ព្រឹត្តិការណ៍បាល់ទាត់មនុស្សធម៌ SCG MUANGTHONG ASEAN TOUR ឆ្នាំ២០១៦ ប្រមូលថវិកាបាន ៣ម៉ឺន៨ពាន់ដុល្លារ ក្រុមហ៊ុនថែមបង្គ្រប់ ៥ម៉ឺនដុល្លារបរិច្ចាកទៅគន្ធបុប្ផា

ភ្នំពេញ៖ ការប្រកួតបាល់ទាត់មនុស្សធម៌ រវាងក្រុម SCG Muangthong United និងក្រុម K-Cement Cambodian All Stars នៅពហុកីឡាដ្ឋានជាតិអូឡាំពិកប្រមូលថវិកាបាន ៣ម៉ឺន៨ពាន់ដុល្លារ ក្រុមហ៊ុននឹងថែមបង្គ្រប់ ៥ម៉ឺនដុល្លារដើម្បីបរិច្ចាកទៅមន្ទីរពេទ្យគន្ធបុប្ផា។

ប្រជាជនកម្ពុជា បានចូលរួមទស្សនាដោយផ្ទាល់ យ៉ាងច្រើនកុះករ និងស្រែកហ៊ោគាំទ្រក្រុមដែលខ្លួនពេញចិត្ត សរុបមនុស្សប្រមាណជិត៥ម៉ឺននាក់ និងបានទស្សនាការប្រកួតយ៉ាងស្វិតស្វាញ ដោយទីបញ្ចប់ក្រុម K-Cement Cambodian All Stars បានធ្វើឲ្យកម្ពុជាមានមោទនភាព ដោយយកឈ្នះលើក្រុមកំពូលមួយរបស់ថៃ SCG Muangthong United ជាមួយនឹងលទ្ធផល 4-3 ។

បន្ថែមពីនេះទៀត " ការប្រកួតនេះ គឺជាការប្រកួតដើម្បីហេតុផលសប្បុរសធម៌ ដែលក្រុមហ៊ុន អេស ស៊ី ជី ជាម្ចាស់ឧបត្ថម្ភធំរបស់ក្រុម SCG Muangthong United និងជាអ្នកផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ បានសន្យាថា នឹងបរិច្ចាកថវិកា ១០០% ដែលទទួលបានពីការលក់សំបុត្រចូលទស្សនា និងវត្ថុអនុស្សាវរីយ៍ទៅដល់មន្ទីរពេទ្យគន្ធបុប្ផានៃប្រទេសកម្ពុជា "។

លោក Somwang Manpimonchai នាយកប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុនអេស ស៊ី ជី (ផ្នែកស៊ីម៉ង់-សម្ភារៈសំណង់)បានបញ្ជាក់ថា " ចំនួនទឹកប្រាក់សរុបដែលប្រមូលបាន ក្នុងព្រឹត្តិការណ៍នេះ គឺ ៣ម៉ឺន៨ពាន់ដុល្លារអាមេរិក ហើយក្រុមហ៊ុននឹងចូលវិភាគទានបន្ថែមនូវថវិកាផ្ទាល់របស់ក្រុមហ៊ុន ដើម្បីបង្គ្រប់ឱ្យដល់ ៥ម៉ឺនដុល្លារ សម្រាប់បរិច្ចាកទៅដល់មន្ទីរពេទ្យគន្ធបុប្ផា " ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ មករា ក្នុងកម្មវិធីជប់លៀងមួយដែលបានរៀបចំឡើងដោយ អេស ស៊ី ជី ដើម្បីអបអរសាទរមុនការប្រកួត លោក Roongrote Rangsiyopash ប្រធានអគ្គនាយកក្រុមហ៊ុន អេស ស៊ី ជី បាននិយាយថា “តាមរយៈការប្រកួតបាល់ទាត់មិត្តភាពលក្ខណៈអន្ដរជាតិនេះ យើងចង់បង្ហាញនូវការប្តេជ្ញាចិត្តរបស់ អេស ស៊ី ជី ក្នុងនាមជាក្រុមហ៊ុនឈានមុខគេមួយក្នុងតំបន់អាស៊ាន ថាយើងតែងខិតខំព្យាយាមចូលរួមចំណែកលើកស្ទួយសង្គម នៅគ្រប់ប្រទេសដែលយើងធ្វើអាជីវកម្ម"។

ពិធីប្រគល់ទឹកប្រាក់មនុស្សធម៌ ចំនួន ៥ម៉ឺនដុល្លារ ទៅដល់មន្ទីរពេទ្យគន្ធបុប្ផានឹងធ្វើឡើង នាពេលឆាប់ៗខាងមុខនេះ ដោយក្រុមហ៊ុន កំពុងដំណើរការឯកសារចាំបាច់ និងសហការជាមួយមន្ទីរពេទ្យ ដើម្បីរៀបចំកម្មវិធីឲ្យបានអធិកអធម៕