ម៉ារ៉ាដូណា៖ មេ​សហព័ន្ធ​បាល់​ទាត់​អន្តរជាតិ​ទាំង​ពីរ គឺ​ជា​«ចោរ»

អតីតកំពូលកីឡាករបាល់ទាត់ របស់ប្រទេសអាហ្សង់ទីន លោក ឌីយ៉េហ្គោ ម៉ារ៉ាដូណា បានបង្ក​ឲ្យ​មាន​សង្គ្រាម​ពាក្យ​សម្ដី​ឡើង ដោយ​លោក​បាន​ពាក់​អាវ មានអក្សរសរសេរថា «មេចោរ» ភ្ជាប់ជាមួយរូបថត របស់ដៃគូសត្រូវ​របស់​លោក ដែល​សុទ្ធ​សឹង​ជា​មេ​ដឹកនាំ សហព័ន្ធ​បាល់ទាត់​អន្តរជាតិ​ល្បីៗ ក្នុង​ពិភព​លោក៖ នោះគឺ​លោក មីឆែល ប្លាទីនី (Michel Platini) ប្រធានសហព័ន្ធបាល់ទាត់អ៊ឺរ៉ុប និង​លោក ស៊េប ប្លាស្ទ័រ (Sepp Blatter) អតីតប្រធាន​សហព័ន្ធ​បាល់ទាត់​​អន្តរជាតិ។
ម៉ារ៉ាដូណា៖ មេ​សហព័ន្ធ​បាល់​ទាត់​អន្តរជាតិ​ទាំង​ពីរ គឺ​ជា​«ចោរ»
លោក ប្លាស្ទ័រ អតីតប្រធានហ្វីហ្វា លោក ម៉ារ៉ាដូណា អតីតកំពូលកីឡាករបាល់ទាត់ និងលោក ប្លាទីនី ប្រធានសហព័ន្ធបាល់ទាត់អ៊ឺរ៉ុប។ (រូបថតទ្វីសធើរ)

មិនមែនជារឿងថ្មីនោះទេ។ អតីតកំពូលកីឡាករ ឌីយ៉េហ្គោ ម៉ារ៉ាដូណា (Diego Maradona) មិនមែន​ជា​អ្នក​និយម​ មេដឹកនាំពិភពបាល់ទាត់ទាំងពីររូប របស់សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប (UEFA) និងរបស់សហព័ន្ធ​បាល់​ទាត់​អន្តរជាតិ (Fifa) នោះឡើយ។ កាលពីថ្ងៃអង្គារកន្លងមកនេះ អតីតតារាល្បីខាងបាល់ទាត់ នា​ទសវត្សន៍​ឆ្នាំ​៨០ បានថតរូបដាក់បង្ហោះមួយសន្លឹក ដោយបានឈរពាក់អាវ មានរូបកាត់តបញ្ចូលគ្នា រវាងប្រធាន​សហព័ន្ធ​បាល់​ទាត់​អ៊ឺរ៉ុប លោក មីឆែល ប្លាទីនី (Michel Platini) និងអតីតប្រធានសហព័ន្ធ​បាល់ទាត់អន្តរជាតិ លោក ស៊ែប ប្លាស្ទ័រ (Joseph Blatter)។

«២៥ឆ្នាំហើយ ដែលខ្ញុំនិយាយ»

បញ្ហាវាទាស់នៅត្រង់ថា ពីលើរូបថតកាត់តនោះ មានអក្សរសរសេរថា «មេចោរទាំងពីរ (Two thieves)» (រូបថតលោក ម៉ារ៉ាដូណា នៅកណ្ដាលខាងលើនេះ)។ រូបថតនេះ ត្រូវបានថតដាក់ផ្សាយ នៅលើទំព័រ​អ៊ីនស្តាហ្គ្រាម ដោយលោក «Daniel Arcucci» អ្នក​សារព័ត៌មាន​ជាតិអាហ្សង់ទីន​មួយរូប ដែលបានជួបលោក ម៉ារ៉ាដូណា ដោយផ្ទាល់នៅក្រុង ឌុយបៃ (ប្រទេស​អេមៀរ៉ាអារ៉ាប់)។ នៅអមនឹងរូបថតនេះ អតីតកំពូល​កីឡាករ ត្រូវបានអ្នកសារព័ត៌មាន ស្រង់សម្ដីយក​មក​សរសេរ​រៀបរាប់ ថា៖ «២៥ឆ្នាំហើយ ដែល​ខ្ញុំនិយាយ​ពី​រឿង​នេះ»។

