ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ព្រិល​បន្ត​ធ្លាក់​យ៉ាង​ខ្លាំង កាលពី​ថ្ងៃ​ទី​២៣ មក​រា នៅ​ភាគ​ខាងកើត​សហរដ្ឋអាមេរិក​ទាំងមូល ដែល​នៅ​ទីនោះ​ព្យុះ​ព្រិល JONAS មាន​រហស្សនាម​ថា SNOWZILLA សម្លាប់​មនុស្ស​យ៉ាងតិច​១៥​នាក់ ហើយ​មនុស្ស​ច្រើន​ពាន់​នាក់​ពុំ​មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់ ។

ព្រិល​ដែល​ធ្លាក់​មិន​ឈប់​ឈរ​ចាប់តាំងពី​ជាង​៣០​ម៉ោង​មក​ហើយ បន្ត​ធ្លាក់​ខ្លាំង​នៅ​តំបន់​មាន​ប្រជាជន​ច្រើន​កុះករ​បំផុត​នៃ​សហរដ្ឋ​អា​មេ​រិ​ក មុន​ពេល​ព្យុះ​នេះ​ចុះ​ខ្សោយកម្លាំង​វិញ​នា​ថ្ងៃ​ទី​២៤ មក​រា ។ មនុស្ស​យ៉ាងតិច​១៥​នាក់​ស្លាប់ ក្នុង​នោះ​៦​នាក់​នៅ​រដ្ឋ​ការ៉ូ​លី​ន​ខាងជើង ៣​នាក់​នៅ​ក្រុង​ញូ​វ​យ៉​ក ២​នាក់​នៅ​រដ្ឋ​វៀជី​នៀ ម្នាក់​នៅ​រដ្ឋ​ម៉ា​រី​ឡែ​ន ២​នាក់​នៅ​រដ្ឋ​កេ​ន​ទុក​គី និង​ម្នាក់​ទៀត​នៅ​រដ្ឋ​អា​កាន់​សាស់ ។

ដោយសារ​ទម្ងន់​ព្រិល​ដែល​មាន​លើស​ពី​៤០​សង្ទីម៉ែត្រ​នៅ​កណ្តាល​ក្រុង​វ៉ា​ស៊ី​ន​តោន នាំ​ឱ្យ​មានការ​ដាច់​ភ្លើង​ក្នុង​ប្រទេស​មួយ​ដែល​បណ្តាញ​អគ្គិសនី​កម្រ​ដាច់​ភ្លើង​ណាស់ ។

បាតុភូត​ឧតុនិយម​មានឈ្មោះ​ថា SNOWZILAR នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន ចរាចរណ៍​រថយន្ត​បឺស និង​មេត្រូ​ត្រូវ​ផ្អាក​ពេញ​មួយ​ចុង​ស​ប្តា​ហ៍​ដោយ​មាន​រថយន្ត​ប៉ូលិស​ប៉ុន្មាន​គ្រឿង​ប៉ុណ្ណោះ នៅ​បើកបរ​តាម​វិ​ថី​នានា​ដែល​ស្ងាត់ជ្រងំ ។ បណ្តា​ព្រ​លាន​យន្តហោះ​តំបន់ ព្រមទាំង​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​បាន​លុប​ចោល​ជើងហោះហើរ​យន្តហោះ​ជា​ច្រើន​ពាន់​ជើង​កាលពី​ថ្ងៃ​ទី​២៣ និង​២៤ មក​រា ។ សរុប​មនុស្ស​ប្រមាណ​៨៥​លាន​នាក់​ត្រូវជា​១​ភាគ​៤ នៃ​ប្រជាជន​អា​មេ​រិ​ក​អាច​រង​ការ​ប៉ះពាល់​ដោយ​ព្យុះ​ព្រិល​នេះ ហើយ​បណ្តា​អាជ្ញាធរ​មូលដ្ឋាន​ស្នើ​ដល់​ប្រជាជន​កុំឱ្យ​ធ្វើ​ដំណើរ​ចេញ​ក្រៅ ហើយ​នៅ​កំ​ដៅ​ខ្លួន​ក្នុងផ្ទះ ។ ព្យុះ​នេះ​ប្រហែលជា​ព្យុះ​ព្រិល​អាក​ក្រក់​ជាងគេ​បំផុត​នៃ​ប្រវត្តិសាស្ត្រ​ក្រុង​ញូ​វ​យ៉​ក ៕