ទុក្ខ​ស្ត្រី​ប្តី​៤ ប្តី​មួយ​ណា​ក៏​ធ្វើបាប រហូត​ប្តី​ចុង​ក្រោយ​អាចារ្យវត្ត​ក៏​ប្តឹង​សុំ​លែង​ដែរ

ទុក្ខ​ស្ត្រី​ប្តី​៤ ប្តី​មួយ​ណា​ក៏​ធ្វើបាប រហូត​ប្តី​ចុង​ក្រោយ​អាចារ្យវត្ត​ក៏​ប្តឹង​សុំ​លែង​ដែរ

ខេត្តព្រៃវែង ៖ ស្ត្រី​ចំណាស់​ម្នាក់ ដែល​អ្នកស្រុក​នៅ​តំបន់​អ្នក​លឿង​ស្គាល់​រហស្សនាម​ថា យាយ ចំរើន​លក់​ម៉ាំ បាន​រៀបរាប់​ទាំង​ទ្រហោយំ​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ថា រូប​គាត់​គឺជា​ស្រី​អភ័ព្វ​ខ្លាំង​ណាស់ តាំងពី​ក្មេង​ដល់​ចាស់​មាន​ប្តី​ដល់​ទៅ​៤​ដង សម​ណាស់​តែ​ទទួល​បានការ​ថ្នាក់ថ្នម​ជាង​ស្ត្រី​ដទៃ​ទៀត​ដែល​មាន​ប្តី​តែ​មួយ តែ​ប្តី​មួយ​ណា​ក៏​ធ្វើបាប​គាត់​ដែរ ហើយ​ចុង​ក្រោយ​នេះ​លោក​ប្តី​របស់​គាត់ ជាតា​អាចារ្យវត្ត​អាយុ​៧៥​ឆ្នាំ បែរជា​ថ្មី​ៗ​នេះ​បាន​ដាក់​ពាក្យ​ប្តឹង​ទាមទារ​លែងលះ​ពី​គាត់ និង​ទាមទារ​ចែកទ្រព្យ​យក​ទៅ​ការ​ប្រពន្ធ​ថ្មី ធ្វើ​ឱ្យ​គាត់​ឈឺចិត្ត​ស្អិត​ទ្រូង​ខ្លាំង​ណាស់ ។

ស្ត្រី​ចំណាស់​រូប​នេះ​ឈ្មោះ សឹង ចំរើន អាយុ​៤៩​ឆ្នាំ មានមុខរ​បរជា​អ្នកលក់​ម៉ាំ​នៅ​ផ្សារ​អ្នក​លឿង និង​មាន​ទីលំនៅ​ក្នុងភូមិ​អ្នក​លឿង ឃុំ​អ្នក​លឿង ស្រុក​ពាមរ​ក៌ ។ គាត់​បាន​រៀបរាប់​ថា ខ្ញុំ​មាន​ប្តី​៤​នាក់​រួច​មក​ហើយ ប្តី​ទី​១​សែន​យក​គ្នា​ជា​ប្តី​ប្រពន្ធ នៅ​ពេល​ដែល​ខ្ញុំ​អាយុ​២២​ឆ្នាំ​។ មិន​បាន​រៀប​ការ​ត្រឹមត្រូវ​ទេ ដោយសារ​តែ​ខ្ញុំ​ជា​កូនកំព្រា ឪពុក​ម្តាយ​បងប្អូន​ស្លាប់​អស់​ក្នុង​សម័យ​ប៉ុ​ល​ពត ។ ក្រោយ​ពី​បំពេញ​កិច្ចការ​ជា​ប្តី​ប្រពន្ធ​ហើយ ក៏​បាន​រួមរស់​ជាមួយ​គ្នា​រហូត​គាត់​ពពោះ​កូន​ក្នុង​ផ្ទៃ​បាន​៦​ខែ ស្រាប់តែ​ប្តី​ខ្ញុំ​រត់​ចោល​បាត់ ទុក​ឱ្យ​ខ្ញុំ​រស់នៅ​កណ្តោចកណ្តែង​ម្នាក់ឯង សម្រាលកូន​ម្នាក់ឯង រហូត​កូន​បាន​ជិត​១​ខួប ទើប​លោក​ប្តី​ត្រឡប់​មក​សុំ​ផ្សះផ្សា​វិញ ។ ឯ​រូប​ខ្ញុំ​មិន​ចង់ឱ្យ​កូនកំព្រា​ដូច​ខ្លួន ក៏​ព្រម​ជានា​នឹង​ប្តី​វិញ រហូត​ដល់​បានកូន​២​នាក់​ទៀត ស្រាប់តែ​លោក​ប្តី​នោះ​រត់​ចោល​ខ្ញុំ​ទៀត​ទៅ​យកប្រពន្ធ​ថ្មី​បាត់​ទៅ ។