មិនខុសទេ! លោក ម៉ារ៉ាដូណា បានធ្វើសង្គ្រាមពាក្យសំដី ជាច្រើនលើកច្រើនគ្រាមកហើយ ប្រឆាំងនឹង​ប្រធាន​សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប លោក មីឆែល ប្លាទីនី  ដែលធ្លាប់ជាអតីតគូប្រកួត នៅក្នុងការប្រកួត​បាល់​ទាត់​នានា កាលពីទសវត្សន៍ឆ្នាំ៨០។ ហើយលោកក៏មិនដែលត្រូវគ្នា ជាមួយនឹងអតីតប្រធាន​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ ស៊េប ប្លាស្ទ័រ នោះដែរ ជាពិសេសលោក ម៉ារ៉ាដូណា បានឆ្លៀតឱកាសវាយសន្ធាប់ កាន់តែខ្លាំងឡើង បន្ទាប់​ពីរឿងអាស្រូវពុករលួយ នៅក្នុងសហព័ន្ធ​បាល់ទាត់ពិភពលោកមួយនេះ ត្រូវបានបើកកកាយ ដោយ​ប្រព័ន្ធ​យុត្តិធម៌​អាមេរិក និងស្វីស។

«ធ្វើឲ្យបាល់ទាត់ មានរឿងអាក្រក់ៗជាច្រើន»

ដូចយ៉ាង កាលពីខែកញ្ញាឆ្នាំទៅម៉ិញ លោក ម៉ារ៉ាដូណា បានចោទដោយចំៗ ទៅកាន់លោក ប្លាស្ទ័រ ថា​បាន​បង្រៀនពី​«របៀបលួច» ទៅឲ្យលោក ប្លាទីនី។ លោកបានថ្លែងឡើងថា៖ «តែខ្ញុំមិនមែនជាចោរលួចទេ។ ប្លាស្ទ័រ បានធ្វើឲ្យបាល់ទាត់ មានរឿងអាក្រក់ជាច្រើន។ ហើយជាមួយនឹង ប្លាទីនី ពួកគេបានបង្កើត​ឆាក​ល្ខោន​មួយ។ ពួកគេធ្វើឬក ដូចជាមិនទាក់ទងគ្នាទេ, ម្នាក់នៅហ្វីហ្វា (Fifa) ម្នាក់ទៀត នៅយូអ៊ីហ្វា (UEFA)។ តែ​តាម​ពិត ពួកគេនៅជាមួយគ្នាតាំងពីដើមមក។»

បុរសមានអំណាច ក្នុងពិភពបាល់ទាត់ទាំងពីររូប (លោក ប្លាទីនី និងលោក ប្លាស្ទ័រ) ត្រូវបាន​គណៈកម្មាធិការ​ប្រតិបត្តិ របស់សហព័ន្ធបាល់ទាត់អន្តរជាតិ ហាមឃាត់ក្នុងរយៈពេលច្រើនឆ្នាំ មិនឲ្យធ្វើការងារ​ទាក់ទង​នឹង​បាល់ទាត់ ដោយសារអ្នកទាំងពីរមានជាប់ពាក់ព័ន្ធ នឹងការ«លួច»បង្វិលប្រាក់ ១,៨លានអ៊ឺរ៉ូ ពីសំណាក់​លោក ប្លាស្ទ័រ ទៅឲ្យលោក ប្លាទីនី កាលពីឆ្នាំ២០១១កន្លងមក ដើម្បីជាថ្នូរនឹងការងារ ជាទីប្រឹក្សា​«សម្ងាត់»​ដែល​បាន​បញ្ចប់​ទៅ កាលពីឆ្នាំ២០០២៕