អ្នកមាន​ជំនឿ​នាំគ្នា​ទៅរក​បារមី​ឥសីអគ្គី​នេត្រ នៅ​រូងភ្នំ​កំពង់ត្រាច​

Doliprane TVC

​ជា​រៀងរាល់ថ្ងៃ​អ្នក​ជំនឿ​ជិត​ឆ្ងាយ​តែងតែ​នាំគ្នា​ចូលទៅក្នុង​ល្អាង​មួយ​នៃ​ភ្នំ​កំពង់ត្រាច ដែល​ត្រូវ​ឆ្លងកាត់​តាម​រូង​ថ្ម​ងងឹត​មួយ​ដើម្បី​ទៅ​បន់ស្រន់​សុំឱ្យ​រកស៊ី​មានបាន ជាពិសេស​ធ្វើការ​ឆាប់​ឡើង​យសស័ក្តិ​ជាដើម ព្រោះអី​ល្បី​ថា​នៅក្នុង​ល្អាង​ដ៏​អាថ៌កំបាំង​នោះ​មាន​រូបសំណាក​លោកតា​ឥសី​អគ្គី​នេត្រ​ក្រឡេក​ឆេះ ប្រែ​ថា ភ្នែក​ភ្លើង មាន​ឫទ្ធិ​បារមី​ខ្លាំងពូកែ​ណាស់​តាំងពីដើម​រៀងមក ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​រូង​សម្ងាត់​នេះ​ជាទី​ជួបជុំ​នៃ​បារមី​ផ្លូវ​ងងឹត​ទៀតផង ហើយ​បាន​បង្កប់​នូវ​ប្រវត្តិ​រឿងរ៉ាវ​សាវតារ​ជាច្រើន​គួរឱ្យ​ចាប់អារម្មណ៍​បំផុត ។​

អ្នកមាន​ជំនឿ​នាំគ្នា​ទៅរក​បារមី​ឥសីអគ្គី​នេត្រ នៅ​រូងភ្នំ​កំពង់ត្រាច​

​ល្អាង​ភ្នំ​ឥសី​អគ្គី​នេត្រ​ដែល​គេ​ទៅ​បន់ស្រន់​នោះ​ស្ថិតនៅក្នុង​វត្ត​គិរី​សិលា ឃុំ​ដំណាក់​កន្ទួតខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ។ អ្នកស្រុក​នៅ​ទីនោះ​តែងតែ​និយម​ហៅថា​វត្តភ្នំៗ ហើយ​មាន​ច្រកចូល​តាមផ្លូវ​លំ​មួយ​ខ្សែ​ប្រវែង ៥០០ ម៉ែត្រ ត្រង់ចំណុច​ផ្សារ​កំពង់ត្រាច ។ អ្នក​មីង ដួង សុវណ្ណ អ្នកបម្រើ​ព្រះសង្ឃ​នៅក្នុង​វត្ត​នោះ​មានប្រសាសន៍​ឱ្យដឹងថា បើតាម​ជំនឿ​ពី​បុរាណកំពូលភ្នំ​ទាំង ៧ នេ​ត្រូវបាន​គេ​ប្រដូច ឬ ចាត់ទុកជា​សំពៅ និង ខ្លួនសត្វ​នាគ​ដែល​កំពុង​អណ្តែត​កណ្តាល​ផ្ទៃ​បឹង​ល្វឹងល្វើយ ។

