សកម្មជន​ខ្មែរ​​​​​អះអាង​​​ថា ខ្លួន​ត្រូវ​​​​​​អាជ្ញាធរ​ឡាវ ចាប់​ខ្លួន​​​​នៅ​​ក្នុង​​​​​​​តំបន់​​​​​​ទំនប់​​​វារីអគ្គិសនី​​ដន​​សាហុង

សកម្មជន​​ខ្មែរពីរ​នាក់​និយាយ​ថា ​​ខ្លួន​ត្រូវ​បាន​​អាជ្ញាធរ​ក្នុង​ប្រទេស​​ឡាវ​ ឃាត់​ខ្លួន​​​មួយ​សន្ទុះ​​​​កាលពី​ម្សិលមិញ បន្ទាប់ពី​ពួក​​​​​​គាត់​​​លួច​ឆ្លង​ដែន​​​ដើម្បី​ថត​រូប​​​​​​​តំបន់​​​​​​​គ្រោង​សាង​សង់​​ទំនប់​វារីអគ្គិសនី​ដន​សាហុង ​​ដែល​​បណ្ដា​រដ្ឋាភិបាល​ក្នុង​តំបន់​​ និង​អ្នក​បរិស្ថាន​នានា​ព្រួយ​​​បារម្ភ​ថា អាច​​ធ្វើ​ឲ្យ​​​បរិមាណ​ត្រី​​​ធ្លាក់​ចុះ​​​​​​​ខ្លាំង​​​នៅ​ខ្សែទឹក​ខាង​ក្រោម។

​លោក ជុំ​ ហួត និយាយ​ថា គាត់​​​និង​​​បង​​​ប្អូន​​​ភ្លោះ​​​របស់​​​គាត់​​​ឈ្មះ​​​ ជុំ ហួរ និង​សកម្មជន​ម្នាក់​ទៀត​​ឈ្មោះ សេ សាមឺឌី ​បាន​ជួល​​​អ្នក​​​​បើក​​​ទូក​ម្នាក់​​ឲ្យ​នាំ​ពួក​​​គាត់​ពី​​ខេត្ត​ស្ទឹងត្រែងឆ្ពោះ​ទៅ​​​ខ្សែ​​​ទឹក​​​ខាង​​​លើ​​​នៃ​​​​​ទន្លេ​មេគង្គ ដោយ​ឆ្លង​​ព្រំដែន​កម្ពុជា-ឡាវ ចម្ងាយ​​​២គីឡូម៉ែត្រ​​ទៅ​កាន់​​​តំបន់​​​​ដែល​គ្រោង​សាង​សង់​ទំនប់​ដន​សាហុង។

​​​គាត់​​​និយាយ​​​​​​ទៀត​​​​​​​​​ថា នៅ​ពេល​ពួកគាត់​ទៅ​ដល់​​ “​ខ្ញុំ​ និង​ប្អូន​ប្រុស​ខ្ញុំ​​​បាន​សម្រេច​ឡើង​ច្រាំង​​ដើម្បី​មើល​ថា ​តើ​​មាន​អ្វី​កំពុង​កើត​ឡើង​​​​​នៅ​ទីនោះ។ ប៉ុន្តែ​អាជ្ញាធរ​​បាន​​ទៅ​ដល់​​ ហើយ​​​​​​បាន​​​សួរ​​យើង​ថា ‘​ឯង​មក​ពីណា?’ ​ហើយក៏​​បាន​​​នាំខ្លួន​ពួកយើង​ទៅ​ប៉ុស្តិ៍​ប៉ូលិស​”។

គាត់​​​​​​​បាន​​​បន្ត​​​​​​​​​​ថា មុន​ពេល​​​នាំ​​​​​​​​ខ្លួន​ពួកគាត់​ទៅ បុរស​ប្រាំបី​នាក់​​ដែល​​​ក្នុង​​​នោះ​​​មាន​​​​​ប៉ូលិស​​​ឯកសណ្ឋាន​ពី​រ​នាក់ និង​ប្រាំមួយ​នាក់​ទៀត​ស្លៀក​​​​ពាក់​ស៊ីវិល ​​បាន​​​​ដក​​​ហូត​ម៉ាស៊ីន​ថត​ពីរ​​​គ្រឿង និង​ទូរស័ព្ទ​ស្មាត​ហ្វូនពីរគ្រឿង​ពី​ពួកគាត់​ ហើយ​​​គប់​វាចោល​ទៅ​ក្នុង​ទឹក​ទន្លេ។ ”ពេល​យើង​ព្យាយាម​រត់​​ទៅ​រក​ទូក ពួកគេ​បាន​យក​កាំភ្លើង​​ភ្ជង់​ពួកយើង”។

