មូលហេតុ​​ដែល តៃវ៉ាន់ បាន​​ជ្រើសរើស​ការ​«ផ្លាស់ប្ដូរ»

ការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី នៅកោះតៃវ៉ាន់ គឺជាផ្នែកមួយ នៃលិទ្ធិប្រជាធិបតេយ្យ នៅក្នុង​ទ្វីប​អាស៊ី​ខាង​កើត ជា​ពិសេស​សម្រាប់បណ្ដាជនចិន។ ប៉ុន្តែសម្រាប់ប្រទេស​ចិន​កុម្មុយនីស​វិញ មិន​បាន​បង្ហាញ​ការសុខស្រួល​សម្រួល​ចិត្ត​ជាមួយ​ទេ នៅពេល​ដែល​អ្នកស្រី ឆាយ អ៊ីងវេន (Tsai Ing-wen) បេក្ខនារី​មកពី​គណបក្ស ដែលនិយមឯករាជ្យទឹកដី បានជាប់ឆ្នោត​ជា​ប្រធានាធិបតី របស់​កោះ​តៃវ៉ាន។
មូលហេតុ​​ដែល តៃវ៉ាន់ បាន​​ជ្រើសរើស​ការ​«ផ្លាស់ប្ដូរ»
ទិដ្ឋភាពនៅក្នុងយុទ្ធនាការបោះឆ្នោត ជ្រើសតាំងប្រធានាធិបតីតៃវ៉ាន់ របស់បេក្ខនារី ឆាយ អ៊ីងវេន។ (រូបថតគណបក្ស)

ប្រទេសភាគច្រើន ទាំងនៅអ៊ឺរ៉ុប ទាំងនៅអាស៊ី រាប់ទាំងប្រទេសកម្ពុជាផង មិនដែលសូវខ្វល់ខ្វាយប៉ុន្មាន ពី​កោះ​តៃវ៉ាន់នោះឡើយ បើទោះជាគេដឹងថា កោះកូននាគមួយនេះ មាននិន្នាការនយោបាយ តាមបែប​ប្រជា​ធិបតេយ្យ និងមានឧស្សាហកម្ម​យ៉ាងទំនើបនោះក៏ដោយ។ នោះដោយសារមូលហេតុអ្វី?

ចម្លើយនឹងសំនួរខាងលើ មិនពិបាកយល់ទេ។ ព្រោះកោះតៃវ៉ាន់ គឺជាប្រទេសមួយ ដែលគ្មានឯករាជ្យភាព និង​បូរណភាពទឹកដីពិតប្រាកដ។ ប្រទេសជាច្រើន នៅក្នុងពិភពលោក មិនមានទំនាក់ទំនងផ្លូវការ ជាមួយកោះ​តៃវ៉ាន់​ទេ ដោយហេតុថាប្រទេសទាំងនោះ សុទ្ធតែរងគំនាប ទាំងផ្នែកនយោបាយទាំងផ្នែកសេដ្ឋកិច្ច ពី​សំណាក់​ប្រទេស​ចិនដីគោក ដែលបានចាត់ទុកកោះតៃវ៉ាន់ គឺជាខេត្ត«បះបោរ»មួយ របស់ខ្លួន ហើយ​រដ្ឋាភិបាល​ចិនកុម្មុយនីស ថែមទាំងបានព្រមាន ក្នុងពេលកន្លងមកថា នឹងប្រើកម្លាំងវាយយកតៃវ៉ាន់ មក​បញ្ចូល​ក្នុង​ទឹកដី​ចិនវិញ ប្រសិនបើកោះមួយនេះ ហ៊ានប្រកាសឯករាជ្យ។

បញ្ហាឯករាជ្យភាព និងបូរណភាព នៃទឹកដីរបស់ខ្លួននេះ ត្រូវបានបណ្ដាជននៅតៃវ៉ាន់ ដែលនៅតែដក់ជាប់ ជា​មួយ​​នឹងអត្តសញ្ញាណ​របស់ខ្លួននោះ ខ្វល់ខ្វាយយ៉ាងខ្លាំង រហូតធ្វើការសម្រេចចិត្ត ជ្រើសរើសស្ត្រី​និយម​ឯករាជ្យ​​ទឹកដី​មួយរូប មកពីគណបក្សប្រឆាំង ឲ្យឡើងធ្វើជាប្រធានាធិបតីរបស់ខ្លួន។

រឿងរ៉ាវ ត្រូវរំលឹកឡើងវិញ ពីប្រវត្តិសាស្ត្រនៃសង្គ្រាមផ្ទៃក្នុង របស់ប្រទេសចិន នាទសវត្សន៍ឆ្នាំ៣០ និងឆ្នាំ៤០ ដែលធ្វើឲ្យមានការប្រទាញប្រទង់គ្នា រវាងក្រុមចិនកុម្មុយនីស និងក្រុមចិនជាតិនិយម។ ក្រុមចិនជាតិនិយម ដែលកាន់អំណាច ក្នុងរបប«សាធារណរដ្ឋចិន» នាពេលនោះ ត្រូវបានក្រុមចិនកុម្មុយនីស ប្រើកម្លាំង​បណ្ដេញ​ចេញ​ពីអំណាច ហើយបានរត់ចុះមក​ភាគ​ខាង​ត្បូង​ជាបន្តបន្ទាប់។ បើសិនជានៅចុង​បញ្ចប់ នៃសង្គ្រាមលោក​លើក​ទី២ ក្រុមចិនកុម្មុយនីស បានពង្រីកឥទ្ធិពលរបស់ខ្លួន ហើយឈានទៅកាន់កាប់​ប្រទេសចិនទាំងមូល (ចិន​ដីគោក) បានជាស្ថាពរនោះក៏ដោយ តែសម្រាប់កោះតៃវ៉ាន់ (ចិនដីទឹក) ឯណោះវិញ វានៅតែ​ជាបន្ទាយ​យ៉ាង​រឹងមាំ សម្រាប់ឲ្យក្រុមចិនជាតិនិយម អាចឈរជើង និងធ្វើការរស់នៅបានរហូតមក។