អ្នកមាន​ជំនឿ​នាំគ្នា​ទៅរក​បារមី​ឥសីអគ្គី​នេត្រ នៅ​រូងភ្នំ​កំពង់ត្រាច​

អ្នក​ដែល​បានមក​ឃើញ​ផ្ទាំង​ទេសភាព​នេះ​ប្រាកដ​ជាមាន​អារម្មណ៍​ព្រឺ​ខ្ញាកៗ​មិន​ខាន ព្រោះតួ​ភ្នំ​ទាំងនោះ​មាន​បារមី​ស័ក្តិសិទ្ធិ​សណ្ឋិត​ថែរក្សា​នោះ​មិនដឹង​ជាមាន​តាំងពី​ជំនាន់​ណា​មក​ទេ តែ​គេ​គ្រាន់តែ​ដឹងថា​បារមី​ធំ​នៅ​ភ្នំ​នេះ​ជា​ឥសី​អគ្គី​នេត្រ ដែលមាន​រូបសំណាក​តាំងនៅ​ក្នុង​ល្អាង​មួយ​គួរឱ្យ​ញញើត លុះត្រា​តែមាន​អ្នកដឹង ឬ ស្គាល់​នាំទៅ​ទើប​ហ៊ាន​ចូល ។ បើ​មើល​នឹង​ភ្នែក​ភ្នំ​នេះ​ស្ទើរតែ​គ្មាន​ដើមឈើ​ទេ ព្រោះ​តួ​ភ្នំ​ទាំងមូល​សុទ្ធតែជា​ផ្ទាំង​ថ្ម​ផ្គុំ​គ្នា​រដិបរដុប​គ្មាន​ដី​ឡើយ មានតែ​ពពួក​រុក្ខជាតិវល្លិ​វារ​តោង​ប៉ុណ្ណោះ ។ អ្នក​មីង ដួង សុវណ្ណ បាន​បន្ត​ឱ្យដឹងថា កាលពី​សម័យ​សង្គមរាស្ត្រនិយម​នៅ​ភ្នំ​នេះ​មាន​វត្ត​ចំនួន​បី​នៅក្បែរៗ​គ្នា​ដូចជា វត្ត​លោក សង្ឃ​ចិន វត្ត​លោកសង្ឃ​វៀតណាម និង វត្ត​លោកសង្ឃ​ខ្មែរ គឺ​វត្ត​គិរី​សិលា​នេះឯង ។

អ្នកមាន​ជំនឿ​នាំគ្នា​ទៅរក​បារមី​ឥសីអគ្គី​នេត្រ នៅ​រូងភ្នំ​កំពង់ត្រាច​

បច្ចុប្បន្ន​នៅសល់​តែ​វត្ត​ខ្មែរ​គឺ វត្ត​គិរី​សិលា​មួយ វត្ត​ក្រៅពីនេះ​ត្រូវ​បាត់បង់​កាលពី​សម័យរ​បប ប៉ុល ពត ហើយ​មាន​សល់​តែ​ម៉ុង​ខ្មោច​សម្គាល់​ប៉ុណ្ណោះ ។ វត្ត​គិរី​សិលា ស្ថិតក្នុង​ចន្លោះ​ភ្នំ ហើយ​មាន​ព្រះសង្ឃ យាយជី និង តាជី គង់​ធ្វើ​សមណធម៌​ច្រើន​កុះករ​ដែល​កុដិ​នីមួយៗ សង់​អែប​នឹង​ជញ្ជាំង​ភ្នំ ។ មិន​ត្រឹមតែ​បម្រើឱ្យ​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ​ទេ វត្ត​គិរី​សិលា​នេះ​ក៏​ជា​កន្លែង​បែរបន់​ផងដែរ​តាម​ជំនឿ​ព្រហ្មញ្ញសាសនា ដែលគេ​និយម​ជឿ​លើ​បារមី​ឥសី​អគ្គី​នេត្រ​ក្នុង​ល្អាង​សម្ងាត់​នេះ ។ រូប​ឥសី​អគ្គី​នេត្រ និង អាស្រម​នេះ ទើបតែ​កសាង​ដោយ​អ្នក​ជំនឿ​ម្នា​ក់នៅ​ភ្នំពេញ ព្រោះ​កាល ពីមុន​គាត់​មានបំណង​ចង់​ឡើង​យសស័ក្តិ ហើយក៏បានមក​បន់​បារមី​ក្នុង​ល្អាង​ភ្នំ​នេះ​ឱ្យជួយ​ឆាប់​បាន​ឡើង​យសស័ក្តិ ។

