លោក​អូបាម៉ា៖ ​ប៉ាគីស្ថាន​ត្រូវ​តែ​ចាត់​វិធាន​ការ​​ច្រើន​ជា​ងនេះ​ប្រឆាំង​នឹង​ក្រុម​ភេរវកម្ម

លោក​អូបាម៉ា៖ ​ប៉ាគីស្ថាន​ត្រូវ​តែ​ចាត់​វិធាន​ការ​​ច្រើន​ជា​ងនេះ​ប្រឆាំង​នឹង​ក្រុម​ភេរវកម្ម

រូបភាព​ឯកសារ៖ ​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ាថ្លែង​អំពីការ​ដោះលែង​ជនជាតិ​អាមេរិក​ដោយ​អ៊ី​រ៉ង់កាល​ពីថ្ងៃ​ទី​១៧​ មករា ២០១៦ ក្នុង​បន្ទប់​គណរដ្ឋមន្រ្តី​នៅ​សេតវិមានរដ្ឋធានី​វ៉ាស៊ីន​តោន។

លោកប្រធានាធិបតី​ស.រ.អ.បារ៉ាក់អូបាម៉ា​បានមាន​ប្រសាសន៍​ថា​ប្រទេស ប៉ាគីស្ថាន​ «អាច​និងត្រូវតែ» ចាត់វិធានការ​ថែមទៀត​ប្រឆាំង​នឹង​ពួក​ភេរវជន​ដែល​ធ្វើកិច្ចប្រតិបត្តិការ​ពី​ខាង​ក្នុង​ព្រំដែន​ខ្លួន។​

នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​ដែល​បានត្រូវ​បោះពុម្ព​ផ្សាយកាល​ពីថ្ងៃអាទិត្យដោយ​កាសែត Press Trust នៃ​ឥណ្ឌា លោកអូបាម៉ា​បានមាន​ប្រសាសន៍​ថា​ប្រទេស​ប៉ាគីស្ថាន​អាច​បង្ហាញថា​ខ្លួនម៉ឺងម៉ាត់​អំពី​ការកម្ចាត់​បណ្តាញ​ក្រុមភេរវជន។

លោកអូបាម៉ា​បានមានប្រសាសន៍​ថា​ «នៅ​ក្នុង​តំបន់នោះ​នឹង​នៅ​ក្នុង​ទូទាំង​ពិភពលោក​ មិន​ត្រូវមាន​ការអត់ឱន​ទាល់​តែ​សោះហើយ​គេ​ត្រូវតែ​កាត់​ទោសភេរវជន​ដើម្បី​យុត្តិធ៌ម​។»

កាល​ពី​ដើមខែនេះ ប្រទេសឥណ្ឌា​បានបន្ទោស​ពួក​ជន​សកម្មប្រយុទ្ធ​មួយក្រុម​មាន​មូលដ្ឋាន​នៅ​ក្នុងប្រទេសប៉ាគីស្ថាន​ថា​បានធ្វើការ​វាយ​ប្រហារទៅ​លើ​មូលដ្ឋាន​មួយ​នៃកងទ័ព​អាកាស​ឥណ្ឌា​ដែល​បានបណ្តាល​ឲ្យ​ទាហាន៧នាក់​ស្លាប់​។ អាជ្ញាធរប៉ាគីស្ថាន​បាន​ចាប់ខ្លួន​សមាជិកមួយ​ចំនួន​នៃក្រុម​ Jaish-e-Mohammad ហើយ​បាន​សន្យា​ថា​នឹងផ្តល់​ជំនួយ​ក្នុង​ការ​ស៊ើប​អង្កេត​របស់​ឥណ្ឌា​ផងដែរ។

លោកអូបាម៉ា​បាន​ថ្កោលទោសការ​វាយ​ប្រហារ​នោះ​នៅ​ក្នុង​ការ​អត្ថាធិ​ប្បាយ​របស់​លោក​ដល់សារព័ត៌មាន Press Trust នៃ​ឥណ្ឌា​ដោយ​លោក​បាន​មានប្រសាសន៍​ថា​ការណ៍​នេះបញ្ជាក់​ពី​ហេតុផល​ដែល​ស.រ.អ.និង​ប្រទេសឥណ្ឌា​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម។ លោក​បាន​ហៅ​ការ​វាយ​ប្រហារ​លើមូលដ្ឋានទ័ពនោះថា​ជា​ «ឧទាហរណ៍​មួយ​ទៀត​នៃភេរវកម្មដែល​មិន​អាចអត់ឱនឲ្យបាន​ទេដែល​ឥណ្ឌា​បាន​ទ្រាំអត់ធន់យូរណាស់​មក​ហើយ៕»