ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តពោធិ៍សាត់ ៖ ​មុខសញ្ញា​ជួញដូរ​​​ថ្នាំញៀន​ ​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ចំនួន​​៧​នាក់​ ​ត្រូវ​បាន​​​នគរបាល​ស្រុក​វាល​វែង​ក្រសោប​បាន​កាលពី​វេលា​ម៉ោង​​៥​និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៦ ​នៅ​ចំណុច​អូរ​កំបោរ​ ស្ថិត​ក្នុងភូមិ​កណ្ដាល​ ឃុំ​អន្លង់​រាប ស្រុក​វាល​វែង​ ​។​

​លោក​វរសេនីយ៍ត្រី ធាង ឡេ​ង អធិការ​នគរបាល​ស្រុក​វាល​វែង​បាន​ឲ្យ​ដឹង​ថា ​​ក្រោយ​ពី​មាន​ភ្នាក់ងារ​សម្ងាត់​ផ្ដល់​ព័ត៌មាន​មក​ថា មាន​មនុស្ស​មួយ​ក្រុម​កំពុង​ពួន​ជក់​ថ្នាំ​ញៀន​នៅ​ក្នុងផ្ទះ​មួយ ​ដែល​ម្ចាស់​ទុក​ចោលក្នុង​ព្រៃ​ម្ដុំ​អូរ​កំបោរ ​។​ ភ្លាម​ៗ​នោះ​កម្លាំង​របស់​លោក​បាន​ចុះ​ទៅ​ព័ទ្ធ​ចាប់​បាន​៧​នាក់ ​ដោយ​រឹបអូស​បាន​វត្ថុ​តាង​​ រួម​មាន​ អាវុធ​អាកា​ស្វាយ​បត់​១​ដើម​ មាន​គ្រាប់​២​គ្រាប់​ ថ្នាំ​ញៀន​​ប្រភេទ​​ម៉ា​ទឹកកក​​៤​កញ្ចប់​ (​ធំ​១កញ្ចប់​ តូច​៣​កញ្ចប់​) ​កាំបិត​តូច​២ កន្ត្រៃ​១ អា​គុយ​០១ និង​ម៉ូតូ​មួយ​គ្រឿង​ ។​

​យុវ​ជនសង្ស័យ​ទាំង​​៧​នាក់​​នេះ មាន ១.ឈ្មោះ​ ​ហ៊ី​ម អ៊ី​ណូ​ ​​អាយុ​២៧​ឆ្នាំ​ ​ជា​ខ្មែរអិស្លាម​ ២.​ឈ្មោះ​ សុខ ពន់​យ៉ា​រី​​ អាយុ​២៣​ឆ្នាំ​ ​ជា​ខ្មែរអិស្លាម​ ៣.ឈ្មោះ​ ​ផុ​ន សី​ម៉ា​ ​​អាយុ​២០​ឆ្នាំ​ ៤.​ឈ្មោះ​ យ៉ូ​ន សុខ​ជា​ ​​អាយុ​២៥​ឆ្នាំ​ ៥.​ឈ្មោះ​ អ៊ឹម សុ​ភី​ ​​អាយុ​១៩​ឆ្នាំ​ ៦.​ឈ្មោះ​ យស ពុទ្ធា​ ​អាយុ​២០​ឆ្នាំ​ និង​៧.​ឈ្មោះ​ ដ​ន ដាំ​ ​អាយុ​១៨​ឆ្នាំ​ ។​ ​ជន​​សង្ស័យ​ទាំង៧​នាក់​រស់នៅ​ភូមិ​ប្រមោយ​ ឃុំ​ប្រមោយ​ ស្រុក​វាល​វែង ​។​

ជនសង្ស័យ​ទាំង​៧​នាក់​ រួម​ជាមួយ​វត្ថុ​តាង​ទាំងអស់​ ​​ត្រូវ​បាន​សមត្ថកិច្ច​​កសាង​​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ​ដើម្បី​ចាត់ការ​​តាម​នីតិវិធី​​​ ៕