ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ជា​អ្នក​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​៥​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល ស្រុក​ទឹកផុស សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ការិយា​ល័យ​ប្រឆាំង​គ្រឿងញៀន និង​ការិយាល័យ​នគរបាល​សេដ្ឋកិច្ច​ខេត្ត ធ្វើការ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៥ នៅ​ទីតាំង​លួច​លាក់​អារឈើ​ខុសច្បាប់​មួយ​កន្លែង នៅ​ចំណុច​ពេ​ជ​ជោ ស្ថិត​ក្នុងភូមិ​ដំណាក់​ខ្លុង ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស ខេត្ត​កំពង់​ឆ្នាំង ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ខាងលើ​នេះ សមត្ថកិច្ច​ក៏​បាន​បង្ក្រាប​បទល្មើស​អារឈើ​ខុសច្បាប់ ដោយ​រឹបអូស​ឈើ​បានជា​ច្រើន​កំណាត់ និង​ម៉ាស៊ីន​អារឈើ​មួយ​គ្រឿង​ផង​ដែរ តែ​អ្វី​ដែល​ជា​ការ​កត់សំគាល់​ជាង​នេះ​ទៀត​នោះ គឺ​សមត្ថកិច្ច​២​នាក់​បាន​រង​របួសស្រាល​ដោយ​ការ​តដៃ​របស់​ក្រុម​បំពាន​ច្បាប់​ខាងលើ ។

លោក ខែ​ម វិបុល អធិការ​នគរបាល​ស្រុក​ទឹកផុស បានអោយ​ដឹង​ថា ដោយ​មាន​ប្រជាពលរដ្ឋ​ល្អ​បាន​លួច​រាយការណ៍​មក​លោកស្នងការ​នគរបាល​ខេត្ត​ពី​ករណី​លួចលាក់​អារឈើ និង​ចែកចាយ​ថ្នាំ​ញៀន ទើប​លោក​ឧត្តមសេនីយ៍ត្រី ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្ត បញ្ជា​អោយ​មន្ត្រី​ការិយាល័យ​ជំនាញ មាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​ការិយាល័យ​នគរបាល​សេដ្ឋកិច្ច សហការ​ជាមួយ​នគរបាល​ស្រុក​ទឹកផុស សរុប​២០​នាក់​ព័​ទ្ឋ​ចាប់​បាន​ជនសង្ស័យ​ទាំង​៥​នាក់​នៅ​ទីតាំង​អារឈើ​ខុសច្បាប់​ខាងលើ ដោយ​រឹបអូស​ថ្នាំ​ញៀន និង​គំនរ​ឈើ​ខុសច្បាប់​ជា​ច្រើន​ដុំ ។

លោក​អធិការ​បាន​បន្ត​ថា ជនសង្ស័យ​ទាំង​៥​នាក់​ដែល​ត្រូវ​ចាប់ខ្លួន មាន ១-​ឈ្មោះ ស៊ី​ម អឿ​ន អាយុ​២៤​ឆ្នាំ ជា​ម្ចាស់​ម៉ាស៊ីន​លួចលាក់​អារឈើ​ខុសច្បាប់​ខាងលើ និង​ជា​អ្នក​ចែកចាយ​ថ្នាំ​ញៀន​ផង​ដែរ​, ២-​ឈ្មោះ ស៊ី​ម អាត អាយុ​២២​ឆ្នាំ​, ៣-​ឈ្មោះ ស៊ី​ម សា​រ៉ុ​ន អាយុ​៣២​ឆ្នាំ ទាំង​៣​នាក់​ជា​បងប្អូន​គ្នា​, ៤-​ឈ្មោះ ជួន ចែត អាយុ​២៣​ឆ្នាំ និង ៥-​ឈ្មោះ ស៊ី ឡ​យ អាយុ​២៧​ឆ្នាំ ។ ទាំង​៥​នាក់​មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

លោក ខែ​ម វិបុល បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​កន្លែង​លួច​អារឈើ​ខុសច្បាប់ និង​ចែកចាយ​គ្រឿងញៀន​នេះ សមត្ថកិច្ច​​ដកហូត​បាន​វត្ថុ​តាង​មាន​ថ្នាំ​ញៀន​ម៉ា​ទឹកកក​១​កញ្ចប់​ធំ និង​១៥​កញ្ចប់​តូច ម៉ូតូ​១​គ្រឿង អាវុធ​កែ​ច្នៃ​៤​ដើម គ្រាប់កាំភ្លើង​កែ​ច្នៃ​មួយ​ចំនួន (​គ្រាប់កង់ និង​វី​ស​ខ្លី​ៗ) និង​ថង់​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

លោក ជឹ​ម សុ​ផាត នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានអោយ​ដឹង​ថា សមត្ថកិច្ច​ក៏​បាន​រឹបអូស​ឈើអារជ្រៀក​ជា​រនូត​ចំនួន​៦៧​សន្លឹក ឈើមូល​មិន​ទាន់​អារ​ចំនួន​៥៥​ដើម និង​ម៉ាស៊ីន​អារឈើ​១​គ្រឿង​ផង​ដែរ ដោយ​យក​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្តុល ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ក្នុង​បទ​ចោទ​ប្រកាន់ រក្សា​ទុក ជួញដូរ ចែកចាយ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ និង​ចោទ​មួយ​ករណី​ទៀត​ពី​បទល្មើស​ បំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់ ។

ជុំវិញ​ករណី​បង្ក្រាប​ទីតាំង​អារឈើ​ខុសច្បាប់​១​កន្លែង​ខាងលើ​នេះ​មាន​ប្រជាពលរដ្ឋ​លើក​ឡើង​ថា គឺ​ទុកដូចជា​ការ​វាយ​បំបែក​ឆ្នាំងបាយ​របស់​មេព្រៃ​អ៊ីចឹង ព្រោះ​ម៉ាស៊ីន​អារឈើ​ខាងលើ​នៅ​មិន​ឆ្ងាយ​ពី​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ប៉ុន្មាន​ឡើយ ហើយ​ក៏​នៅ​មាន​ទីតាំង​អារឈើ​ជា​ច្រើន​កន្លែង​ទៀត ដែល​កំពុង​ធ្វើ​សកម្មភាព​អារឈើ​ដូច​គ្នា​នេះ​ដែរ ៕