គាត់​រៀបរាប់​បន្ត​ទៀត​ថា ក្រោយមក​ប៉ុន្មាន​ឆ្នាំ ខ្ញុំ​ក៏​បាន​ជួប​នេ​ប​និត្យ​ប្តី​ទី​២ ដោយ​សង្ឃឹមថា​ប្តី​ក្រោយ​នេះ នឹង​ស្រលាញ់​ថ្នាក់ថ្នម មើលថែ​ខ្ញុំ និង​កូន​ៗ​មិន​ឱ្យ​មានទុក្ខ​លំបាក​ទេ ។ ប៉ុន្តែ​មិន​ដូច​ខ្ញុំ​សង្ឃឹម​ទេ ប្តី​ទី​២​ស្រលាញ់​ខ្ញុំ​បាន​តែ​ពី​ដំបូង លុះ​បាន​គ្នា​៧​ឆ្នាំ​បានកូន​៣​នាក់​ក៏​ឆ្អែតឆ្អន់ ស្រាប់តែ​លោក​ប្តី​នោះ​ប្រែប្រួល​ជា​កំណាច​ឃោរឃៅ តែង​វាយ​ធ្វើបាប​ខ្ញុំ​និង​កូនដើម​រហូត ចុង​ក្រោយ​បង្ខំ​ឱ្យ​ខ្ញុំ​យក​កូនដើម​ទៅ​នៅ​វត្ត​មិន​ឱ្យ​នៅផ្ទះ​ជាមួយ​ទេ តែ​ខ្ញុំ​ធ្វើ​មិន​បាន សុខចិត្ត​យក​កូន​ហើយ​ក៏​លែង​ប្តី​នោះ​ចោល​ទៅ អត់​ស្រណោះ​អ្នកឯង​ទេ ។

មក​ដល់​ប្តី​ទី​៣ ដំបូង​អះអាង​ថា ស្រលាញ់​ខ្ញុំ​ណាស់ មិន​ប្រកាន់​ថា​ក្រ ជា​ស្រី​មេម៉ាយ មានកូន​ទេ ហើយ​បាន​ស្បថស្បែ​រថា នឹង​ថ្នាក់ថ្នម​ថែរក្សា​រហូត​ដល់​ចាស់ព្រឹទ្ធចាស់ព្រេង ។ តែ​មាន​ដូច​បបូរ​សំអុយ​នោះ​ឯណា រួមរស់​ជាមួយ​គ្នា​បាន​តែ​៥​ឆ្នាំ បានកូន​ស្រី​ម្នាក់ ស្រាប់តែ​លោក​ប្តី​ទី​៣ លួច​ទៅ​មាន​ស្រី​ក្មេង​ទៀត ហើយ​ត្រូវ​ខ្ញុំ​តាម​ទាន់​ដឹង​រឿង ធ្វើ​ឱ្យ​មាន​ទំនាស់​ក្នុង​គ្រួសារ រហូត​ឈាន​ដល់​ការ​លែងលះ​គ្នា​ទៀត បន្សល់​ទុក​កូន​ៗ​តាំងពី​ប្តី​ទី​១​ទី​២​និង​ទី​៣ សរុប​ចំនួន​៦​នាក់​ឱ្យ​ខ្ញុំ​ចិញ្ចឹម​តែ​ម្នាក់ឯង​យ៉ាង​លំបាក​វេទនា​ជាទី​បំផុត ។

