ឧក្រិដ្ឋជន​ប្រើ​ព្រះ​អគ្គី​កម្ទេច​ស្ពាន​ទៅ​កន្លែង​ដុត​ឈើ

ឧក្រិដ្ឋជន​ប្រើ​ព្រះ​អគ្គី​កម្ទេច​ស្ពាន​ទៅ​កន្លែង​ដុត​ឈើ

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​ពី​ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា ស្ពាន​មួយ​កន្លែង​ចូល​ទៅ​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១​ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សម្បទាន​ដី​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​ក្នុង​ការ​វិនិយោគ​ដំណាំ​កៅស៊ូ​ប៉ុន្តែ​បែរជា​មាន​ឈើ​ប្រណីត​ស្តុក​ទុក​រាប់​ពាន់​ម៉ែត្រគូប ស្ថិត​ក្នុង​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា បាន​ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​រុះរើ និង​ដុត​បំផ្លាញ​ចោល​កាលពី​យប់​ថ្ងៃ​ទី​២១ ខែមករា​។ ស្ពាន​នេះ​សង់​អំពី​ឈើហុប​មូល​ក្រាល​ដាក់​តម្រៀប​គ្នា ធ្វើ​ជា​ស្ពាន​ត្រូវ​បាន​គេ​រុះរើ​ផង ដុត​ផង​ដែល​គេ​សង្ស័យ​ថា ក្នុង​បំណង​កាត់​ផ្តាច់​ការ​ធ្វើ​ចរាចរណ៍​របស់​គណៈកម្មការ​ជាតិ ដែល​ត្រូវ​ចេញចូល​ទៅ​ពិនិត្យ​ឧក្រិដ្ឋកម្ម​ព្រៃឈើ ដែល​ក្រុមហ៊ុន​យួន​មួយ​នេះ​កំពុង​សង្ស័យ​ថា បាន​ប្រព្រឹត្ត ។

ការ​រុះរើ​និង​ដុត​បំផ្លាញ​ស្ពាន​ដែល​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខាងលើ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ព័ត៌មាន​មិន​ផ្លូវការ​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​ពិនិត្យ​ឈើ​នៅ​ក្នុង​ក្រុមហ៊ុន​នោះ ។
យ៉ាងណា​ក៏​ដោយ លោក ស្វាយ សំ​អ៊ា​ង អភិបាលរង​ខេត្ត និង​លោក ស៊ិ​ន វណ្ណ​វុ​ឌ្ឍ អភិបាលស្រុក​កែវ​សីមា បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ព័ត៌មាន​ពី​ការ​បំផ្លាញ​ស្ពាន​នេះ លោក​ទាំង​ពីរ​មិន​ទាន់​បាន​ទទួល​នៅឡើយ​ទេ និង​កំពុង​ឲ្យ​មន្ត្រី​ចុះ​ពិនិត្យ ។

សេចក្តីរាយការណ៍​បាន​បន្ត​ទៀត​ថា ព័ត៌មាន​ពី​ការ​បំផ្លាញ​ស្ពាន​នេះ​ដែរ ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ធ្វើការ​រារាំង​គំរាម​អ្នកកាសែត​មិន​ឲ្យ​ចូល​ទៅ​ថតរូប​យក​ព័ត៌មាន​ឡើយ ។ ចំពោះ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ក្នុង​តំបន់​នោះ កំពុង​ធ្វើ​ឱ្យ​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ កំពុងបាយ​ក៏​មិន​នឹក ទឹក​ក៏​មិន​ស្រេក ហើយ​កាន់តែ​ស្អប់​អ្នកកាសែត ។
ពាក់ព័ន្ធ​នឹង​បញ្ហា​អ្នកកាសែត​នេះ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី សាក់ សា​រ៉ាង មិន​អាច​ទាក់ទង​តាម​ទូរស័ព្ទ​ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​លេខ​ទូរស័ព្ទ​លោក​បាន​បិទ​មិន​ដំណើរការ ។

បន្ត​ចាប់​ឈើ​ច្រើន​ពាន់​កំណាត់​ទៀត ក្នុង​ក្រុមហ៊ុន​ចិន​ដាំដំឡូង​មី

ខេត្តក្រចេះ ៖ ក្រៅពី​ការ​តាម​ស្រាវជ្រាវ​រក​គល់ឈើ និង​ប្រភព​ឈើ​មាន​ចំនួន​រាប់​ពាន់ ម៉ែត្រគូប ដែល​បាន​បង្ក្រាប​ក្នុង​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​មួយ នៅ​ក្នុង​បរិវេណ​របស់​ក្រុមហ៊ុន ចិន នៅ​ឃុំ​ស្រែ​ជិះ ស្រុក​សំបូរ ទៅ​តាម​បទបញ្ជា​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ជា​លទ្ធផល​នៅ​មិន​ទាន់​ដឹង​ថា ទទួល​បាន​យ៉ាងណា​នៅឡើយ​ផង​ទេ ។ កម្លាំង សមត្ថកិច្ច​ក្រោម​ការ​ដឹកនាំ​ដោយ​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត និង​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល ព្រៃឈើ បាន​បន្ត​ស្រាវជ្រាវ រុករក​ឃើញ​គំនរ​ឈើ​ជា​ច្រើន​គំនរ​ផ្សេង​ទៀត ដែល​ស្តុក​នៅ​ក្នុង ក្រុមហ៊ុន​ចិន​មួយ​ផ្សេង​ទៀត ចម្ងាយ​ជាង​៣០​គីឡូ​មែ​៉​ត្រ​ពី​គ្នា​ក្នុង​ឃុំ​ស្រែ​ជិះ និង​ឃុំ​រលួស​មាន​ជ័យ ស្រុក​សំបូរ ។

