ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្វាយរៀង ៖ លោក​ជំទាវ ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការ កិច្ច បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ស្រង់ព្រះសុគន្ធវារី​ប្រគេន​ព្រះ​ធម្មធរ​គណ​ខេត្ត​ជុំ ច​ន្ថា ដែល​ព្រះមហាក្សត្រ​បាន​ប្រោស​ប្រទាន​គោរមងារ​ជា​ព្រះ​វិ​មិត្ត​ស​ត្ថា ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ។

ក្នុង​ឱកាស​នោះ​ក៏​មានការ​និមន្ត​និង​អញ្ជើញ​ចូលរួម​ពី​ព្រះ​ញាណវង្ស ឃឹម សន ព្រះ​រាជាគណៈ​ថ្នាក់​ត្រី ព្រះ​តំណាង​របស់​សម្តេចព្រះ​មហាសុមេធាធិបតី ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ជៀង អំ អភិបាលខេត្ត តំណាងរាស្ត្រ អ្នក ឧកញ៉ា ព្រះសង្ឃ យាយជី តាជី មន្ត្រីរាជការ​និង​ប្រជា​ពុទ្ធ​បរិ​ស​ទ័​ជិត​៤​ពាន់់​រូប ។ ពិធី​នេះ បាន​រៀបចំ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​១៥​កើត​ខែបុស្ស ត្រូវ​នឹង​ថ្ងៃ​ទី​២៣ ខែមករា នៅ​វត្ត​គគីរ​ដួច ស្ថិត​ក្នុងភូមិ​ព្រៃ​គគីរ ឃុំ​ព្រៃ​គគីរ ស្រុក​ច​ន្ទ្រា ។ លោក ចាន់ សុ​គាត ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត បាន​អាន​ជីវប្រវត្តិ​របស់​ព្រះ​វិ​មិត្ត​ស​ត្ថា ជុំ ច​ន្ថា ថា ព្រះ​វិ​មិត្ត​ស​ត្ថា ជុំ ច​ន្ថា ព្រះ​អង្គ​ប្រសូត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែធ្នូ ឆ្នាំ​១៩៥៣ នៅ​ភូមិ​ចម្ការ​លាវ ឃុំ​ព្រៃ​គគីរ ស្រុក​ច​ន្ទ្រា​ខេត្តស្វាយរៀង បិតា​នាម ជុំ ហ៊ុត មាតា​នាម ម៉​ម ស៊ឹង ។

ព្រះ​អង្គ​មាន​បងប្អូន​៦​នាក់ ស្រី​ម្នាក់ ហើយ​ព្រះ​អង្គជា​កូន​ទី​៤ ។ ក្រោយ​ពី​ប្រកាស​តែងតាំង​ព្រះ​វិ​មិត្ត​ស​ត្ថា ជុំ ច​ន្ថា ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស​ព្រះ​ធម្មធរ​គណ​ខេត្ត និង​ជា​ព្រះ​អនុគណ​ក្រុង​បា​វិត​រួច​មក លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន បាន​មាន​ប្រសាសន៍​អបអរសាទរ​ចំពោះ​ព្រះ​ធម្មធរ​គណ​ខេត្ត ជុំ ច​ន្ថា ដែល​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រោស​ប្រទាន​គោរមងារ​ជា​ព្រះ​វិ​មិត្ត​ស​ត្ថា ព្រះរាជា​ថ្នាក់​កិត្តិយស និង​ប្រគេន​ពរ​សូម​មាន​សិរី​សួស្តី ព្រះ​សុខភាព​ល្អ​បរិបូរណ៍ ប្រាជ្ញា​ភ្លឺ​ថ្លា ព្រះ​ជន្មាយុ​យឺនយូរ ដើម្បី​ព្រះ​អង្គ​បាន​គង់​ជា​ម្លប់​ស្រែបុណ្យ​ដល់​ពុទ្ធសាសនិកជន​ជា​អង្វែង​តរៀង​ទៅ ។

លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី​បន្ត​ថា ប្រពៃណី​ស្រង់​សុគន្ធវារី​កើត​មាន​តាំងពី​សម័យ​ពុទ្ធកាល​មក​ម្ល៉េះ ហើយ​មរតក​វប្បធម៌​នេះ​បាន​សាយភាយ​ផ្សព្វផ្សាយ​ចូល​មក​ដល់​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​មហាសាគរ​បា​ស៊ី​ហ្វិ​ក និង​មួយ​ផ្នែក​ធំ​ទៀត​នៃ​ពិភពលោក ។ ក្នុង​ចំណោម​នេះ​ដែរ ព្រះរាជាណាចក្រ​កម្ពុជា​ជា​ប្រទេស​មួយ​មាន​អរិយធម៌​ដ៏​រុងរឿង និង​មាន​ទំនៀមទម្លាប់​វ័យ​ចំណាស់​តាំងពី​បុរាណ​មក តាម​រយៈ​សិលាចារឹក និង​ស្លាកស្នាម​ដែល​បន្សល់​ទុក​មក​តាម​ប្រាង្គ​ប្រាសាទបុរាណ​នានា ជា​ពហុ​វប្បធម៌​ត្រូវ​បាន​អភិ រក្ស​ថែរក្សា ។ ពិធី​ស្រោចស្រព​សុគន្ធវារី​ដែល​យើង​កំពុង​ធ្វើ​នា​ពេល​នេះ ពិតជា​សម​ស្រប​ទៅ​នឹង​គន្លង​ប្រពៃណី​សាសនា​ដែល​ដូនតា​ខ្មែរ​បាន​ប្រតិបត្តិ ហើយ​នៅ​តែ​បន្ត​អនុវត្ត​រហូត​សព្វថ្ងៃ ។

