ការ​រត់​​ចម្ងាយ​ឆ្ងាយ​បំផុតលើក​ដំបូង​ នៅ​អង្គរ ​បាន​បញ្ចប់​​ដោយ​​​ជោគ​ជ័យ​

​ព្រឹត្តិការណ៍​ការ​ប្រកួត​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​បំផុត(១២៨គីឡូម៉ែត្រ)​ នៅ​តំបន់​អង្គរ ឆ្នាំ​២០១៦ ​​“Angkor Ultra Trail 2016” ​​ដែល​បាន​​ចាប់​ផ្តើម​​កាល​ពី​ថ្ងៃ​សៅរ៍នោះ ​បាន​បញ្ចប់ យ៉ាង​ជោគ​ជ័យ កាល​ពីព្រឹក​ថ្ងៃ​អាទិត្យ ម្សិល​មិញ ​​ដែល​ធ្វើ​ឲ្យ​គណៈកម្មការ​ឈាន​ដល់​សម្រេច​ឲ្យ​មាន​ការ​ប្រកួត​បែប​នេះ ជា​រៀង​រាល់​ឆ្នាំ​តែ​ម្តង។

run-1

សម្រាប់​​ការប្រកួត​ ដែល​មាន​អត្ត​ពលិក​មក​ពី​២៦​ប្រទេស​ជុំ​វិញ​ពិភព​លោក​បាន​ចូល​រួម​នេះ បាន​ចែក​ចេញ​៤​​​វិញ្ញាសា ប៉ុ​ន្តែ​ការ​រត់​​ចម្ងាយ៣៤​គីឡូ​ម៉ែត្រ ចម្ងាយ​​៦៤​គីឡូម៉ែត្រ​ និង​រត់​កាន់​ឈើច្រត់​ចម្ងាយ​៨​គីឡូម៉ែត្រ ​បាន​​បញ្ចប់​តាំង​ពី​រាត្រី​ថ្ងៃ​សៅរ៍ ខណៈ​វិញ្ញាសា​ទាំង​៤​នេះជ ​មាន​កីឡាការិនី​ជាង​២០០​នាក់ បាន​ចូល​រួម។​ ចំណែក​​រត់​ចម្ងាយ​​១២៨​គីឡូម៉ែត្រ​ ​មាន​អ្នក​រត់​អាជីព​ចំនួន​៦០​នាក់​ បាន​ចូល​រួម ​ហើយ​ឆ្លង​កាត់​ការ​រត់​ទាំង​ថ្ងៃ​ទាំង​យប់ មិន​ឲ្យ​លើស​២៨ម៉ោង​នោះ គឺ​អត្ត​ពលិក​​ទាំង​៦០​នាក់​ បាន​រត់​មក​ដល់​គោល​ដៅ​ទាំង​អស់​គ្នា​តែ​ម្តង។

នៅ​ក្នុង​ការ​ប្រកួត​ចម្ងាយ​១២៨​គីឡូ​ម៉ែត្រ ដ៏​សែន​លំបាក​នេះ កីឡាករ​មក​ពី​ប្រទេសម៉ា​ឡេស៊ី​ ​Hain Lin Soh បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១ ដោយ​ចំណាយពេល​​១៨:​៣៤:៥៦ម៉ោង លេខ២​បាន​ទៅ​កីឡាករ មកពីអាហ្រ្វិកខាងត្បូង ​Porthra​ Anbrew ​ដោយ​ប្រើពេល​១៨:​៣៨​:៣១ម៉ោង លេខ៣​បាន​ទៅ ​Clenenc Julien មកពីបារាំង ប្រើពេល​១៩:២៨:០៧ម៉ោង ហើយ​​កីឡាករ​ជនជាតិជប៉ុន-សញ្ជាតិខ្មែរ​ Konoshita Nitsuti បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​៤ បាន​ប្រើពេល ២០:​៣៩:៥៥ម៉ោង។​

run-2

run-3

ចំណែក​​ការ​រត់​ចម្ងាយ​១២៨​គីឡូ​ម៉ែត្រ​ផ្នែកនារី ចំណាត់​ថ្នាក់​លេខ១​បាន​ទៅកីឡាការិនី​របស់​ថៃ ​Boolthanit ​Uksobkeaw ដោយ​ប្រើថិរវេលា ២១:២៧:៥៧​ម៉ោង លេខ២បាន​ទៅ Bufous Isabtlle របស់​បារាំង ប្រើពេល ២២:៤០:០៦ម៉ោង និងលេខ៣ បានទៅកីឡាការិនី Eyre Aurelia មកពីបារាំងដែរ ជាមួយ​ថិរវេលា២៣:៣៨:៤៣​ម៉ោង។ យ៉ាង​ណា​ក៏​ដោយ លោក​ វ៉ាត់​ ចំរើន​ នាយក​គ្រប់​គ្រង​ការ​ប្រ​កួត និង​ជា​អគ្គ​លេខាធិការ NOCC បាន​ថ្លែង​ថា​៖«​ការ​​ប្រ​កួត​នេះ ​មិន​ផ្តោត​ខ្លាំង​ទៅ​លើ​​ចំណាត់​ថ្នាក់​នោះ​ទេ​ ​ព្រោះនេះ​​ជា​កីឡា​ភ្ជាប់​ជា​មួយ​ទេស​ចរណ៍ ​ប៉ុន្តែ​គោលការណ៍​សំខាន់​របស់​អ្នក​រត់​ថ្នាក់​អាជីព​ គឺ​ពួក​គេ​​ចង់​ជាប់​ក្នុង​កម្រិត​ក្រោម​២៨​ម៉ោង​ ដើម្បី​​ឲ្យ​​​គណៈកម្មការ​ប្រ​កួត ​​​រាប់​បញ្ជូល​ក្នុង​សមាជិក​ ដ៏​មាន​សារៈ​សំខាន់​ក្នុង​​ព្រឹត្តិការណ៍ Angkor Ultra Trail ​2016 ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ជា​លើក​ទី​ដំបូង​នៅ​កម្ពុជា​នេះ»។

run-4

លោក វ៉ាត់ ចំរើន បាន​បន្ត​ថា៖​«​តាម​រយៈ​លទ្ធ​ផល​ដែល​យើង​ទទួល​បាន​នៅ​ក្នុងការ​ប្រកួត​ជា​លើក​ទី​១​នេះ បាន​​ធ្វើ​ឲ្យ​គ្រប់​​ភាគី​ ឈាន​ដល់​សម្រេច​​ដាក់​ការ​ប្រកួត Angkor Ultra Train នេះ​ក្នុង​គម្រោង​​​ប្រចាំ​​ឆ្នាំ​តែ​ម្តង គឺ​ក្នុង​​រយៈ​ពេល​១០​ឆ្នាំ ជា​​បន្ត​បន្ទាប់គ្នា ​ហើយយើង​សង្ឃឹម​ថា ​ការ​ប្រកួត​នៅ​ឆ្នាំ​ក្រោយៗ​ទៀត នឹង​មានការ​​ចូល​រួម​​កាន់​តែ​ច្រើន​​»៕​

run-5

run-6