គំនរ​ឈើ​អារ​ប្រណីត​ប្រភេទ​ធ្នង់ មានមុខ​កាត់​តូច​ធំ និង​ឈើ​អារ​ឡាំង​ជ្រុង​ប្រភេទ​សុ​ក្រំ មាន​ចំនួន​រាប់​ពាន់​កំណាត់ ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ និង​ធ្វើការ​បង្ក្រាប នៅ​ល្ងាច​ថ្ងៃ​ទី​២២ មក​រា ក្រោយ​ពី​មាន​ចុះ​ស្រាវជ្រាវ និង​ទទួល​បាន​សេចក្តីរាយការណ៍ ពី​អ្នក​សារព័ត៌មាន​រួច​មក ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុ​ន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត កាលពី​ថ្ងៃ​ទី​២៤ មក​រា ។

ឈើ​ប្រណីត​ប្រភេទ​ធ្នង់ មានមុខ​កាត់​តូច​ធំ​មិន​តិច​ជាង​៣​ពាន់​កំណាត់ ត្រូវ​បាន​គេ​រៀប​ទុកដាក់​ជា​ច្រើន​គំនរ ក្នុង​របៀប​ងាយ​និង​លើកដាក់​រថយន្ត និង​ឈើ​សុ​ក្រំ​មុខកាត់​ធំ​និង​វែង ដែល បាន​អារ​ឡាំង​៤​ជ្រុង​រួច​ជា​ស្រេច ត្រូវ​ទុក​រាយ​ប៉ាយ​ក្នុង​ព្រៃ ដែល​ខ្លះ​ត្រូវ​បាន​ដុត តែ​មិន​ទាន់​ឆេះ​អស់ ។ ឈើ​ទាំងនេះ​ត្រូវ​បាន​រុករក​ឃើញ​នៅ​ក្នុង​បរិវេណ​ក្បែរ​ស្នាក់​ការ​ក្រុមហ៊ុន​ចិន​មួយ ឈ្មោះ​ថា ស៊ី អិន វី (CNV) មាន​ចម្ងាយ​ជាង​៣០​គីឡូ​មែ​ត្រ ពី​ក្រុមហ៊ុន​ឆាយ​ណា​ឌី​ណា​ម៉ិ​ក (China Dynamic) ដែល​សមត្ថកិច្ច​ទើបតែ​បង្ក្រាប​បាន​ថ្មី​ៗ​ចំនួន​រាប់​ពាន់​មែ​៉​ត្រ​គូប កាលពី​ប៉ុន្មាន​ថ្ងៃមុន ក៏​ត្រូវ​បង្ក្រាប​ទាំងស្រុង​ដូច​គ្នា ។

ក្រុមហ៊ុន​ចិន​ឈ្មោះ ស៊ី អិន វី (CNV) ជា​ក្រុមហ៊ុន​មួយ​មានច្បាប់​វិនិយោគ​សម្បទាន​សេដ្ឋកិច្ច​ដំឡូង​មី លើ​ផ្ទៃដី​ទំហំ​ជាង​៧​ពាន់​ហិ​កតា នៅ​ក្នុងភូមិ​សាស្ត្រ​ចំនួន​២​ឃុំ គឺ​ឃុំ​រលួស​មាន​ជ័យ និង​ឃុំ​ស្រែ​ជិះ ក្នុងស្រុក​សំបូរ ។
សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​ចិន​មួយ​នេះ មិន​មានច្បាប់​ក្នុង​ការ​ឈូស​ឆាយ ដី​ព្រៃ​សម្បទាន​នោះ​ទេ តែ​ក្រុមហ៊ុន​នេះ​បែរជា​មាន​ឈើ​ប្រណីត និង​ឈើ​អារ​រាប់់​ពាន់​កំណាត់ ដាក់​នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន ដោយ​មិនដឹង​ថា​បាន​មកពីណា ?

ប្រភព​ព័ត៌មាន​ខ្លះ​បាន​បង្ហើប​ប្រាប់​ថា ឈើ​ទាំង​អស់នេះ មាន​៣​ម្ចាស់​ធំ​ៗ នៅ​ក្នុង​ខេត្តក្រចេះ ដែល​គេ​ដឹង​ថា មាន​ឈើ​មួយ​ចំនួន​ធំ ត្រូវ​បាន​ដឹក​ជញ្ជូន​ចេញ​ផុត​អស់ពី​តំបន់​នេះ ក្នុង​អំឡុង​ប៉ុន្មាន​ថ្ងៃមុន មុន​ការ​បង្ក្រាប​បាន​ធ្វើ​ឡើង ។ 

មិន​អាច​ធ្វើការ​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ទេ ពី​លោក ទ្រី សុ​ភ័ក្ត្រ នាយ​ខ័​ណ្ឌ​រដ្ឋបាល ព្រៃឈើ​ក្រចេះ ដែល​ទើបតែ​ឡើង​កាន់​តំណែង​ថ្មី និង​ហាក់ដូចជា​បាន​បណ្តែតបណ្តោយ​ឱ្យ​មាន​ឈើ​ខុសច្បាប់​រាប់​ពាន់​កំណាត់ លាក់​ក្នុង​ព្រៃ​ក្រុមហ៊ុន ដោយ​ធ្វើ​ដូច​ជា​មិនដឹង​រឿង ក្នុង​រូបភាព «​កន្ទេល​ធំ​បន្លំ​ដេក​» ។ បើ​តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ សាន្ត ប៊ុ​ន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​ដឹង​ថា ក្រោយ​ពី​មានការ​រុករក​ឃើញ​ឈើ​ទាំងនេះ កម្លាំង​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​វាស់វែង និង​ធ្វើការ​រុករក​បន្ត​ទៀត ៕