សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​យុង ចាន់​សុធា​វី ដែល​មុន​នេះ​ខ្ទរខ្ទារ​ពី​រឿង​បាត់​ខ្លួន​នៅ​អា​មេ​រិ​ក​នោះ បាន​មក​ដល់​ផ្ទះ​នៅ​ភ្នំពេញ​វិញ​ហើយ ។ តារាចម្រៀង​រូប​នេះ​ត្រៀម​នឹង​បង្ហាញមុខ​លើ​វេទិកា​សិល្បៈ​បន្ទាប់​ពី​នាង​សម្រាក​ឱ្យ​ស្ងប់ចិត្ត​មួយ​រយៈ ។

ការ​ត្រឡប់​មក​ដល់​មាតុភូមិ​វិញ​របស់​តារាចម្រៀង​មនោសញ្ចេតនា យុង ចាន់​សុធា​វី នេះ គឺ​មុន​កាលកំណត់ ដែល​គ្រោង​នៅ​ដើមខែ​កុម្ភៈ​ឯណោះ ។ ព័ត៌មាន​នេះ​បញ្ជាក់​ដោយ​សាច់ញាតិ​របស់​យុង ចាន់​សុធា​វី ។

ប្រភព​កៀក​កិត​នឹង​ក្រុម​គ្រួសារ​របស់​យុង ចាន់​សុធា​វី ឱ្យ​ដឹង​ថា នាង​មក​ដល់​ផ្ទះ​វិញ​មុន​កំណត់ ដោយសារ​តែ​អស់​ពេលវេលា​សម្តែង​តាម​រដ្ឋ ផ្សេង​ៗ​នៅ​អា​មេ​រិ​ក ហើយ​មិន​ចង់​នៅ​យូរ​។ សុធា​វី សុំ​អ្នក​ឧបត្ថម្ភ​ការ​ចេញ​ទៅ​សម្តែង​មក​កម្ពុជា​មុន​កំណត់ ដើម្បី​បង្ហាញ​ថា នាង​គ្មាន​គំនិត​ចង់​គេច​នៅ​អា​មេ​រិ​ក​ទេ ។

យុង ចាន់​សុធា​វី បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពី​រឿង​បាត់​ខ្លួន​នាង​មួយ​រយៈ ព្រោះតែ​ដើរ​លេង​កម្សាន្ត និង​សួរសុខទុក្ខ​មិត្តភក្តិ ពេល​នាង​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក ។ មានការ​សង្ស័យ​ថា នាង​ចង់​គេចខ្លួន​នៅ​អា​មេ​រិ​ក ។ ដោយសារ​បែប​នោះ​ហើយ​ទើប​សុធា​វី​សុំ​អ្នក​រៀបចំ​ឱ្យទៅ​សម្តែង​ត្រឡប់​មក​ផ្ទះ​មុន​អ្នកសិល្បៈ​ពីរ​នាក់​ទៀត គឺ​នាយ​ក្រិន និង​នាង​ប្រិមប្រិយ​ដែល​ជា​សមាជិក​សម្តែង​ជាមួយ​គ្នា ។ សុធា​វី មិន​ចង់ឱ្យ​ខូច​ឈ្មោះ និង​ចង់ឱ្យ​អ្នកសិល្បៈ​ដទៃ​ទៀត​ដែល​មាន​គម្រោង​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក ចូល​សម្ភាសន៍​នៅ​ស្ថានទូត​មិន​មាន​ភាព​តឹង​រ៉ឹ​ង ។

យុង ចាន់​សុធា​វី មាន​គម្រោង​ទៅ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ទៀត​ផង ដើម្បី​បញ្ជាក់​ថា នាង​ពិតជា​មក​ដល់​មាតុភូមិ​វិញ​ហើយ ។ ម្យា​៉​ង​ការ​ចូល​ស្ថានទូត គឺជា​ទម្លាប់​របស់​អ្នកសិល្បៈ បើ​កាល​ត្រឡប់​មក​វិញ​ត្រូវ​ទៅ​បង្ហាញខ្លួន​នៅ​ស្ថានទូត​ដើម្បី​ឱ្យ​មាន​ទំនុកចិត្ត ។

នៅ​មិន​ទាន់​ដឹង​ថា យុង ចាន់​សុធា​វី ត្រូវ​បង្ហាញមុខ​តាម​កញ្ចក់​ទូរទស្សន៍​វិញ​នា​ពេល​ណា​ទេ ព្រោះ​ប្រភព​ព័ត៌មាន​មិន​បាន​បញ្ជាក់​លម្អិត ក្រៅពី​ប្រាប់​ថា នាង​ចង់​សម្រាក​ជួបជុំ​ក្រុម​គ្រួសារ​មួយ​រយៈ​សិន ដើម្បី​បំបាត់​ភាព​ហត់នឿយ និង​បំបាត់​រឿង​ស្មុគស្មាញ​ក្នុង​ចិត្ត ។

ការ​ត្រឡប់​មក​កម្ពុជា​វិញ ជា​រឿង​មួយ​ល្អ​ធ្វើ​ឱ្យ​អ្នកសិល្បៈ​ជា​ច្រើន​ចាត់ទុកជា​គំរូ​ល្អ​ដែល​យុង ចាន់​សុធា​វី មិន​គេច​នៅ​អា​មេ​រិ​ក ដូច​ការ​សង្ស័យ​កន្លង​មក ។ ចាត់​ទុក​ថា នេះ​ជា​ការ​មាន​សីលធម៌​ល្អ​សមជា​អ្នកសិល្បៈ​មានការ​ទទួលខុសត្រូវ ។

យុង ចាន់​សុធា​វី គ្រា​ដែល​បាត់​ខ្លួន​នៅ​អា​មេ​រិ​ក បង្ក​ភាព​ភ្ញាក់ផ្អើល​ជា​ខ្លាំង ហើយ​ត្រូវ​គេ​លើក​ឡើង​ថា នាង​មាន​បំណង​គេចខ្លួន ។ សាច់ញាតិ​ក៏​មិន​បាន​ទទួល​ដំណឹង​ដែរ ។ រយៈពេល​ជិត​១​ស​ប្តា​ហ៍​សុធា​វី បាន​វិល​ទៅ​ទីតាំង​នាង​ស្នាក់​នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិ​ក​វិញ ។ មិនតែប៉ុណ្ណោះ យុង ចាន់​សុធា​វី បាន​បង្ហោះ​រូបភាព​វី​ដេ​អូ​ឃ្លី​ប បញ្ជាក់​ហេតុផល​នាង​បាត់​ខ្លួន ដោយ​បញ្ជាក់​ថា នាង​គ្មាន​គំនិត​ចង់​គេចខ្លួន​នៅ​ប្រទេស​គេ​ទេ ៕