មន្ត្រី​បក្ស​កាន់​អំណាច​ថា​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​មាន​ការ​រង្គោះរង្គើ​ផ្ទៃក្នុង

មន្ត្រី​បក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ចាប់​ផ្ដើម​បើក​យុទ្ធនាការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ថ្មី​ទៀត។ ប្រធាន​គណបក្ស​ជំទាស់​ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​អះអាង​ថា គណបក្ស​ប្រឆាំង​នៅ​តែ​មាន​ភាព​រឹងមាំ បើ​ទោះ​ជា​មាន​អ្នក​នយោបាយ​ខ្លះ​ចង់​ពុះ​ច្រៀក​បក្ស​នេះ​ជា​ពីរ​យ៉ាង​ណា​ក្ដី។ ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ មន្ត្រី​បក្ស​កាន់​អំណាច​ឌឺដង​ទៅ​វិញ​ថា បើ​ទោះ​ជា​បក្ស​ប្រឆាំង​មិន​បែកបាក់​ផ្ទៃ​ក្នុង​យ៉ាង​ណា​ក៏ដោយ​ចុះ ក៏​បក្ស​នេះ​បាន​ប្រេះស្រាំ​រួច​ទៅ​ហើយ។

មន្ត្រី​គណបក្ស​ដែល​គ្រប់គ្រង​អំណាច​មើល​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​មាន​ភាព​រង្គោះរង្គើ​ផ្ទៃ​ក្នុង​បក្ស​ជា​បណ្ដើរៗ បើ​ទោះ​ជា​មេដឹកនាំ​គណបក្ស​នេះ​ខំ​អះអាង​ពី​ភាព​ស្អាតស្អំ​ថា ផ្ទៃក្នុង​បក្ស​មិន​ធ្លុះធ្លាយ និង​រកាំរកូស​យ៉ាង​ណា​ក៏ដោយ​ចុះ។

ការ​ថ្លែង​ដូច​នេះ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច ធ្វើ​ឡើង ១​ថ្ងៃ​បន្ទាប់​ពី​ប្រធាន​គណបក្ស​ជំទាស់ គឺ​លោក សម រង្ស៊ី ថ្លែង​នៅ​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​២៣ មករា ទៅ​កាន់​អ្នក​ទ្រាំទ្រ​របស់​ខ្លួន។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ មករា ថា ការ​ពិត​មេដឹកនាំ​គណបក្ស​ក្រៅ​រដ្ឋាភិបាល កំពុង​តែ​ភិតភ័យ​ពី​ជោគវាសនា​គណបក្ស​នេះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។ លោក​បន្ត​ថា ភាព​ប្រេះស្រាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​រួច​មក​ហើយ ដូច​ជា​អ្នកស្រី ឡាក់ សុភាព ដែល​ជា​សមាជិក​គណៈកម្មការ​ផ្ទៃ​ក្នុង​បក្ស ត្រូវ​បក​អាក្រាត​ពី​ភាព​មិន​ចុះសម្រុង​នឹង​គ្នា​នៅ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​បក្ស​ជាដើម។ បន្ថែម​ពី​លើ​នេះ លោក សុខ ឥសាន បន្ត​ថា មាន​សកម្មជន​ជា​ច្រើន​នៅ​តាម​មូលដ្ឋាន បាន​ចាប់​ផ្ដើម​បោះបង់​បក្ស​នេះ​ជា​ហូរហែ​មក​ហើយ ហើយ​មក​ដល់​ពេល​នេះ​ក៏​នៅ​តែ​បន្ត​ទៀត៖ «»។

ពាក់ព័ន្ធ​បញ្ហា​នេះ ប្រធាន​គណបក្ស​ជំទាស់​លោក សម រង្ស៊ី ថ្លែង​តាម​វីដេអូ (Video Conference) ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ខេត្ត​ត្បូងឃ្មុំ ហើយ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក​កាល​ពី​ថ្ងៃ​ទី​២៣ មករា ដោយ​លោក សម រង្ស៊ី និយាយ​ថា គណបក្ស​ប្រឆាំង​នៅ​តែ​ខ្លាំង បើ​ទោះ​ជា​មាន​អ្នក​ចង់​ហែក​គណបក្ស​នេះ​ឲ្យ​ក្លាយ​ជា​ចម្រៀក​ក៏​ពុំ​អាច​ទៅ​រួច​ដែរ។ ម្យ៉ាង​វិញ​ទៀត គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​អាច​ដណ្ដើម​ការ​គាំទ្រ​លើសលប់​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ​នេះ ជាពិសេស​ផ្ទៃ​ក្នុង​បក្ស​នៅ​តែ​រឹងមាំ៖ «»។