​គាត​់​​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា នៅឯ​ប៉ុស្តិ៍​ប៉ូលិស​ប៉ូលិស​បាន​​​​​​សាកសួរ​​​ពួកគាត់​​​ដោយ​មាន​ជំនួយ​​​ពី​អ្នក​បក​ប្រែ​​​​តាំង​​​ពី​ម៉ោង​ប្រហែល​៩​ព្រឹក​រហូត​​​​ដល់​ពេល​ថ្ងៃ​ត្រង់ ហើយ​បាន​គំរាម​បាញ់​​​ពួកគាត់​ ​ប្រសិន​បើ​ពួកគាត់​​ហា៊ន​ត្រឡប់​ទៅ​វិញ​​​​​ម្តង​​​ទៀត​។ ទីបំផុត​ ពួកគាត់​ត្រូវ​បាន​​ដោះ​លែង​​​ដោយ​មាន​ជំនួយ​ពី​ “​ជន​បរទេស​” មិន​ស្គាល់​អត្តសញ្ញាណ​ដែល​ប្រហែល​ជា​មន្ត្រី​អង្គការ​សហប្រជាជាតិ​ ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​បាន​​ជូន​​​​​​ពួកគាត់​ត្រឡប់​​​មក​ព្រំដែន​វិញ​។

​​​ចំណែក​​​ឯ​​​លោក សេ សាមឺឌី និយាយ​ថា គាត់​បាន​ឃើញ​លោក ជុំ ហួត និង​លោក ជុំ ហួរ ត្រូវ​​​​​បញ្ជូន​​​​​​​​​ចូល​​​មន្ទីរ​ឃុំឃាំង ប៉ុន្តែ​បាន​​​​គេច​​​ខ្លួន​​​រួច​​​​​តាម​ទូក​ជាមួយ​​អ្នក​បើក​ទូក​។ ”​យើង​​មិន​មែន​ទៅ​ទីនោះ​ដើម្បី​ធ្វើ​រឿង​ខុស​ច្បាប់​ទេ។ យើង​គ្រាន់​តែ​ចង់​ទៅ​ទីនោះ​​ដូច​ភ្ញៀវ​ទេសចរ​ ​​ហើយ​​​ស៊ើប​​ថា​  តើ​មាន​ផល​ប៉ះពាល់​លើ​បរិស្ថាន​​​​​​​​​​ឬអត់​​ប៉ុណ្ណោះ​” ដោយ​​​​លោក​​​​​​បញ្ជាក់​​​ថា ការ​សាង​សង់​បាន​ចាប់​ផ្ដើម​ហើយ​។ ”​យើង​​​ចង់​សម្ភាស​អ្នក​ភូមិ​នៅ​ក្នុង​តំបន់​នោះ​អំពី​ផល​ប៉ះ​​ពាល់​​​​បង្ក​​​ឡើង​​​ដោយ​​​ទំនប់​នេះ។ យើង​គិត​ថា ​​​ទំនប់​នេះ​​​នឹង​​​​បង្ក​​​​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​មក​លើ​បរិស្ថាន​”។

លោក សែម ស៊ីថា ​អធិការ​​នគរ​បាល​ស្រុក​​​ថាឡាប​រិវ៉ាត់ ដែល​ជាប់​ព្រំដែន​ឡាវ បាន​មាន​​​ប្រសាសន៍​​​លោក​​​​​មិន​​​​​​ទាន់​​​ទទួល​​​​​បាន​​​សេចក្ដី​រាយការណ៍​ណាមួយ​អំពី​ឧប្បត្តិហេតុ​នេះ​​ពី​អាជ្ញាធរ​ឡាវ​ នៅ​​​ឡើយ​​​ទេ។ ប៉ុន្តែ​លោក​​ថ្លែង​​​​ថា សកម្មជន​ទាំង​នេះ​បាន​ឆ្លង​ដែន​​ដោយ​ខុស​​​​ច្បាប់​ ហើយ​​​ថ្នាក់​លើ​របស់​លោក​នឹង​សម្រេច​​ថា​តើ​គួរ​ផ្ដន្ទាទោស​​ពួកគាត់​ឬ​ក៏អត់។ លោក​គូស​​​បញ្ជាក់​ថា ”​​បើ​ពួក​​​គាត់​ចង់​ទៅ​ទេសចរ​​​ស្រប​​​​​​ច្បាប់ វា​​​មិន​អី​ទេ។ ប៉ុន្តែ​ក្នុង​ករណី​នេះ ​​​ពួក​គាត់​​​​ទៅ​ស៊ើបអង្កេត​​ ហើយ​វា​មិន​អាច​ទៅ​​រួច​ទេ”។

ទាក់​ទិន​បញ្ហា​​​នេះ អាជ្ញាធរ​ឡាវ​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​​​​បាន​ទេ​។

