លោក ហ៊ុន ម៉ានី កូន​ប្រុស​​ពៅ​​លោក ហ៊ុន​ សែន ចង់​ឲ្យ​សាធារណជន​វិនិច្ឆ័យ​គុណសម្បត្តិ​​របស់​ខ្លួន​

ជា​ថ្មី​ម្ដង​ទៀត ​​លោក ហ៊ុន ម៉ានី កូន​ប្រុស​ពៅ​​​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​បង្ហាញ​ការ​ប្រាថ្នា​​ចង់​​​ស្នង​តំណែង​ពី​ឪពុក​របស់​​ខ្លួន​ជា​ប្រមុខ​រដ្ឋាភិបាល​ ដោយ​ប្រាប់​​ទីភ្នាក់​ងារ​​​សារព័ត៌មាន​ Associated Press នៅ​ក្នុង​បទ​សម្ភាស​​​​មួយ​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ទោះ​ជា​យ៉ាង​ណា​ លោក​ចង់​​ឲ្យ​សាធារណជន​​​​វិនិច្ឆ័យ​លើ​គុណសម្បត្តិ​ផ្ទាល់​ខ្លួន​របស់​លោក​។

​អត្ថបទ​ចុះ​ផ្សាយ​​​របស់​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​នេះ​បាន​ដក​ស្រង់​សម្ដី​របស់​លោក ហ៊ុន ម៉ានី ​ដែល​បាន​​ក្លាយ​ជា​តំណាង​រាស្ត្រ​គណ​បក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​មណ្ឌល​កំពង់​ស្ពឺ​​​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ដែល​លើក​​​​ឡើង​ថា លោក​​​យល់​ថា មហិច្ឆតា​​​ធំ​​​របស់​លោក​​​មិន​គួរ​​មាន​​​តែ​លោក​ម្នាក់​ឯង​​​នោះ​ទេ​។

បន្ទរ​តាម​​​ការ​លើក​ឡើង​​កាលពី​ខែ​មុន​​​​តាម​វិទ្យុ​វាយោ អេហ្វអឹម ​លោក ហ៊ុន ម៉ានី បាន​ថ្លែង​​ថា “មិន​មែន​​មាន​តែ​ខ្ញុំ​ទេ ប៉ុន្តែ​ប្រជា​​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​គួរ​តែ​​ប្រាថ្នា​ធ្វើ​ជា​នាយករដ្ឋមន្ត្រី”។

លោក ហ៊ុន ម៉ានី ដែល​ពេល​នេះ​មាន​វ័យ​​៣៣​ឆ្នាំ ​ពោលគឺ​ចាស់​ជាង​១ឆ្នាំ​​បើ​ធៀប​នឹង​ឪពុក​របស់​លោក​​កាល​ឡើង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ក្នុង​ឆ្នាំ​១៩៨៥​ បាន​​ទទួល​ស្គាល់​ថា ទំនាក់​ទំនង​គ្រួសារ​របស់​លោក​​ “​បាន​បើក​ទ្វារ​​​ចំហរ​”​ សម្រាប់​លោក​នៅ​ក្នុង​អាជីព​នយោ​បាយ​ ប៉ុន្តែ​លោក​​ចង់​ឲ្យ​សាធារណជន​​ធ្វើ​ការ​វិនិច្ឆ័យ​តែ​ទៅ​លើ​គុណសម្បត្តិ​ផ្ទាល់​ខ្លួន​របស់​លោក​ប៉ុណ្ណោះ។

លោក​បាន​​​គូស​​បញ្ជាក់​ថា “​​កុំ​វិនិច្ឆ័យ​ខ្ញុំ​ក្នុង​នាម​ជា​ ហ៊ុន ម៉ានី ឬ​​ជា​កូន​ប្រុស​របស់​នាយក​រដ្ឋមន្ត្រី ប៉ុន្តែ​​សូម​វិនិច្ឆ័យ​​​លើ​អ្វី​ដែល​ខ្ញុំ​ធ្វើ​។ ហើយ​ខ្ញុំ​​ទុក​រឿង​នោះ​ឲ្យ​សាធារណជន​ និង​ប្រជាពលរដ្ឋ​កម្ពុជា​​ជា​អ្នក​សម្រេច​”៕ សុខុម​​​

The post លោក ហ៊ុន ម៉ានី កូន​ប្រុស​​ពៅ​​លោក ហ៊ុន​ សែន ចង់​ឲ្យ​សាធារណជន​វិនិច្ឆ័យ​គុណសម្បត្តិ​​របស់​ខ្លួន​ appeared first on ខេមបូឌា ដេលី.