កាលពីដើម​ឡើយ ពួក​សត្វ​ជ្រូក​បាន​នាំ​គ្នា​ទៅ​ខាំ​ពាំ​ស្លឹក​ល្វា​មក​គរ​ជា​ពំនូក ហើយ​ក៏​អញ្ជើញ​មេ​ជ្រូក​មេកោយ​ទាំងអស់​មក​ដេក​នៅ​លើ​ស្លឹក​ល្វា ហើយ​នាំ​គ្នា​ទៅ​ពាំសម្បក​ខ្យងស័ង្ខ​(​ងាប់​)​ដែល​ចោល​នៅ​តាម​មាត់បឹង ដួស​ទឹក​បឹង​នោះ​មក​ស្រោចស្រព​លើ​មេ​ជ្រូក​នោះ ហើយ​មេ​ជ្រូក​នោះ​អាយុ​រហូត​ដល់​៥០០​ឆ្នាំ ទើប​ស្លាប់ ។ លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី​បន្ត​ទៀត​ថា ទំនៀម​នៃ​កម្លាំង​អធិធម្មជាតិ​នេះ មនុស្ស​បាន​យក​មក​ច្នៃប្រឌិត​ក្នុង​ការ​ស្រោចស្រព​សុគន្ធវារី​ដោយ​យក​តាម​លំនាំ​សត្វ គឺ​បុរាណ​ណា​ចា​រ្យ​បាន​យក​សម្បក​ខ្យងស័ង្ខ​ដួស​ទឹកជា​ទំនៀម ជួនកាល​ក៏​បាន​ធ្វើ​អំពី​សំរឹទ្ធិ លង្ហិន ជា​រូប​ខ្យងស័ង្ខ ហើយ​មាន​ឆ្លាក់​រូប​ព្រះពុទ្ធ​លៀន​ចេញ​តាម​មាត់​ខ្យង​នោះ​ផង​ដែរ ។

បើ​តាម​ក្នុង​គម្ពីរ​វេទ គេ​បាន​ប្រើ​គុណជាតិ​៧​យ៉ាង​ក្នុង​ទឹកមន្ត និង​យក​ទៅ​ស្រោចស្រព​លើ​មនុស្ស​គឺ ១-​ក្រូចសើច ២-​ស្លឹក​សំបួរ ៣-​កំញៀន ៤-​សម្បក​ទេ​ពិ​រូ ៥-​សម្បក​ល្វៀង ៦-​ឈើឯម ៧-​ខ្លឹមចន្ទន៍​ក្រស្នា​មាន​អានុភាព​ស័ក្តិសិទ្ធិ​ណាស់ ក្នុង​ការ​ដេញ​ឧបទ្រព​ចេញ និង​មាន​អាយុ​យឺនយូរ ។ បន្ទាប់​ពី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ មន្ត្រីរាជការ​រួច​មក គឺ​មាន​ពិធី​បំពាក់​គ្រឿង​ឥស្សរិយ យស​ដែល​មាន​មេដាយ​ស្ថាបនា​ជាតិ និង​មេដាយ​ការងារ ប្រគេន​និង​ជូន​ដល់​ព្រះសង្ឃ និង​មន្ត្រីរាជការ សប្បុរសជន និង​ប្រគេន​ទេយ្យទាន​ដល់​ព្រះសង្ឃ​ចំនួន​៤៥០​អង្គ ក្នុង​១​អង្គ ស្បង់​ចីវរ​មួយ​លៀង និង​បច្ច័យ​២​ម៉ឺន​រៀល ។

ផ្តល់​អំណោយ​ដល់​យាយជី​តាជី​៣០០​នាក់​ក្នុង​ម្នាក់​ៗ​ទទួល​បាន​សម្លៀក​បំពាក់​មួយ​សម្រាប់ ប្រាក់​១​ម៉ឺន​រៀល លោកគ្រូ​អ្នកគ្រូ​១៨​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​សារុង​១ ប្រាក់​២​ម៉ឺន​រៀល សិស្សានុសិស្ស​១០០​នាក់ ក្នុង​ម្នាក់​ៗ​សៀវភៅ​២​ក្បាល ប៊ិក​២​ដើម ប្រាក់​៥​ពាន់​រៀល ប្រជាពលរដ្ឋ​២.៥០០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​សារុង​១ ប្រាក់​១​ម៉ឺន​រៀល ។ បន្ទាប់​មក​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​៤៥០​អង្គ វេរ​ជា​កិច្ច​បង្ហើយ​បុណ្យ ៕