ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​រាជ​ធានី​ភ្នំពេញ ៖ ​​ភេទ​ទី​៣​បើក​រថយន្ត​​ក្នុង​ល្បឿន​​លឿន​​​គេច​​អ្នក​ដើរ​ឆ្លងផ្លូវ​ជ្រុលទៅ​បុក​បង្កាន់ដៃស្ពាន​បណ្តាល​ឲ្យ​​រង​របួស​​ធ្ងន់​ម្នាក់​​ ​ចំណែក​រថយន្ត​ខ្ទេច​​ខូច​ខាត​យ៉ាង​ដំណំ​ ​កាល​ពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ​ចំណុច​​ស្ពាន​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​បាក់​ខែង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយ​ចង្វារ ។

​សាក្សី​​នៅ​កន្លែង​កើតហេតុ​បានឱ្យ​​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​​ឃើញ​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស​RX៣០០ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AH-6054 ជិះ​គ្នា​៣​នាក់​សុទ្ធតែ​ភេទ​ទី​បី ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​​ខាងលើ​​​ស្រាប់​តែ​មាន​​មនុស្ស​ដើរ​ឆ្លងផ្លូវ​​ក៏​បួង​ចង្កួត​គេច​ជ្រុល​ទៅ​បុក​បង្កាន់​ដៃស្ពាន​លេខ​៤​ពេញទំហឹង បណ្តាលឱ្យ​​រថយន្ត​ដាច់​កាឡេ​ខាងស្តាំ​ និង​ខូចខាត​មួយ​កំណាត់​មុខ​ខាងស្តាំ​ទាំងស្រុង​ ​​​​​​និង​បណ្តាល​ឱ្យ​​អ្នក​អង្គុយ​នៅ​មុខ​ខាងស្តាំរង​របួស​​ធ្ងន់​​ម្នាក់​ និង​ស្រាល​​​២នាក់ ។​

ក្រោយ​ពេល​កើតហេតុ​ អ្នក​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅគ្លីនិក​ឯកជន ចំណែក​បង្កាន់ដៃស្ពាន​គ្រាន់តែ​រលាត់​ថ្នាំ​តិចតួច​ ​​​ហើយ​រថយន្ត​បង្ក​ត្រូវ​បានសមត្ថកិច្ច​ស្ទូច​​​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោ​ក ​ដើម្បី​រង់​​ចាំ​​​ដោះស្រាយ​តាម​ផ្លូវ​​ច្បាប់ ៕