សូម​បញ្ជាក់​ថា ទំនប់​វារីអគ្គិសនី​​កម្លាំង​២៥៦​​​មេហ្គាវ៉ាត់​​កាត់​ទន្លេមេគង្គ​​ ដែល​ស្ថិត​នៅ​ចម្ងាយ​​​​​​​​ត្រឹម​តែ​​២គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​​​នេះ ​​​បាន​​​ក្លាយ​ជា​​​ប្រភព​នៃ​ភាព​តានតឹង​​​យូរ​មក​ហើយ​រវាង​ប្រទេស​ឡាវ និង​​បណ្ដា​ប្រទេស​ជិត​ខាង​​​របស់​ខ្លួន​ដែល​ព្រួយបារម្ភ​ខ្លាច​ទំនប់​នេះ​​បង្ក​ផល​ប៉ះពាល់​​ធ្ងន់ធ្ងរ​​​ដល់​បរិស្ថាន ហើយ​​ធ្វើ​ឲ្យ​បរិមាណ​ត្រី​របស់​ខ្លួន​ធ្លាក់​ចុះ​តាម​រយៈ​ការ​រាំង​ផ្លូវ​​​ធ្វើ​បម្លាស់​​​​ទី​របស់​ត្រី។

កាលពី​ខែ​តុលា លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស ​បាន​​ស្នើ​ឲ្យ​​ឧប​នាយក​​​​​រដ្ឋមន្ត្រី​​ឡាវ ​ដែល​មក​​​​បំពេញ​ទស្សន​កិច្ច​​​ឲ្យ​សិក្សា​បន្ថែម​ទៀត​​​​​អំពី​​​ទំនប់​​​​នេះ ​​​មុន​ពេល​ចាប់​ផ្ដើម​សាង​សង់​ ក្រោយ​ពី​សភា​របស់​​ឡាវ​ បាន​​​អនុម័ត​កិច្ច​ព្រមព្រៀង​សម្បទាន​​ដើម្បី​ត្រួស​​​ត្រាយ​ផ្លូវ​​សម្រាប់​ចាប់​ផ្ដើម​ការ​សាង​សង់​។

​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​ផ្សាយ​​​កាលពី​ដើម​ខែ​នេះ អង្គការ​​​​មិន​មែន​រដ្ឋា​ភិបាល​​​ជាង​៤០​របស់​កម្ពុជា​​​បាន​សម្ដែង​​ “​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​” ចំពោះ​សេចក្ដី​សម្រេច​នេះ ដោយ​លើក​ឡើង​ថា ​ប្រទេស​ឡាវ មិន​ទាន់​​​​​​​​វាយ​តម្លៃ​​​​​​​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវឡើយ​ទេ​​​​​​​អំពី​​​ផល​ប៉ះ​​​​ពាល់​ដែល​​​​អាច​​​កើត​មាន​​​​​​ឡើង​​​ដោយ​សារ​ទំនប់​​​នេះ​មក​លើ​​​ប្រទេស​​​​កម្ពុជា ថៃ និង​ឡាវ​​​​​។

​និយាយ​ពី​លោក ជុំ ហួត និង​លោក ជុំ ហួរ កាល​​​ពី​​​មុន​​​ពួកគាត់​​​​​ធ្លាប់​​​ត្រូវ​បាន​ចាប់​ខ្លួន​​​រួច​​​​​​មក​​​ហើយ​​​ដោយ​សារ​​​​​សកម្មនិយម​​​​របស់​​​​​ខ្លួន​​​។ ពួកគាត់​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ប្រាំមួយ​​​នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​កាលពី​ខែ​​​កក្កដា ​ចំពោះ​​​ការ​តវ៉ា​នៅ​ខាង​ក្រៅ​រដ្ឋសភា​​​​​​ដើម្ប​​​ី​​​ប្រឆាំង​​ច្បាប់​​ស្ដីពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ពេល​ថ្មីៗ​នេះ​​ ពេល​​​​​​កំពុង​​​​ស្លៀក​ពាក់​ឯកសណ្ឋាន​​​​​​អ្នក​​​​​​ទោស​​​ពន្ធនា​គារ។ ទោះ​​​​​​ជា​​​​​​យ៉ាង​​​ណា មនុស្ស​ទាំង​ប្រាំនាក់​នេះ​ត្រូវ​បាន​ដោះលែង​វិញ​​ក្នុង​ថ្ងៃ​ដដែល៕ ​សុខុម​​​​​​​​

The post សកម្មជន​ខ្មែរ​​​​​អះអាង​​​ថា ខ្លួន​ត្រូវ​​​​​​អាជ្ញាធរ​ឡាវ ចាប់​ខ្លួន​​​​នៅ​​ក្នុង​​​​​​​តំបន់​​​​​​ទំនប់​​​វារីអគ្គិសនី​​ដន​​សាហុង appeared first on ខេមបូឌា ដេលី.