កងកម្លាំង​ស៊ីរី​បាន​ត្រួតត្រា​រដ្ឋធានី​នៃ​ខេត្តLatakia ឡើង​វិញ

កងកម្លាំង​ស៊ីរី​បាន​ត្រួតត្រា​រដ្ឋធានី​នៃ​ខេត្តLatakia ឡើង​វិញ

ប្រជាជន​មើល​រណ្តៅ​បង្កឡើង​ពីការ​ទម្លាក់គ្រាប់បែក​ពី​ការវាយប្រហារតាមអាកាស​ដោយ​កងកម្លាំងដែនអាកាស​រុស្ស៊ី​ នៅ​ខេត្ត Idlib ប្រទេស​ស៊ីរី នា​ថ្ងៃទី១២ ខែ​មករា ឆ្នាំ​២០១៦។

កងកម្លាំង​ស៊ីរី​បាន​គ្រប់គ្រង​ទីក្រុងRabia ឡើង​វិញ​ហើយ​នៅ​ថ្ងៃ​អាទិត្យ​នេះ ដោយ​បន្ត​ទទួល​ជ័យ​ជម្នះ​ជា​បន្ត​បន្ទាប់​លើ​ពួកឧទ្ទាម​នៅ​ខេត្ត ឡាតាគៀ (Latakia) នា​ភាគ​និរតី នៃ​ប្រទេស​ស៊ីរី។

ទីក្រុងRabia មាន​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ ភាគ​ខាងត្បូង​ព្រំដែន​តួកគី។ ទីក្រុង​នេះ គឺ​ជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​ជាង​១០ទៀត ដែល​រដ្ឋាភិបាល​និយាយ​ថា កងកម្លាំង​របស់​ខ្លួន​បាន​ត្រួតត្រា​នៅក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​ស៊ីរី​មួយ ឈ្មោះ​ Syrian Observatory for Human Rights ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អង់គ្លេស និយាយ​ថា កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​មាន​ជំនួយ​ពី​កងទ័ព​អាកាស​រុស្សី និង​ជំនួយ​យុទ្ធសាស្ត្រ​ពី​មន្ត្រី​យោធា​រុស្សី​ផង​ដែរ។

នៅ​ប៉ែក​ខាង​កើត​ប្រទេស​ស៊ីរី ក្រុម ​Syrian Observatory for Human Rights បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​យន្ត​ហោះ​ចម្បាំង​រុស្សី ​និង​ស៊ីរី បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១៦៤នាក់ នៅ​ខេត្ត Deir Ezzor ក្នុង​រយៈពេល​បី​ថ្ងៃ​ចុងក្រោយ​នេះ។ អ្នក​ស្លាប់​ទាំង​នោះ រួម​ទាំង​ក្មេង​ចំនួន​៤៣​នាក់​នៅ​ក្នុង​ទី​ប្រជុំជន​ចំនួន​៤​ផ្សេងៗ​គ្នា​ផង​ដែរ។​

ក្រុមObservatory ដដែល​នេះ​ក៏​បាន​រាយការណ៍​ដែរ​ថា​ មាន​មនុស្ស​ស្លាប់​ចំនួន​៤៤​នាក់ ពី​ការ​វាយប្រហារ​តាម​អាកាស​របស់​រុស្សី​ និង​ស៊ីរី​នៅ​ទីក្រុងRaqqa ​ជា​ទីក្រុង​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ស៊ីរី ដែល​ជា​រដ្ឋធានី​បណ្ដោះអាសន្ន​របស់​ក្រុម​រដ្ឋ​ឥស្លាម​៕