មាន​ឡាន​បើក​បរ​​រាល់​ថ្ងៃ​ ត្រូវ​ដឹង​អី​ខ្លះ​?

មាន​ឡាន​បើក​បរ​​រាល់​ថ្ងៃ​ ត្រូវ​ដឹង​អី​ខ្លះ​?

មាន​ឡាន​ជិះ​តែ​បើ​មិន​ដឹង​ពី​​បច្ចេកទេស​​បើកបរ​និង​​ថែទាំ​បាន​ត្រឹមត្រូវ​ក៏​មិន​កើត​ដែរ​។ ការ​បើកបរក្រៅ​ពី​ត្រូវ​មាន​ស្មារតី​រឹង​មាំ​និង​ប្រុងប្រយ័ត្ន​ខ្ពស់ ការ​​យល់​ដឹង​ពី​​បច្ចេកទេស​ថែទាំ​រថយន្ត​​តាម​ការ​ណែនាំ​ក៏​ជា​ចំណុច​ត្រូវ​យល់​ដឹង ដើម្បី​ធ្វើ​ឲ្យ​ការ​បើកបរ​មាន​សុវត្ថិភាព។

 

មាន​ឡាន​បើក​បរ​​រាល់​ថ្ងៃ​ ត្រូវ​ដឹង​អី​ខ្លះ​?

 

លោក ម៉ៅ វាសនា គ្រូ​បណ្ដុះបណ្ដាល​បច្ចេកទេស​របស់​ក្រុមហ៊ុន Toyota បាន​ណែនាំ​ពី​បច្ចេកទេស​មួយ​ចំនួន​ត្រូវ​ដឹង​សម្រាប់​ការ​បើកបរ​រថយន្ត​ប្រចាំ​ថ្ងៃ ដូចជា​ការ​ត្រួត​ពិនិត្យ​បច្ចេកទេស​ម៉ាស៊ីន ការ​ស្វែងយល់​ពី​ការ​ផ្លាស់ប្ដូរ​ប្រេង​ម៉ាស៊ីន​និង​បច្ចេកទេស​ដទៃ​ទៀត។

 

ប្រេង​ម៉ាស៊ីន៖ ប្រេង​ម៉ាស៊ីន​មាន​មុខងារ​ជួយ​ការពារ​ការ​កកិត​ និង​សឹករិចរិល​នៃ​គ្រឿង​ម៉ាស៊ីន។ រថយន្ត​ដែល​បើកបរ​ញឹកញាប់​តែងតែ​ដឹក​ធ្ងន់​គួរ​តែ​ផ្លាស់ប្ដូរ​ប្រេង​ម៉ាស៊ីន​រៀងរាល់ ៥០០០ គីឡូម៉ែត្រ តែ​បើ​គ្រាន់​តែ​បើកបរ​ម្ដងម្កាល ៣ ទៅ ៤ ខែ​គួរ​តែ​ផ្លាស់ប្ដូរ​ប្រេង​ម្តង។

 

ប្រេង​ប្រអប់​លេខ៖ តាម​ការ​ណែនាំ​ប្រេង​ប្រអប់​លេខ​គួរ​តែ​ផ្លាស់ប្ដូរ​រៀងរាល់ ២០ ០០០ ទៅ ៣០ ០០០ គីឡូ​ម៉ែត្រ ដើម្បី​រថយន្ត​ដំណើរការ​ស្រួល​ងាយស្រួល​បញ្ចូល​លេខ។

 

ប្រព័ន្ធ​ហ្រ្វាំង៖ ហ្រ្វាំង​ទាក់ទង​ការ​បញ្ឈប់​ល្បឿន​នៃ​រថយន្ត។ បើ​សិន​ហ្រ្វាំង​សឹក​មាន​បញ្ហា​ជាន់​មិន​ស៊ី​នាំ​គ្រោះ​ថ្នាក់​ក្នុង​ពេល​បើកបរ។ ត្រួត​ពិនិត្យ​ប្រេង​ហ្វ្រាំង​ពេល​ត្រូវ​ប្តូរ​ប្រេង​ម៉ាស៊ីន និង​ប្តូរ​ប្រេង​ហ្វ្រាំង​ចេញ​រៀងរាល់ ២ ឆ្នាំម្តង។

