ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ភ្នំស្រួច​ដែល​ទៅ​ទិញ​ទំនិញ និង​ម្ហូបអាហារ​នៅ​ផ្សារ​ត្រែង​ត្រ​យឹ​ង បាន​ស្នើ​ដល់​អាជ្ញាធរ​មេត្តា​ជួយ​ដោះស្រាយ​យក​ផ្លូវ​សាធារណៈ​មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ដោយ​ពួក​គាត់​បាន​ចោទ​ថា​ ម្ចាស់​ផ្សារ​បាន​យក​ទៅ​ធ្វើ​ជា​កន្លែង​ផ្ញើ​កង់ និង​ម៉ូតូ ។

ប្រភព​បាន​ប្រាប់​ថា បញ្ហា​នេះ​កើត​មាន​ច្រើន​ឆ្នាំ​មក​ហើយ មិន​ដែល​ឃើញ​អស់លោក​អាជ្ញាធរ​ណា​ម្នាក់​អើពើ​ដោះស្រាយ​ដើម្បី​អោយ​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ឡើយ ។ គេ​មិនដឹង​ថា តើ​អាជ្ញាធរ​មូលដ្ឋាន​ខ្លាច​អំណាច​ម្ចាស់​ផ្សារ​នេះ ឬ​យ៉ាងណា​ឡើយ បានជា​ម្នាក់​ៗ​ស្ងាត់​ដូច​ចោរលួច​សេះ មិន​ដែល​អើពើ​ទាល់តែ​សោះ បើ​ទោះជា​កន្លង​មក​មានការ​ស្នើ​សុំ​អោយ​ជួយ​ដោះស្រាយ​រឿង​ផ្លូវ​មួយ​ខ្សែ​នេះ​ក្តី ។ ផ្លូវ​ដែល​គេ​រំលោភ​យក​ធ្វើ​ជា​កន្លែង​ផ្ញើ​កង់ និង​ម៉ូតូ​នេះ ស្ថិត​នៅ​ផ្នែក​ខាងជើង​ផ្សារ ហើយ​បាន​ក្លាយជា​កន្លែង​ផ្ញើ​កង់​ម៉ូតូ​យក​លុយ​ចូល​ហោប៉ៅ​បុគ្គល​យ៉ាងច្រើន​ក្រាស់ក្រែល ។

ពាក់​ព័​ន្ឋ​នឹង​ការ​លើក​ឡើង​នេះ​ដែរ លោក ប្រាក់ ប៊ុ​ន​ឡៃ នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រែង​ត្រ​យឹ​ង បានអោយ​ដឹង​ថា​ ផ្សារ​នេះ​ជា​ផ្សារ​ឯកជន​របស់​មេបញ្ជាការ​រង​ភូមិភាគ​៣​ម្នាក់ ហើយ​រឿង​ដែល​គេ​យក​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​មក​ធ្វើ​ជា​កន្លែង​ផ្ញើ​កង់ និង​ម៉ូតូ​នេះ កើត​មាន​ច្រើន​ឆ្នាំ​មក​ហើយ ខាង​លោក​បាន​ត្រឹមតែ​ដឹង ធ្វើ​អ្វី​មិនកើត​ទេ គឺ​មាន​តែ​ឃុំ និង​ស្រុក​ទើប​ដឹង​ច្បាស់ ។

ចំណែកឯ​លោក ពេជ្រ ច​ន្ថា អភិបាលស្រុក​ភ្នំស្រួច បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា រឿង​គេ​យក​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ទៅ​ធ្វើ​ជា​កន្លែង​ផ្ញើ​កង់ និង​ម៉ូតូ​នេះ លោក​មិន​បានដឹង​ឡើយ ដោយ​ដេញ​អោយទៅ​សួរ​លោកស្រី កែវ សុ​ផាត ជា​មេឃុំ​ត្រែង​ត្រ​យឹ​ង​វិញ ហើយ​ក៏​បិទ​ទូរស័ព្ទ​តែ​ម្តង ។

