ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តក្រចេះ ៖ ក្រៅពី​ការ​តាម​ស្រាវជ្រាវ​រក​គល់ឈើ និង​ប្រភព​ឈើ​មាន​ចំនួន​រាប់​ពាន់​ម៉ែត្រគូប ដែល​បាន​បង្ក្រាប​ក្នុង​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ក្នុង​បរិវេណ​របស់​ក្រុមហ៊ុន​ចិន នៅ​ឃុំ​ស្រែ​ជិះ ស្រុក​សំបូរ ទៅ​តាម​បទបញ្ជា​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ដោយ​លទ្ធផល​នៅ​មិន​ទាន់​ដឹង​ថា ទទួល​បាន​យ៉ាងណា​នៅឡើយ ។ កម្លាំង​សមត្ថកិច្ច​ក្រោម​ការ​ដឹកនាំ​ដោយ​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត និង​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បាន​បន្ត​ស្រាវជ្រាវ​រុករក​ឃើញ​គំនរ​ឈើ​ជា​ច្រើន​ផ្សេង​ទៀត ដែល​ស្តុក​នៅ​ក្នុង​ក្រុមហ៊ុន​ចិន​មួយ​ផ្សេង​ទៀត ចម្ងាយ​ផ្ទៃដី​ជាង​៣០​គីឡូម៉ែត្រ​ពី​គ្នា​ក្នុង​ឃុំ​ស្រែ​ជិះ និង​ឃុំ​រលួស​មាន​ជ័យ ស្រុក​សំបូរ​។

គំនរ​ឈើ​អារ​ប្រណីត​ធ្នង់​មានមុខ​កាត់​តូច​ធំ  និង​ឈើ​អារ​ឡាំង​ជ្រុង​ប្រភេទ​សុ​ក្រំ​មាន​ចំនួន​រាប់​ពាន់​កំណាត់​ផ្សេង​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ និង​ធ្វើការ​បង្ក្រាប​នៅ​ល្ងាច​ថ្ងៃ​ទី​២២ មក​រា ២០១៦ ក្រោយ​ពី​មាន​ចុះ​ស្រាវជ្រាវ និង​ទទួល​បាន​សេចក្តីរាយការណ៍​ពី​អ្នក​សារព័ត៌មាន​រួច​មក​។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុ​ន​ថា​ន មេ​បញ្ជា​កងរាជអាវុធហត្ថ​ខេត្ត​នៅ​ថ្ងៃ​ទី​២៤ មក​រា នេះ​។

ឈើ​ប្រណីត​ធ្នង់​មានមុខ​កាត់​តូច​ធំ​មិន​តិច​ជាង​៣​ពាន់​កំណាត់​ត្រូវ​បាន​គេ​រៀបចំ​ជា​ច្រើន​គំនរ​ក្នុង​របៀប​ងាយ និង​លើកដាក់​ឡាន និង​ឈើ​សុ​ក្រំ​មុខកាត់​ធំ និង​វែង​ដែល​បាន​អារ​ឡាំង​ជ្រុង​រួច​ជា​ស្រេច ត្រូវ​ទុក​រាយ​ប៉ាយ​ក្នុង​ព្រៃ និង​ខ្លះ​ត្រូវ​បាន​ដុត តែ​មិន​ទាន់​ឆេះ​អស់ ។ ឈើ​ទាំងនេះ ត្រូវ​បាន​រុករក​ឃើញ​នៅ​ក្នុង​បរិវេណ​ជាប់​ក្បែរ​នឹង​ស្នាក់​ការ​របស់​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ ថា ស៊ី អិន វី (CNV)  មាន​ចម្ងាយ​ជាង​៣០​គីឡូ​មែ​ត្រ ពី​ក្រុមហ៊ុន​ឆាយ​ណា​ឌី​ណា​ម៉ិ​ក (China Dynamic) ដែល​សមត្ថកិច្ច​ទើបតែ​បង្ក្រាប​បាន​ឈើ​ចំនួន​រាប់​ពាន់​ម៉ែត្រគូប កាលពី​ប៉ុន្មាន​ថ្ងៃមុន និង​ត្រូវ​ធ្វើការ​បង្ក្រាប​ទាំងស្រុង​ដូច​គ្នា ។

ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ​ថា ស៊ី អិន វី (CNV) ជា​ក្រុមហ៊ុន​មួយ​មានច្បាប់​វិនិយោគ​សម្បទាន​សេដ្ឋកិច្ច​ដំឡូង​មី​លើ​ផ្ទៃដី​ទំហំ​ជាង​៧​ពាន់​ហិ​កតា នៅ​ក្នុងភូមិ​សាស្ត្រ​ចំនួន​២​ឃុំ គឺ​ឃុំ​រលួស​មាន​ជ័យ និង​ឃុំ​ស្រែ​ជិះ ស្រុក​សំបូរ ខេត្តក្រចេះ​។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ចិន​មួយ​នេះ មិន​មានច្បាប់​ក្នុង​ការ​ឈូស​ឆាយដី​ព្រៃ​សម្បទាន​នោះ​ទេ តែ​ក្រុមហ៊ុន​នេះ​បែរជា​មាន​ឈើ​ប្រណីត និង​ឈើ​អារ​រាប់​ពាន់​កំណាត់​ដាក់​ក្នុង​បរិវេណ​ក្រុមហ៊ុន ដោយ​មិនដឹង​ថា បាន​មកពីណា?

ប្រភព​ព័ត៌មាន​ខ្លះ​បាន​បង្ហើប​ប្រាប់​ថា ឈើ​ទាំង​អស់នេះ មាន​ម្ចាស់​ចំនួន​៣​ម្ចាស់​ធំ នៅ​ក្នុង​ខេត្តក្រចេះ​។ ហើយ​មាន​ឈើ​មួយ​ចំនួន​ធំ​ត្រូវ​បាន​ដឹក​ជញ្ជូន​ចេញ​អស់ពី​តំបន់​នេះ ក្នុង​អំឡុង​ប៉ុន្មាន​ថ្ងៃមុន និង​មាន​យុទ្ធនាការ​បង្ក្រាប​បាន​ធ្វើ​ឡើង​។ 

មិន​អាច​ធ្វើការ​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ទេ ពី​លោក​ទ្រី សុ​ភ័​ក្ក្រ  នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​ដែល​ទើបតែ​ឡើង​កាន់​តំណែង​ថ្មី និង​បាន​បណ្តែតបណ្តោយ​ឲ្យ​មាន​ឈើ​ខុសច្បាប់​រាប់​ពាន់​កំណាត់​លាក់​ក្នុង​ព្រៃ​ក្រុមហ៊ុន ហើយ​ធ្វើ​ដូច​ជា​មិនដឹង​រឿង​ក្នុង​រូបភាព​កន្ទេល​ធំ​បន្លំ​ដេក​បែប​នេះ​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ សាន្ត ប៊ុ​ន​ថា​ន មេបញ្ជាការ​អាវុធហត្ថ​ខេត្តក្រចេះ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មានការ​រុករក​ឃើញ​ឈើ​ទាំងនេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​វាស់វែង និង​កំពុង​តែ​រុករក​បន្ត​៕