គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក នៅនីការ៉ាហ្គ័រ បណ្តាលឲ្យមនុស្ស ១៣នាក់ស្លាប់

ម៉ាណាហ្គ័រ៖ ចំនួនមនុស្សស្លាប់ ដែលបានបង្កឡើងដោយ ការលិចទូកនៅប្រទេស នីការ៉ាហ្គ័រ ក្នុងសមុទ្រការីប៊ៀន នៃតំបន់អាមេរិកកណ្តាលនោះ បានកើតឡើងដល់ ១៣ នាក់ហើយ។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ ២០១៦។

មនុស្សស្លាប់ទាំង ១៣ នោះ គឺមាន ១១នាក់ជាស្ត្រី និង ២នាក់ទៀតជាបុរស ត្រូវបានគេ បញ្ជាក់អត្តសញ្ញាណដឹងថា មកពីប្រទេស កូស្តា រីកា ស្របពេលដែលក្នុងចំណោមពួកគេ នោះមានម្នាក់អាយុក្រោម ១៣ឆ្នាំ។ នេះបើតាមការលើកឡើង របស់មេបញ្ជាការកងនាវាជើង ទឹក នីការ៉ាហ្គ័រ លោក ម៉ារីយ៉ូ បឺរីយ៉ូស ម៉ាឌ្រីកាល់ បន្ទាប់ពីទូកបានលិច កាលពីថ្ងៃអាទិត្យ។

គួរបញ្ជាក់ថា នៅលើទូកនោះ បានដឹកសុទ្ធតែជាភ្ញៀវទេសចរណ៍ ដែលមានសរុប ៣៤នាក់ ក្នុងនោះ ២៦នាក់ មកពី កូស្តា រីកា, ពីរនាក់អាមេរិក, ពីរនាក់ អង់គ្លេស, បីនាក់ នីការ៉ាហ្គ័រ, និង ម្នាក់ ពីប្រេស៊ីល។ ពួកគេ បានធ្វើដំណើរឆ្ពោះទៅកាន់តំបន់ ឡារ៉េណា ឌែល ការីប ហើយ បន្ទាប់មកក៏ជួបគ្រោះថ្នាក់ ក្រោយធ្វើដំណើរទើបបាន ១៥ គីឡូម៉ែត្រពីឆ្នេររបស់ នីការ៉ាហ្គ័រ៕

គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក នៅនីការ៉ាហ្គ័រ បណ្តាលឲ្យមនុស្ស ១៣នាក់ស្លាប់