោក ហោ ណាំ​ហុង ឧបនាយករដ្ឋមន្ត្រី​កម្ពុជា តំណាង​ប្រទេស​ទាំង​ពីរ ចូលរួម​នៅ​រាជធានី​ភ្នំពេញ ថ្ងៃនេះ (​ថ្ងៃ​សៅរ៍ ទី​២៣ មក​រា​) ។ ខ្ញុំ​ក៏​សូម​អរគុណ​កីឡាករ​បាល់ទាត់​ប្រទេស​ថៃ ដែល​បាន​មក​ចូលរួម​ប្រកួត​ក្នុង​លក្ខណៈ​មិត្តភាព ថ្ងៃនេះ ។ ខ្ញុំ​សូម​ជូនពរ​ដល់​កីឡាករ​បាល់ទាត់​នៃ​ប្រទេស​ទាំង​ពីរ ជួប​តែ​សំណាងល្អ និង​ទទួល​បាន​ជ័យជម្នះ​ថ្មី​ៗ​ថែម​ទៀត នៅ​ក្នុង​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​លើក​ក្រោយ ។ ខ្ញុំ​សូម​អរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ ដែល​បាន​ចូលរួម​គាំទ្រ​ការ​ប្រកួត​ដែល​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​ការ​ពង្រឹង ពង្រីក​ចំណងមិត្តភាព និង​កិច្ច​សហ​ប្រត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ឱ្យ​ល្អ​រឹង​មាំ​ថែម​ទៀត​» ។

ជាមួយនឹង​ការ​ចូលរួម​អបអរសាទរ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​សរសេរ​បន្ថែម​នៅ​លើ​comment ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា នឹង​ផ្ដល់​ថវិកា​ឧបត្ថម្ភ​ចំនួន​៣៦.០០០​ដុល្លារ​អា​មេ​រិ​ក​ដល់​កីឡាករ និង​ក្រុម​គ្រូបង្វឹក​នៃ​ក្រុម Cambodia All Stars ទាំង​៣៦​នាក់ ។ ដូច្នេះ​ទាំង​កីឡាករ ទាំង​គ្រូបង្វឹក​ម្នាក់​ៗ​ទទួល​បាន​១.០០០​ដុល្លារ​អា​មេ​រិ​ក​។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៦ មក​រា ឆ្នាំ​២០១៦ ក្រុមបាល់ទាត់ Cambodian All Stars របស់​កម្ពុជា ដែល​កីឡាករ​ភាគច្រើន​ស្ថិត​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​យកឈ្នះ​ក្រុម SCG Muangthong United របស់​ថៃ ដោយ​លទ្ធផល​៤​ទល់​នឹង​៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។ ក្រុម SCG Muangthong United ជា​ក្រុមបាល់ទាត់​ឈរ​នៅ​លំដាប់​លេខ​២ របស់​ប្រទេស​ថៃ បន្ទាប់​ពី​ក្រុម Buriram United ៕