មិន​ត្រឹម​ប៉ុណ្ណោះ​គាត់​ថែមទាំង​បាន​សន្យា​ចំពោះ​បារមី​ថា បន្ទាប់ពី​បានសម្រេច​ដូច បំណង​កាលណា​គាត់​នឹង​សាងសង់​រូបលោក​តា​ឥសី អគ្គី​នេត្រ និង អាស្រម​ថ្វាយ ។ ក្រោយពី​បន់ស្រន់ ហើយ​មិនយូរប៉ុន្មាន​គាត់​ក៏បាន​ឡើង​យសស័ក្តិ​ដូច​បំណង​មែន ហើយ​គាត់​ក៏​មិន​ភ្លេច​ពាក្យសន្យា​ដែរ គាត់​បានមក​កសាង​ថ្វាយ​ពិតប្រាកដ​មែន​ដើម្បីលា​មាត់​លា​-​ក ។ មិន​ត្រឹមតែ​គាត់​ម្នាក់​ទេ​នៅមាន​អ្នកផ្សេង​ជាច្រើន​ទៀតដែល​មក​បន់ស្រន់​ឥសី​អគ្គី នេត្រ ហើយ​បាន​ឡើង​យសស័ក្តិ​ដូចជា​គាត់​ដែរ ។ ក្រៅពីនេះ​គេ​អាច​បន់​សុំឱ្យ​រកស៊ី​មានបាន​លក់ដូរដាច់ ប្រឡង​ជាប់ និង ឆាប់​បាន​ឆ្លងដែន​ជាដើម​ផងដែរ ។

អ្នកមាន​ជំនឿ​នាំគ្នា​ទៅរក​បារមី​ឥសីអគ្គី​នេត្រ នៅ​រូងភ្នំ​កំពង់ត្រាច​

​អ្នក​មីង ដួង សុវណ្ណ រៀបរាប់​បន្តទៀតថា តួ​ភ្នំ​កំពង់ត្រាច​នេះ​មាន​រូង​ជាច្រើន​ចំនួន ១១២ រូង ច្រកចូល​ខាងមុខ​ហៅថា មាត់​នាគ ច្រកចេញ ខាងក្រោយ​ហៅថា កន្ទុយ​នាគ ។ រូង​ខ្លួន​នាគ​មានកូន​រូង​បែក​សាខា​ជាច្រើន​ទៀត​គេ​ឱ្យឈ្មោះ​ផ្សេងៗ​ពីគ្នា​ដូចជា រូង​កន្លើត​នាគ រូង​ថ្គាម​នាគ រូង​ស្លឹក ត្រចៀក​នាគ រូង​បំពង់ក​នាគ រូង​ក្រពះ​នាគ រូង​ពោះ វៀន​នាគ រូង​ព្រះអាទិត្យ រូង​ព្រះ​ចន្ទ រូង​ព្រះថោង រូង​ព្រះរៀម និង រូង​ប្រជុំ​សាវតារ​ជាច្រើន​ទៀត ។ រូង​ទាំងអស់នោះ​សុទ្ធតែជា​កន្លែង​ស្នាក់នៅ​នៃ​អ្នក​ត្រង់​បង់បត់ ដែល​សុទ្ធតែជា​ប្រភេទ​ព្រលឹង​វិញ្ញាណ អ្នកផ្លូវ​ងងឹត ។

