ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ការ​វាយប្រហារ​តាម​អាកាស​សម្លាប់​ជន​ស៊ី​វិល​ជាង​៩០​នាក់ រយៈពេល​២​ថ្ងៃ​នៅ​ភាគ​ខាងកើត​ស៊ី​រី ជា​ប្រទេស​ដែល​សហរដ្ឋ​អា​មេ​រិ​ក​ហាក់ដូចជា​រៀបចំ​មូលដ្ឋាន​អាកាសចរណ៍​មួយ ដើម្បី​ពង្រឹង​ការ​តស៊ូ​ប្រឆាំង​ក្រុម​ជី​ហា​ដ រដ្ឋ​អ៊ិ​ស្លា​ម ខណៈ​ការ​ចរចា​សន្តិភាព​នៅ​ស៊ី​រី​ជិត​ចាប់ផ្តើម ។

ការ​ចរចា​ដោយ​ប្រយោល​រវាង​របប​ស៊ី​រី និង​ពួក​ប្រឆាំង​ក្រោម​ការ​ឧបត្ថម្ភ​របស់ អ​.​ស​.​ប តាម​គោលការណ៍​ត្រូវ​ចាប់ផ្តើម​នា​ថ្ងៃ​ទី​២៥ មក​រា ក៏​ប៉ុន្តែ​សមាសភាព​នៃ​គណៈប្រតិភូ​របស់​ពួក​ប្រឆាំង​ហាក់​នៅ​ពុំ​ទាន់​ឯកភាព​យល់​ស្របគ្នា ។ យោង​តាម អ​.​ស​.​ប ថា ការ​ចរចា​នេះ​ប្រហែល​ត្រូវ​លើក​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត ។

យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា បន្ទាប់​ពី​ការ​វាយប្រហារ​តាម​អាកាស​ដែល​សម្លាប់​ជន​ស៊ី​វិល​យ៉ាងតិច​៤៤​នាក់ នៅ​ជិត​ទីក្រុង DEIR EZZOR តំបន់​នេះ​ភាគ​ខាងកើត​ស៊ី​រី កាលពី​ថ្ងៃ​ទី​២៣ មក​រា រង​ការ​វាយប្រហារ​តាម​អាកាស​យ៉ាង​បង្ហូរឈាម​ជា​ថ្មី​ទៀត ។ ជន​ស៊ី​វិល​យ៉ាងតិច​៣០​នាក់​ស្លាប់​នៅ​ភូមិ KHASHAM ដោយសារ​ការ​ទម្លាក់​គ្រាប់បែក​ប្រហែលជា​ដោយ​កង​យន្តហោះ​រុ​ស្ស៊ី ។ ភូមិ KHASHAM ស្ថិត​នៅ​ចម្ងាយ​២០​គីឡូម៉ែត្រ​ពី​ទីក្រុង DEIR EZZOR ដែល​នៅ​ទីនោះ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ធ្វើការ​វាយលុក​មួយ​លើ​បណ្តា​តំបន់​ចុង​ក្រោយ​ទាំងឡាយ​កាន់កាប់​ដោយ​របប​ក្រុង​ដា​ម៉ាស់ ។

ចាប់តាំងពី​ការ​ប្រយុទ្ធ​គ្នា​រវាង​ពួក​ជី​ហា​ដ និង​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​មក ការ​វាយប្រហារ​តាម​អាកាស​របស់​ស៊ី​រី ឬ​របស់​រុ​ស្ស៊ី និង​ការ​ពិឃាត​បណ្តាជន​ស៊ី​វិល និង​ពួក​យុទ្ធ​ជន​ស្និទ្ធ​របប​ស៊ី​រី ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម បណ្តាល​ឱ្យ​បាត់បង់​ជីវិត​មនុស្ស​ជិត​៥០០​នាក់​ហើយ ។ ម្យ៉ាងវិញទៀត ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ឃុំ​ទុក​ជន​ស៊ី​វិល​១៣០​នាក់​ទៀត ជា​ចំណាប់ខ្មាំង​នៅ DEIR EZZOR ។

OSDH អះអាង​កាលពី​ថ្ងៃ​ទី​២០ មក​រា ថា ជន​ស៊ី​វិល​ជាង​១​ពាន់​នាក់​ត្រូវ​ស្លាប់​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី តាំងពី​ចាប់ផ្តើម​អន្តរាគមន៍​របស់​ក្រុង​មូ​ស្គូ ប្រឆាំង​បណ្តា​តំបន់​ពួក​ឧទ្ទាម​នៅ​ស៊ី​រី​ពី​ដំណាច់​ខែកញ្ញា​មក ។

