ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​​ធ្វើ​អត្តឃាត​ដោយ​ចង.ក​សម្លាប់​ខ្លួន​នៅ​នឹង​ដើម​ព្រីងចម្ងាយ​ប្រមាណ៥០​ម៉ែត្រ​ពី​ផ្ទះ​របស់​ខ្លួនបណ្តាលឱ្យ​​មានការ​ភ្ញាក់ផ្អើល​​កាល​ពី​​វេលាម៉ោង​៧​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៦ ​ស្ថិត​ក្នុង​ភូមិ​អង្គ ឃុំ​ពពេល ​ស្រុក​បរិបូរ​ណ៍ ។

​មន្ត្រី​នគរ​បា​ល​មូលដ្ឋាន​បាន​ឱ្យ​ដឹង​​ថា បុរស​រង​គ្រោះ​​​ ឈ្មោះ នៅ ណា​ន់ អាយុ​៣៩​ឆ្នាំ ​​ជា​អ្នក​​ធ្វើស្រែ និង​ធ្វើ​ជាង​ផ្ទះ ចំណែក​ប្រ​ព​ន្ឋ​ឈ្មោះ មុត គឹ​ម​អូ អាយុ​៣៨​ឆ្នាំ ទៅ​ធ្វើ​កម្មករ​នៅ​ភ្នំពេញ គ្រួសារ​នេះ​មានកូន​ស្រី​២​នាក់ ។

សមត្ថកិច្ច​បានដក​​ស្រង់​​សម្តី​សាក្សី​អ្នក​ជិតខាង​​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​បុរស​ខាងលើ​បាន​ត្រឡប់​ពី​ធ្វើផ្ទះ​ឱ្យ​គេ​វិញ ហើយ​ក៏​​​ទិញ​ស្រាស​៥០០​រៀល​មកផឹក រហូត​ដល់​ម៉ោងជាង​៧​យប់ មិន​ទាន់​ឃើញ​ចូល​ដេក​ទៀត​ ​ហើយ​គេ​ក៏​មិនដឹង​ថា បុរស​រូប​នេះ​​ចូល​ដេកឬទៅ​ចង.កពី​ពេល​ណា​ទេ ស្រាប់តែ​ម៉ោងជាង​៧​ព្រឹក​ក៏មាន​ការ​ភ្ញាក់​ផ្អើល​​​ដោយ​សារ​​បុរស​រូប​នេះ​បាន​​ចង.ក​នឹង​ដើមព្រីង​ស្លាប់​បាត់​ទៅ​ហើយ ។ ​​តាម​ការ​អះអាង​របស់​ក្រុម​គ្រួសារ​​ជន​រង​គ្រោះ​​​ថា ​គាត់​មាន​​ជំងឺ​​ស​សៃ​ប្រសាទ​​ ។

ក្រោ​យ​ពី​សមត្ថកិច្ច​​ពិនិត្យ​​និង​ធ្វើ​កោសល្យ​​វិច័យ​រួចមក​ ​​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ចង.ក​​សម្លាប់​​ខ្លួន​ប្រក​ដ​មែន ដោយ​យក​ខ្សែ​នីឡុង​ពណ៌​ខ្មៅ​ចង.ក​ភ្ជាប់​ទៅ​នឹង​ដើម​ព្រីង ហើយ​ក៏​ប្រគល់​សព​​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី  ៕