ក្រុមហ៊ុន រ័ត្ន សាខន រងការចោទប្រកាន់ពីសហគមន៍សមុតលើ ចូលកាប់បំផ្លាញព្រៃឈើ

រតនគិរី៖ ប្រជាសហគមន៍ជនជាតិដើមភាគតិចទំពួន នៅភូមិ សមុតលើ ឃុំសេដា ស្រុកលំផាត់ បានចោទប្រកាន់ថាក្រុមហ៊ុនរ័ត្ន សាខន ចូលកាប់ឈើប្រណិតដែលមានតម្លៃក្នុងព្រៃសហគមន៍ និងព្រៃឈើបម្រុងទុករបស់រដ្ឋ។ ដោយពួកគាត់សម្តែងការមិនពេញចិត្តចំពោះមន្ត្រីបរិស្ថានធ្វើរោងយាម តែមិនការពារព្រៃឈើបែរជាត្រូវរ៉ូវជាមួយក្រុមហ៊ុន នោះធ្វើសកម្មភាពកាប់ឈើក្នុងព្រៃសហគមន៍ ត្រង់ចំណុចភ្នំហើល អូរណាងម៉ៅ និងព្រៃឈើបម្រុងទុករបស់រដ្ឋត្រង់ចំណុចភ្នំទ្រោម  រួចដឹកយកមកគរទុកជ្រកក្រោមស្លាក ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។

ប្រធានសហគមន៍សមុតលើលោក ទុយ ញ៉េប បានឲ្យដឹងថា កន្លងទៅលោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី ក្នុងឱកាសបើកវេទិកាសាធារណៈបានមានប្រសាសន៍លើកឡើងថា ព្រៃឈើដែលប្រជាសហគមន៍ ស្នើសុំចំនួនពីរពាន់ហិកតានៅតំបន់ខាងលើនោះ មិនអនុញ្ញាតិអោយក្រុមហ៊ុនឈូសឆាយ ឬកាប់ឈើនោះទេ ត្រូវរក្សាទុកសិន មុនពេលមានសេចក្តីសម្រេចពីថ្នាក់ក្រសួង តែបច្ចុប្បន្នភាគីក្រុមហ៊ុនជួលកម្មករពីតំបន់ផ្សេងៗចូលកាប់ព្រៃឈើ ក្នុងព្រៃសហគមន៍សមុតលើ យ៉ាងអាណាធិបតេយ្យ។

ទាក់ទិនទៅនឹងការចោទប្រកាន់ ពីប្រជាសហគមន៍ នៅភូមិសមុតលើនេះ លោក រ៉ា វី តំណាងក្រុមហ៊ុន រ័ត្ន សាខន ប្រាប់ឲ្យដឹងថា ចាំអោយគេចុះទៅត្រង់ចំណុចដែលប្រជាសហគមន៍ចោទនោះអោយយកGPS ទៅចុចមើលសិន រួចចំាលោកឆ្លើយតបពេលក្រោយ។

ដោយឡែកប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី លោកជូ សុភ័ក្ត្រ បានប្រាប់អ្នកសារពត៌មានតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៤ ខែមករា នេះថាចំណុចដែលប្រជាសហគមន៍ហៅថា អូររណាងម៉ៅនោះលោកពុំស្គាល់ឡើយ មិនដឹងថារឿងពិត ឬអត់ទេ តែលោកគ្រាន់តែដឹងថាសហគមន៍សមុតលើកន្លងមក ធ្លាប់មានបញ្ហារឿងព្រៃឈើមែន។ ទោះបីយ៉ាងណាប្រជាសហគមន៍ជនជាតិដើមភាគតិចទំពួន នៅភូមិសមុតលើមានការព្រួយបារម្ភចំពោះព្រៃឈើពួកគាត់ មិនទាន់មានសេចក្តីសម្រេចពីថ្នាក់លើដើម្បីអោយពួកគាត់កាន់កាប់ស្របច្បាប់ ប៉ុន្តែក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងមហាផ្ទៃបានទទួលស្គាល់ជាស្ថាពរហើយ៕