ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​រាជ​ធានី​ភ្នំពេញ ៖ ​បុរស​២នាក់​​​ជិះ​ម៉ូតូ​លឿន​ពេក​ជ្រុល​ទៅ​បុក​ពីក្រោយ​អេ​ស្កា​វ៉ា​ទ័​រ​ដែល​កំពុង​​បើកបរ​​បណ្តាល​ឲ្យ​រង​របួសធ្ងន់​​ទាំង​២​នាក់ ​​កាល​ពី​​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ គេ​​ឃើញ​បុរស​ម្នាក់​​​បើក​គ្រឿងចក្រ​កាយ​ដី​អេ​ស្កា​វ៉ា​ទ័​រ ពណ៌​លឿង ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ទិស​ដៅ​ពី​កើត​ទៅ​លិច  ដោយសារ​តែ​អេ​ស្កា​វ៉ា​ទ័​រ​មាន​​អំពូល​ភ្លើង​​បំភ្លឺ​​ផ្លូវ​តិច​ពេក​ ​​លុះ​មក​ដល់​​ចំណុច​កើតហេតុ​ជា​កន្លែង​ងងឹត​ផង​នោះ ស្រាប់តែ​​​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ​1CC-2759 ជិះ​គ្នា​​២នាក់ បើក​​មក​ពីក្រោយ​លឿន​ពេក​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​ពីក្រោយ​អេ​ស្កា​វ៉ា​ទ័​រ​ពេញទំហឹង បណ្តាល​ឱ្យ​​ដួល​បោក​បែកក្បាល​រង​របួសធ្ងន់​ទាំង​ពីរ​នាក់​​តែ​ម្តង​ ​ឯ​​ម៉ូតូ​ខ្ទេច​មួយ​កំណាត់​ខាង​មុខ ចំណែក​អ្នក​បើក​អេ​ស្កា​វ៉ា​ទ័​រ​​បាន​រត់​គេចខ្លួនបាត់ ។

ក្រោយ​ពេល​កើតហេតុ​ អ្នក​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​​ពេទ្យ​កាល់​ម៉ែ​ត  ។ រីឯ​ម៉ូតូ​និងអេ​ស្កា​វ៉ា​ទ័​រ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ការិយាល័យ​ច​រាចរណ៍​ផ្លូវគោក​រង់ចាំ​​​ដោះស្រាយ​តាម​ផ្លូវ​​ច្បាប់ ៕