កម្មករ​រោងចក្រ​នៅ​ស្រុក​អង្គស្នួល​​ទាមទារ​បើក​ប្រាក់ខែ​ក្រោយ​ថៅកែ​រត់​ចោល

កម្មករ​នៅ​រោងចក្រ ធាន ធាន នៅ​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល នៅ​តែ​ទទូច​សុំ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​កិច្ច​អន្តរាគមន៍​ជួយ​បើក​ប្រាក់​ឈ្នួល​ដល់​ពួក​គាត់ បន្ទាប់​ពី​ថៅកែ​រត់​ចោល​យូរ​មក​ហើយ។ មន្ត្រី​ការងារ​ខេត្ត​បញ្ជាក់​ថា បញ្ហា​នេះ គឺ​នៅ​រង់ចាំ​ការ​សម្រេច​ពី​តុលាការ។

កម្មករ​ជិត ៣០​នាក់ នៅ​រោងចក្រ ធាន ធាន ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​រោងចក្រ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មករា ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះស្រាយ ទូទាត់​ប្រាក់ខែ​ដល់​ពួក​គាត់ ដែល​ថៅកែ​រត់​ចោល​ជិត ៦​ខែ​មក​ហើយ។

ស្ត្រី​អ្នក​ដាំ​បាយ​នៅ​រោងចក្រ ធាន ធាន មួយ​រូប​ឈ្មោះ ច្រុល ម៉េន ត្អូញត្អែរ​ថា ពួក​លោកស្រី​រង់ចាំ​ដំណោះស្រាយ​ច្រើន​ខែ​ហើយ៖ «យើង​ខ្ញុំ​តែង​តែ​អំពាវនាវ​ទៅ​ដល់​តុលាការ​ជួយ​ដោះស្រាយ ព្រះរាជអាជ្ញា​អី​គាត់​អត់​មាន​ដោះស្រាយ​ឱ្យ​ពួក​យើង​ខ្ញុំ​បាន​ចេញ​ទេ។ ពួក​ខ្ញុំ​សុទ្ធ​តែ​ជា​អ្នក​ទីទាល់ក្រ ហើយ​បាន​មក​ធ្វើការ​នេះ។ ឥឡូវ​ខ្ញុំ​មាន​តែ​ម្រាម​ដៃ​ដប់ ខ្ញុំ​លើក​ប្រណម​ទៅ​ដល់​សម្ដេច​នាយករដ្ឋមន្ត្រី សូម​ជួយ​ពួក​ខ្ញុំ​ដើម្បី​លៃ​យ៉ាង​ម៉េច​ជំរុញ​ទៅ​ខាង​តុលាការ​ឱ្យ​ចេញ​ដោះស្រាយ​គ្រឿង​ម៉ាស៊ីន​ពួក​ខ្ញុំ ព្រោះ​សម្ភារៈ​របស់​កម្មករ​យើង​ខ្ញុំ​មាន​ទាំង​អស់​ អាច​ដោះស្រាយ​ឱ្យ​ពួក​ខ្ញុំ​បាន​ហើយ។ ពួក​ខ្ញុំ​តែ ១៦៤​នាក់​ទេ»

ប្រធាន​សហព័ន្ធ​សហជីព​សាមគ្គី​ឯករាជ្យ និង​ប្រជាធិបតេយ្យ លោក យ៉ង់ ផាន្នី ថ្លែង​បញ្ជាក់​ថា រោងចក្រ ធាន ធាន បិទ​ទ្វា​ចាប់​តាំង​ពី​ខែ​សីហា ឆ្នាំ​២០១៥ ដោយ​ដោយសារ​ថៅកែ​រត់​ចោល និង​មិន​មាន​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​បើក​ប្រាក់ខែ​ជូន​កម្មករ៖ «ព្រឹក​មិញ​ហ្នឹង គាត់​បាន​ជួបជុំ​គ្នា​ធ្វើ​ជា​វីដេអូ​ឃ្លិប ដើម្បី​សំណូមពរ​សល់​នាយករដ្ឋមន្ត្រី ឱ្យ​អន្តរាគមន៍​ពន្លឿន​រឿង​ហ្នឹង ដោយសារ​តែ​ឥឡូវ​វា ៥ ឬ​ ៦​ខែ​ហើយ។ និយាយ​ទៅ​រោងចក្រ​ហ្នឹង​មាន​លក្ខណៈ សាប់ ខន់ត្រាក់ (Sub-contractor) លក្ខណៈ​តូច និយាយ​ទៅ​វា​ជួល​គេ។ កម្មករ​តែ ១៦៤​នាក់​ទេ។ គាត់​អត់​បាន​បើក​ប្រាក់​ហ្នឹង តាំង​ពី​ខែ ៧។ អា​នេះ​វា​អត់​ស្ថិត​នៅ​ក្នុង​សមាគម​និយោជក​ផង វា​អត់​ចូល​ជា​សមាជិក វា​ដូច​ជា​បើក​លួច​លាក់​អ៊ីចឹង»

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កណ្ដាល លោក ថុល លាង មាន​ប្រសាសន៍​ថា ករណី​រោងចក្រ ធាន ធាន ដែល​ថៅកែ​រត់​ចោល​កម្មករ​នេះ បាន​បញ្ជូន​ដល់​ដៃ​សមត្ថកិច្ច​តុលាការ​ខេត្ត​កណ្ដាល​ហើយ៖ «សំខាន់​យើង​បង្កើត​គណៈកម្មការ​កត់ត្រា​ទ្រព្យសម្បត្តិ​ហ្នឹង​ហើយ ដើម្បី​ដាក់​ដេញ​ថ្លៃ​ជា​សាធារណៈ​ដើម្បី​យក​ថវិកា​មក​សង​ដល់​កម្មករ​និយោជិក ដែល​គាត់​អត់​បាន​ទទួល​ប្រាក់​ឈ្នួល​កន្លង​មក។ យើង​រង់ចាំ​នីតិវិធី​របស់​តុលាការ​ខេត្ត​សិន»

លោក​បញ្ជាក់​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ តុលាការ​ខេត្ត​កណ្ដាល បាន​ចេញ​ដីកា​រក្សា​ការពារ​ទ្រព្យសម្បត្តិ​នៅ​សេសសល់​រោងចក្រ​នេះ ប៉ុន្តែ​នៅ​មិន​ទាន់​សម្រេច​លក់​ឡាយឡុង​យក​លុយ​ទូទាត់​ប្រាក់​ខែ​កម្មករ​នៅ​ឡើយ​ទេ។

ប្រធាន​សហព័ន្ធ​សហជីព​សាមគ្គី​ឯករាជ្យ និង​ប្រជាធិបតេយ្យ លោក យ៉ង់ ផាន្នី ឱ្យ​ដឹង​ថា កម្មករ​ចំនួន ១៦៤​នាក់ បាន​ធ្វើការ​នៅ​ក្នុង​រោងចក្រ ធាន ធាន រយៈ​ពេល​ជិត ២​ឆ្នាំ។ បច្ចុប្បន្ន​នេះ ក្រុម​កម្មករ​ដែល​មិន​ទាន់​បាន​ទទួល​ប្រាក់ខែ នៅ​តែ​នាំ​គ្នា​យាម​គ្រឿង​ម៉ាស៊ីន​ដែល​នៅ​សេសសល់​​ក្នុង​រោងចក្រ​សម្រាប់​លក់​ឡាយឡុង​ពេល​មាន​ការ​សម្រេច​ពី​តុលាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។