នា​ចុង​ខាងជើង​ស៊ី​រី ក្នុង​តំបន់​ត្រួតត្រា​ដោយ​កងកម្លាំង​ឃើ​ត កងទ័ព​អា​មេ​រិ​កបាន​រៀបចំ​មូលដ្ឋាន​អាកាសចរណ៍​យោធា​មួយ​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​តស៊ូ​របស់​ខ្លួន​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ នេះ​បើ​យោង​តាម​ប្រភព​យោធា និង​សន្តិសុខ​ស៊ី​រី ។

ក្រុង​វ៉ា​ស៊ី​ន​តោន​បាន​បដិសេធ​ការ​ត្រួតត្រា​មូលដ្ឋាន​អាកាសចរណ៍​មួយ​នៅ​ស៊ី​រី តែ​អះអាង​ថា ស្វែងរក​មធ្យោបាយ​នានា ដើម្បី​កែ​លម្អ​ការ​ជួយ​ទ្រទ្រង់​ខាង​ភស្តុ​តាង​ដល់​កងកម្លាំង​របស់​ខ្លួន​មាន​វត្ត​មាននៅ​ស៊ី​រី ។

កងកម្លាំង​ពិសេស​អា​មេ​រិ​កបាន​ចូល​មក​កាន់​ស៊ី​រី​កាលពី​ខែវិច្ឆិកា ដើម្បី​ជួយ​ហ្វឹកហ្វឺន និង​ជួយ​ទ្រទ្រង់​ដល់​ពួក​យុទ្ធ​ជន​ឃើ​ត ដែល​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​នេះ​ជា​ការ​ដាក់​ពង្រាយ​កម្លាំង​ជា​ផ្លូវការ​លើក​ដំបូង​របស់​អា​មេ​រិ​ក​នៅ​ស៊ី​រី ។

ប្រភព​យោធា​ស៊ី​រី​មួយគូ​សបញ្ជាក់​ប្រាប់ AFP ថា ចាប់តាំងពី​៣​ខែ​មក​ហើយ អា​មេ​រិ​កបាន​រៀបចំ​មូលដ្ឋាន​យោធា​មួយ​នៅ RMEILANE ខេត្ត​ហាស់​សាកេ ដោយ​បញ្ជាក់​ថា អ្នក​ជំនាញការ​យោធា​អា​មេ​រិ​កបាន​ចូលរួម​ក្នុង​គម្រោងការ​នេះ ។

យោង​តាម OSDH ថា ព្រ​លាន​យន្តហោះ​នេះ​នៅ​ពុំ​ទាន់​ប្រើប្រាស់​ដោយ​ក្រុមចម្រុះ​ប្រឆាំង​ជី​ហា​ដ​នាំមុខ​ដោយ​អា​មេ​រិ​ក ដើម្បី​ធ្វើការ​វាយប្រហារ​នៅ​ស៊ី​រី​នៅឡើយ ។

ម្យ៉ាងទៀត ជម្លោះ​នៅ​ស៊ី​រី ជា​កម្មវត្ថុ​នៃ​ការ​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​រវាង​ប្រមុខ​ការទូត​រុ​ស្ស៊ី និង​អា​មេ​រិ​ក ។ យោង​តាម​ក្រុង​មូ​ស្គូ​ថា ការ​សន្ទនា​គ្នា​រវាង​លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ និង​លោក​ច​ន ឃ័​រ​រី នោះ​ផ្តោត​ជា​ពិសេស​លើ​ភាព​ចាំបាច់​នៃ​ការ​បង្កើត​គណៈប្រតិភូ​មួយ​ដែល​ជា​តំណាង​ពិតប្រាកដ​របស់​ពួក​ប្រឆាំង ។

ប្រទេស​រុ​ស្ស៊ី​ពុំ​យល់​ស្រប​ឡើយ ចំពោះ​ការ​ជ្រើសតាំង​លោក MOHAMED ALLOUCHE ប្រមុខ​ក្រុម​ឧទ្ទាម​អ៊ិ​ស្លា​ម​និយម​ស្និ​ទ្ធិ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​មួយ គឺ​ក្រុម JAICH AL ISLAM ជា​ប្រមុខ​គណៈប្រតិភូ​របស់​ពួក​ប្រឆាំង​ដោយ​ចាត់​ទុក​ក្រុម​នេះ​ថា​ជា​ក្រុម​ភេរវកម្ម ៕