ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​​​ស្លាប់​នៅ​នឹង​កន្លែង ខណៈ​​​ជិះ​ម៉ូតូត្រូវ​រថយន្ត​​បុក​ពីក្រោយកាល​ពី​វេលាម៉ោង​១​និង​៣០​នាទីរសៀលថ្ងៃ​ទី​២៤ ​មករា ​​២០១៦ នៅ​​លើ​កំណាត់​ផ្លូវ​ជាតិលេខ​៥ ​ស្ថិតនៅ​​ក្នុង​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ។

​មន្ត្រី​នគរបាល​​​ស្រុក​រលាប្អៀរ បាន​ឱ្យ​​ថា ជន​រង​គ្រោះ​ឈ្មោះ តយ ចន្ទី អាយុ៤៧​ឆ្នាំ មាន​ទីលំនៅភូមិ​ចារ​ថ្មី ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ។ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​​ជិះ​ម៉ូតូ​ម៉ាកហុងដា ​ធុន​សេ​១២៥ ​​ពីជើង​ទៅ​ត្បូង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿងម៉ាកហា​យ​ឡែន​ឌ័រ ពណ៌ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2W.0975 ​បើកបរ​ក្នុង​ល្បឿន​លឿន​​វ៉ា​ម៉ូតូ​ជន​រង​គ្រោះ​តែ​វ៉ា​មិន​ផុត​​​ក៏ជ្រុល​​ចង្កូត​​​ទៅ​បុក​ម៉ូតូ​ជន​គ្រោះ​ពីក្រោយ​ប៉ើង​​ធ្លាក់​លើ​កាបូ​រថយន្ត បោក​ផ្ទប់​កញ្ជក់​មុខ​រថយន្ត​ទើប​ធ្លាក់​មក​ដីស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង​ ។ ​ហើយ​អ្នកបើកបរ​រថយន្ត បាន​រត់គេច​ខ្លួន​បាត់​​ស្រមោល​ ។​

​ក្រោយ​ពេល​កើតហេតុ ​​​សមត្ថកិច្ច​បាន​ចុះ​​ពិនិត្យ និង​ធ្វើ​ការ​វាស់វែង​រួច​​រាល់ បាន​ប្រគល់​សព​ជន​រង​គ្រោះទៅឱ្យ​​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​មធ្យោបាយ​ទាំង​២​គ្រឿង ត្រូវ​បានយក​មក​រក្សា​ទុក​នៅ​អធិការ​​​ដ្ឋាន​នគរបាល​ស្រុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ។​

​ករណី​គ្រោះថ្នាក់​​ចរាចរណ៍​ខាងលើ សមត្ថកិច្ច​បាន​និយាយ​ថា គឺ​បណ្តាល​មក​ពី​អ្នកបើកបរ​រថយន្ត បើក​ក្នុងល្បឿន​លឿន ហើយ​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ ៕​