បន្តមកជាច្រើនឆ្នាំ កោះតៃវ៉ាន់បានរស់នៅ ក្រោមរបបផ្ដាច់ការ (ដែលដឹកនាំដោយឯកបក្ស) រហូតលុះត្រា​ដល់​ឆ្នាំ១៩៨០ ទើបរបបពហុបក្ស បានចាប់ផ្ដើមមានជីវិតឡើង។ គណបក្ស «DPP» របស់អ្នកស្រី ឆាយ អ៊ីងវាន និងបក្សសម្ព័ន្ធភាព ដែលមាននិន្នាការផ្ដាច់ទឹកដី នៃកោះតៃវ៉ាន់ ឲ្យចេញដាច់​ពីប្រទេសចិនដីគោក បាន​ប្រឆាំងនឹងនយោបាយ ដឹកនាំដោយគណបក្សអភិរក្សនិយម របស់ក្រុម គួងមីងតាំង (Guomindang) ដែល​បានកាន់អំណាច នៅតៃវ៉ាន់ជាច្រើនឆ្នាំ និងដែលមាននិន្នាការ ធ្វើសហប្រតិបត្តិការជាមួយប្រទេសចិន។

ខ្លាចក្លាយជាហុងកុងទី២...

ជាការពិតហើយថា សាធារណមតិនៅតៃវ៉ាន មិនចង់ត្រឡប់​ ទៅនៅក្រោមចិនកុម្មុយនីសនោះឡើយ ប៉ុន្តែ​ពួកគេក៏មិនចង់ផ្ដាច់ខ្លួន ទាំងស្រុងនោះដែរ ដោយហេតុថា ការប៉ុនប៉ងនៃការផ្ដាច់ខ្លួនទាំងស្រុង នឹងបង្ក​ឲ្យ​ក្រុង​ប៉េកាំងខឹងក្រេវក្រោប ហើយអាចឈានទៅដាក់ទឹកដីតៃវ៉ាន់ ឲ្យស្ថិតក្នុងសភាពគ្រោះថ្នាក់។ ហើយនោះ គឺជា​នយោបាយ របស់ក្រុមអភិរក្សនិយម ដែលមានឫសគល់ ពីក្រុមជាតិនិយមចិន និងដែលបានកាន់​អំណាច​ចាស់​វស្សា នៅតៃវ៉ាន់។

ប៉ុន្តែជំហរ«ជើងមួយ ឈរជាន់ទូកពីរ»នេះ មិនបានជួយឲ្យតៃវ៉ាន់ នូវសន្តិភាពពេញលេញនោះទេ។ ការខិត​ចូលទៅជិតប្រទេសចិន កាន់តែខ្លាំង បានធ្វើឲ្យបណ្ដាជនតៃវ៉ាន់ ព្រួយបារម្ភកាន់តែច្រើនឡើង ជាពិសេស​ពួក​គេ​មិន​ចង់ឃើញ កោះតៃវ៉ាន់ ក្លាយជាក្រុងហុងកុងទី២។ នៅចំពោះការព្រួយបារម្ភនេះ បើសូម្បីគណបក្ស នៃ​ក្រុម​គួងមីងតាំង ខ្លួនឯង ក៏បាន​ផ្លាស់ប្ដូរមនុស្ស ដែលមាននិន្នាការមិនសូវស្និតនឹងចិន ឲ្យមកឈរឈ្មោះ ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី​នោះដែរ។

ជីវភាពសំខាន់...

បន្ថែមពីលើនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ដែលរដ្ឋាភិបាលរបស់គណបក្ស គួងមីងតាំង បាន​ចុះ​ហត្ថលេខា ជាមួយប្រទេសចិនដីគោក បានធ្វើឲ្យការបាត់បង់ការងារ នៅតៃវ៉ាន់ មានកាន់តែច្រើនថែមទៀត។ នាពេលកន្លងមក ការមិនពេញចិត្ត នឹងនយោបាយរបស់ក្រុម គួងមីងតាំង របៀបនេះ បានបង្កការចុះតវ៉ា​នៅ​តាម​ដងផ្លូវ ពីសំណាក់និស្សិតនៅតៃវ៉ាន់ ជាញយដងរួចហើយ។

ដូច្នេះប្រតិកម្មរបស់បណ្ដាជនតៃវ៉ាន់ នៅក្នុងការបោះឆ្នោត និងបានជ្រើសរើស បានប្រធានាធិបតីថ្មីរបស់ខ្លួន ក្នុងពេលនេះ មានគោលបំណងច្បាស់លាស់៖ នោះគឺបណ្ដុះនយោបាយ ដើម្បីបង្កើតជាប្រទេសមួយ មាន​ឯករាជ្យ​បរិបូណ៍ មានសិទ្ធិមនុស្ស និងដើម្បីការរួមរស់ ដោយសុខដុមរម្យនា ទៅមុខ។ តែរឿងដែលត្រូវគិត ក្នុង​ពេល​ជាមួយគ្នានេះ ថាតើគោលបំណងនេះ នឹងអាចដុតបញ្ឆេះរដ្ឋាភិបាលក្រុងប៉េកាំង បានដល់កម្រិត​ណា៕