ស្ត្រី​ចំណាស់​អ​ភ័​ព្ទ​រូប​នេះ​បាន​រៀបរាប់​ទៀត​ថា មក​ដល់​ឆ្នាំ​២០១១ ខណៈ​ពេល​ដែល​ខ្ញុំ​លែង​នឹកនា​រឿង​ប្តីសី​អី្វ​ទៅ​ហើយ​នោះ ស្រាប់តែ​មាន​បុរស​ចំណាស់​ម្នាក់​ឈ្មោះ ឡុ​ង ឡា​ត់ អាយុ​៧៥​ឆ្នាំ ជាតា​អាចារ្យវត្ត​ឧត្តម​ខេមរា​រាម បាន​មក​សុំ​ស្រឡាញ់​ខ្ញុំ ដោយ​សន្យា​ថា​មិន​វាយ​ធ្វើបាប មិន​ផឹកស៊ី​មាន​ស្រី​ដូច​ប្តី​មុន​ៗ ហើយ​សន្យា​ជួយ​មើលថែ​ខ្ញុំ​និង​កូន​ៗ​រហូត​ដល់​ចាស់​ស្លាប់ រៀង​ៗ​ខ្លួន ។ ដោយ​នឹង​ឃើញ​ថា ខ្ញុំ​ចាស់​ហើយ​និង​ជា​អាចារ្យវត្ត​ទៀត ច្បាស់​ជា​មិន​រត់​ចោល​គ្នា មិន​ផឹកស៊ី​មាន​ស្រី​ដូច​ប្តី​មុន​ៗ​ទេ ទើប​ខ្ញុំ​សុខចិត្ត​ប្រថុយ​ប្រាណ យកប្តី​ជា​លើក​ទី​៤​ទៀត ដោយ​សង្ឃឹមថា​ប្តី​ចាស់​ជា​អាចារ្យវត្ត និង​មិន​ធ្វើបាប​គាត់​ដូច​ប្តី​ក្មេង​ៗ​នោះ​ទេ ។ ប៉ុន្តែ​មានអី​លោកតា​អាចារ្យវត្ត ធ្វើបាប​ខ្ញុំ​លើស​ប្តី​ក្មេង​ៗ​ទៅ​ទៀត​។ ខ្ញុំ​ខំ​រកស៊ី​ចិញ្ចឹម​ជាង​៣-៤​ឆ្នាំ ស្រាប់តែ​ចុះ​ចោល​ខ្ញុំ​ទៅ​នៅ​ជាមួយ​ស្រី​ក្មេង បាត់​ជាង​៤​ខែ​មិនឃើញ​មក​ផ្ទះ​សោះ ។ ថ្ងៃមួយ​ស្រាប់តែ​ឮ​គេ​ប្រាប់​ថា លោក​ប្តី​អាចារ្យ​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​លោក​មេ​ភូមិ ទាមទារ​លែងលះ​ជាមួយ​ខ្ញុំ​បាត់​ទៅ​ហើយ​។ ហើយ​អ្វី​ដែល​ខ្ញុំ​ឈឺចិត្ត​បំផុត​នោះ គឺ​លោក​ប្តី​អាចារ្យ​បាន​ទាមទារ​ឱ្យ​ខ្ញុំ​លក់​ដី​៣​កន្លែង​របស់ កូន​ៗ ដែល​ខំ​ទៅ​ស៊ីឈ្នួល​គេ​នៅ​ភ្នំពេញ សន្សំ​លុយ​ទំ​រាំ​បាន​យក​មក​ទិញ ចែក​ឱ្យ​គាត់​១​កន្លែង​១​ពាន់​ដុល្លារ ដោយ​អះអាង​ថា​យក​ទៅ​ឱ្យ​ស្រី​ក្មេង​ដែល​គាត់​ស្រលាញ់ ។

ស្ត្រី​រូប​នេះ​បាន​អះអាង​ថា បើ​លោក​ប្តី​អាចារ្យ​សុំ​លែងលះ​ទៅ​ការ​ប្រពន្ធ​ថ្មី ខ្ញុំ​មិន​ជំទាស់​មិន​ប្រកែក​ទេ ខ្ញុំ​សុខចិត្ត​ផ្តិត​មេដៃ​លែងលះ​ឱ្យ​ភ្លាម​ៗ ។ តែ​រឿង​ទាមទារ​លក់​ដី​កូន​យក​លុយ​ទៅ​ឱ្យ​ស្រី​ក្មេង​នោះ​ខ្ញុំ​មិន​ព្រម​ទេ និង​បាន​អំពាវនាវ​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​រក​យុត្តិធម៌​ឱ្យ​ផង ។

ពាក់​ព​ន្ធ័​នឹង​ការ​លើក​ឡើង​ខាងលើ​នេះ ត្រូវ​បាន​លោកតា ឡុ​ង ឡា​ត់ ដែល​ត្រូវជា​ប្តី​ទី​៤​ស្ត្រី​ខាងលើ​អះអាង​ថា គាត់​ពិតជា​បាន​ដាក់​ពាក្យ​ប្តឹង​សុំ​លែងលះ​មែន ប៉ុន្តែ​មិនមែន​ដោយសារ​មូលហេតុ​គាត់​មាន​ស្រី​ថ្មី​ទេ គឺ​ដោយសារ​តែ​ប្រពន្ធ​របស់​គាត់​មើលងាយ​គាត់​ពេក ហើយ​បង្ខំ​ឱ្យ​គាត់​ធ្វើការ​រកស៊ី​ដូច​ប្រពន្ធ​ដែរ តែ​វ័យ​គាត់​ចំណាស់​នេះ​ទៅ​ហើយ មិន​អាច​ធ្វើ​ដូច​គ្នា​បាន​ទេ​។ ចំណែក​រឿង​ថា​គាត់​ទាមទារ​ចែកទ្រព្យ​សម្បត្តិ​នោះ គឺ​ពិតមែន​ព្រោះ​ចាប់ដៃ​គា្ន​រកស៊ី​ច្រើន​ឆ្នាំ​ហើយ ដូច្នេះ​ទ្រព្យសម្បត្តិ​ទាំងអស់​ត្រូវ​តែ​ចែក​គ្នា ៕