ដោយ​ចង់​ដឹង​នូវ​ការ​ពិត​ថា​រឿង​យ៉ាងណា​នោះ អ្នក​យក​ព័ត៌មាន​«​កោះសន្តិភាព​»​បាន​ទូរស័ព្ទ​ទៅ​លោកស្រី​មេឃុំ​ដើម្បី​សុំ​ការ​ពន្យល់​ពី​រឿង​នេះ​ដែរ តែ​ទូរស័ព្ទ​របស់​គាត់​ជាប់រវល់​រហូត ។

ចំណែក​លោក ឃ​ន ម្ចាស់​ផ្សារ​ត្រែង​ត្រ​យឹ​ង ដែល​រង​នូវ​ការ​ចោទប្រកាន់​ថា យក​ផ្លូវ​សាធារណៈ​មក​ធ្វើ​ជា​កន្លែង​ផ្ញើ​កង់ និង​ម៉ូតូ​នេះ​ដែរ ភ្នាក់ងារ​យើង​បាន​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ដែរ តែ​មិន​មាន​អ្នក​លើក​ទទួល​ឡើយ ។

ប្រជាពលរដ្ឋ​បាន​ធ្វើការ​រិះគន់​ផង​ដែរ​ទៅ​លើ​អាជ្ញាធរ​ស្រុក​ភ្នំស្រួច ដែល​បណ្តែតបណ្តោយ​អោយ​មានកា​រំលោភ​បំពាន​យក​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​មក​ធ្វើ​ជា​កន្លែង​ផ្ញើ​កង់ និង​ម៉ូតូ ដើម្បី​ប្រ​យោ​ជ​ន៏​ខ្លួន និង​បក្ខពួក​ថា សុ​ទ្ឋ​តែ​ក្រុម​ជាមួយ​គ្នា​ទើប​មិន​មានការ​ដោះស្រាយ​យក​ផ្លូវ​មក​ធ្វើ​ជា​សម្បត្តិ​រដ្ឋ​វិញ​បែប​នេះ ។ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត គេ​បាន​បន្ទោស​លោក ពេជ្រ ច​ន្ថា អភិបាលស្រុក​ថា អសមត្ថភាព​ក្នុង​ការ​ដឹកនាំ និង​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ក្នុង​មូលដ្ឋាន​អោយ​បាន​ល្អ​ប្រសើរ ដោយ​បណ្តែតបណ្តោយ​អោយ​មានការ​រំលោភ​បំពាន​យក​ផ្លូវ​របស់​រដ្ឋ​មក​បំរើ​ប្រយោជន៍​បុគ្គល ហើយ​លោក​ឆ្លើយ​ថា​មិនដឹង​ទៅ​វិញ ។ នេះ​ជា​ភាព​កំសោយ​មួយ​ក្នុង​នាម​ជា​អ្នកគ្រប់គ្រង​ហើយ​បែរជា​ឆ្លើយ​ថា​មិនដឹង ដែល​នេះ​គឺជា​ការ​ឆ្លើយ​យករួចខ្លួន​តែ​ប៉ុណ្ណោះ ។

បញ្ហា​នេះ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ទៅ​លោក អ៊ូ សំ​អួន អភិបាលខេត្ត​កំពង់ស្ពឺ ដែល​មនុស្ស​ជា​ច្រើន​កំពុង​តែ​កោតសរសើ​អំពី​ការ​ដឹកនាំ​ប្រកបដោយ​ភាព​រីក​ចំរើន សូម​ជួយ​មាន​ចំណាត់ការ​រឿង​ផ្លូវ​មួយ​ខ្សែ​នេះ​ផង​ទាន ​ចៀសវាង​មានការ​យល់​ច្រឡំ​ថា បាន​ទទួល​លាភសក្ការៈ​ពី​ម្ចាស់​ផ្សារ​ខាងលើ ។ ប្រជាពលរដ្ឋ​ជឿជាក់​ថា លោក​អភិបាល​ខេត្ត​ដ៏​មាន​ប្រជាប្រិយ​នឹង​ចាត់​ក្រុមការងារ​អង្កេត​រឿង​នេះ ហើយ​ដោះស្រាយ​យក​ផ្លូវ​ដែល​គេ​រំលោភ​មក​ធ្វើ​ជា​សម្បត្តិ​រដ្ឋ​វិញ​ជាក់​ជា​មិន​ខាន ៕