លោក សម រង្ស៊ី បញ្ជាក់​ទៀត​ថា មាន​តែ​គណបក្ស​ជំទាស់​ទេ ដែល​អាច​ការពារ​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ និង​ធនធាន​ធម្មជាតិ​ដែល​កំពុង​តែ​បាត់បង់​ទៅ​ហើយ​នេះ​បាន។ ទន្ទឹម​នឹង​នេះ ប្រធាន​គណបក្ស​ជំទាស់​ដែល​កំពុង​មាន​ពិរុទ្ធ​តាម​ផ្លូវ​តុលាការ ក៏​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ធ្វើ​សេចក្ដី​សម្រេច​មួយ​ដ៏​ត្រឹមត្រូវ និង​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ ទើប​អាច​យក​ឈ្នះ​ភាព​អយុត្តិធម៌​បាន៖ «»។

ឆ្លើយ​តប​រឿង​នេះ លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា យល់​ឃើញ​ថា នេះ​ជា​មធ្យោបាយ​អន្ទង​ចិត្ត​រក​ការ​គាំទ្រ​របស់​លោក សម រង្ស៊ី ពី​អ្នក​គាំទ្រ​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត ប្រធាន​គណបក្ស​ប្រឆាំង​ដឹង​ខ្លួន​ថា នឹង​មិន​អាច​ទៅ​រួច​ស្រាប់​ទៅ​ហើយ។ ផ្ទុយ​ទៅ​វិញ អ្វី​ដែល​បក្ស​កាន់​អំណាច​កំពុង​តែ​អនុវត្ត គឺ​ជា​ការ​បម្រើ​ឲ្យ​សេចក្ដី​ត្រូវការ និង​ភាព​ចាំបាច់​របស់​ប្រជាពលរដ្ឋ៖ «»។

លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ចាត់​ទុក​ថា ការ​ឆ្លើយឆ្លង​របស់​អ្នក​នយោបាយ​នេះ នឹង​មិន​ធ្វើ​ឲ្យ​ចំណេញ​អ្វី​ឡើយ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន។ លោក​បន្ត​ថា បើ​សិន​អ្នក​នយោបាយ​នៅ​តែ​ប្រកាន់​គោលការណ៍​យក​ឈ្នះ​តែ​រៀងៗ​ខ្លួន​ដូច​នេះ អ្នក​ដែល​ចាញ់​ហើយ​កាន់​តែ​យ៉ាប់​នោះ គឺ​ប្រជាពលរដ្ឋ​ទៅ​វិញ​ទេ៖ «»។

អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា អ្នក​នយោបាយ​នៅ​តែ​ពុំ​ទាន់​មាន​ភាព​ចាស់​ទុំ​នៅ​ឡើយ បើ​ទោះ​ជា​ប្រទេស​ក្រីក្រ​មួយ​នេះ មិន​ទាន់​មាន​សេដ្ឋកិច្ច​រីកចម្រើន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​បាន​ប្រសើរ​ឡើង​អស់​ជា​ច្រើន​ទសវត្សរ៍​ហើយ​ក៏ដោយ​ចុះ។ ជា​ទម្លាប់​របស់​អ្នក​នយោបាយ​ខ្មែរ ហាក់​ដូចជា​ភ្លេច​ពី​ការ​អភិវឌ្ឍ ហើយ​នៅ​ពេល​មុន​យុទ្ធនាការ​បោះឆ្នោត​មក​ដល់​ វេទិកា​ឌឺដង និង​វាយ​ប្រហារ​គ្នា គេ​តែង​សង្កេត​ឃើញ​ថា បាន​កើត​ឡើង​ស្ទើរ​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។