អ្នកមាន​ជំនឿ​នាំគ្នា​ទៅរក​បារមី​ឥសីអគ្គី​នេត្រ នៅ​រូងភ្នំ​កំពង់ត្រាច​

រូង​នីមួយៗ​នៅតាម​ផ្ទាំង​ថ្ម​មាន​ផុស ចេញ​រូបភាព​ប្លែកៗ​ជាច្រើន​ដូចជា​រូប​ព្រះពុទ្ធ រូប​ព្រះ​ម៉ែ​គង់​ស៊ី​អ៊ី​ម និង រូប​សត្វ​អណ្តើក​ជាដើម ដែល​គេ​គោរពបូជា និង ជឿថា​មាន​បារមី​ស័ក្តិសិទ្ធិ ។ ជាងនេះទៅទៀត​ប្រាក់​ដែល​គេ​ដាក់​បូជា​ក្នុង​អង្ស័ក ឥសី​អគ្គី​នេត្រ​កន្លងមក​មាន​អ្នកលួចយក​ទៅ​ចាយ​ដែរ តែ​ចាយ​មិនបាន​ឡើយ ហើយ​ត្រូវ​បារមី​កាច់​ឱ្យ​ចុកពោះ​ប្រកាច់ប្រកិន តែ​បន្ទាប់ពី​អុជ​ធូប​សុំ ខមាទោស និង យកប្រាក់​មក​សង​វិញ​ទើប​ជាសះស្បើយ ។ ក្រោយៗ​មក​ប្រាក់​ក្នុង​ហោ​បៅ​អង្ស័ក ទាំង​ប៉ុន្មាន​លែងមាន​អ្នក​លួច​ដូច​មុន​ឡើយ ព្រោះតែ​គេ​ខ្លាច​បារមី​ឥសី​អគ្គី​នេត្រ ។

អ្នកមាន​ជំនឿ​នាំគ្នា​ទៅរក​បារមី​ឥសីអគ្គី​នេត្រ នៅ​រូងភ្នំ​កំពង់ត្រាច​

​លោកយាយ អ៊ុយ ស៊ិន ជា​ដូនជី​នៅក្នុង​វត្ត គិរី​សិលា​នេ​បាន​មានប្រសាសន៍​ឱ្យដឹង​ដែរ​ថា ឥសី អគ្គី​នេត្រ​ក្នុង​រូង​ល្អាង​ភ្នំ​នេះ​មាន​បារមី​ពូកែ​ស័ក្តិសិទ្ធិ​ខ្លាំងណាស់​ប្រចាំ​ស្រុក​កំពង់ត្រាច បន់​អ្វី​បាន​ហ្នឹង អ្នកមាន​ជំនឿ​ចេញចូល​មិនសូវ​ដាច់ គ្រាន់តែ​ថ្ងៃ​ខ្លះ​ច្រើន​ថ្ងៃ​ខ្លះ​តិច​ប៉ុណ្ណោះ ។ ថ្ងៃ​សៅរ៍ អាទិត្យ ថ្ងៃ សីល ថ្ងៃបុណ្យ រដូវ​ភ្ជុំបិណ្ឌ ចូលឆ្នាំ​ចិន និង ចូល ឆ្នាំ​ខ្មែរ ជាដើម មាន​អ្នក​មក​បែរបន់​ច្រើនជាងគេ ហើយ​អ្នក​ខ្លះមក​លាបំណន់ ។ លោកតា​ឥសី​អង្គ នេះ​មិន​ត្រឹមតែ​ថែរក្សា​ភ្នំ​ប៉ុណ្ណោះ​ទេ សូម្បីតែ​មច្ឆា​នៅក្នុង​បឹង​ក៏​ថែរក្សា​ដែរ មិន​ឱ្យគេ​នេសាទ​បានឡើយ ។ កន្លងមក​ធ្លាប់មាន​អ្នកអុំទូក​នេសាទ​ក្នុង បឹង​នេះ​នា​ពេលយប់​ធ្លាប់​ឃើញ​សត្វ​ពស់​ធំៗ​ខ្មៅ​ព្រីក​ដេញ​ចឹក​វិះ​នឹង​លិច​ទូក​ទៀតផង ។ ឥឡូវនេះ​លែងមាន​នរណា​ហ៊ាន​ទៀតហើយ ហើយ​គេ​ជឿ ថា​ហេតុការណ៍​លស់​ព្រលឹង​នេះ​ជាការ​ព្រមាន​របស់​បារមី​ម្ចាស់​ភ្នំ​នេះ ៕ កែវ សិលា