 

ស្នាម​លេច​ប្រេង​​ក្រោម​បាត​រថយន្ត​៖ ឧស្សាហ៍​អោន​ពិនិត្យ​រក​ស្នាម​លេច​ផ្សេងៗ​ក្រោម​រថយន្ត​ ដែល​អាច​ជា​ដំណក់​ទឹក​ឬ​វត្ថុ​រាវ​អ្វី​មួយ​លេច​ជ្រាប ព្រោះ​បើ​មិន​ប្រុងប្រយ័ត្ន​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ក្នុង​ការ​បើកបរ​។

 

ធុង​ទឹក​ត្រជាក់៖ ធុង​ទឹក​ត្រជាក់​មាន​តួនាទី​សំខាន់​ជួយ​បញ្ចុះ​កម្ដៅ​របស់​គ្រឿង​ម៉ាស៊ីន ការពារ​ការ​កកិត ការ​រង​សម្ពាធ​ដែល​ធ្វើ​ឲ្យ​ម៉ាស៊ីន​ដំណើរការ​មិន​ល្អ។ ចាក់​ទឹក​បំពេញ​បន្ថែម​បើ​សិន​ខ្វះ​ ឬ​ប្រើ​ទឹក​ថ្នាំ​ពិសេស ដើម្បី​ជួយ​ម៉ាស៊ីន​បង្ការ​ការ​ឆាប់​ឡើង​កម្តៅ។

 

សំបក​កង់៖ សម្គាល់​ជម្រៅ​ក្រឡា​កង់​ដែល​អាច​សឹករិចរិល ឬ​ប្រេះ​បែក។ សំបក​កង់​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​រថយន្ត បើ​កង់​ធូរ​ឬ​តឹង​ពេក​អាច​នាំ​ពិបាក​ក្នុង​ការ​បើកបរ ធ្វើ​ឲ្យ​រថយន្ត​ស៊ីសាំង​និង​បង្ក​គ្រោះថ្នាក់​ផ្សេងៗ។

 

ផ្លិត​ជូត​កញ្ចក់៖ ផ្លិត​ជូត​កញ្ចក់​ក៏​ត្រូវ​ត្រួត​ពិនិត្យ​មើល​ជា​ប្រចាំ​ដែរ។ ពេល​បើកបរ​ផ្លូវ​ឆ្ងាយ​អាច​មាន​ធូលី​ដី​ហុយ ដែល​ត្រូវ​ការ​ផ្លិត​ទឹក​ដើម្បី​បក់​ជូត​សម្អាត​។ បើ​សិន​កៅស៊ូ​ផ្លិត​ទឹក​ជូត​កញ្ចក់​មិន​ប្រក្រតី​ឬ​ដំណើរការ​មិន​ស្រួល ធ្វើ​ឲ្យ​ពិបាក​មើល​ឃើញ​ងាយ​បង្ក​គ្រោះថ្នាក់​ជា​យថាហេតុ។

 

ខ្សែ​ពាន៖ ខ្សែ​ពាន​ទាក់ទង​ដំណើរការ​គ្រឿង​ម៉ាស៊ីន, ម៉ាស៊ីនត្រជាក់​និង​ចង្កូត។ ត្រួត​ពិនិត្យ​មើល​ខ្សែពាន​ដែល​អាច​ធូរ​ឬ​ដាច់ ដើម្បី​ចៀសវាង​បើកបរ​ជួប​បញ្ហា​រលត់​នៅ​ពាក់​កណ្ដាល​ផ្លូវ​នាំ​ឲ្យ​ពិបាក​រក​ជាង។

 

អាគុយ៖ ឆែក​ភ្លើង​អាគុយ​គ្រប់គ្រាន់​សម្រាប់​​ការ​ដេរ​បញ្ឆេះ​និង​ដំណើរការ​ប្រព័ន្ធ​ភ្លើង​រថយន្ត និង​​ត្រួតពិនិត្យ​ក្រែង​មាន​ស្នាម​លេច​ឬ​ជ្រាប​ទឹក​អាស៊ីត​នាំ​ឲ្យ​ប៉ះពាល់​និង​​បំផ្លាញ​ដល់​ប្រព័ន្ធ​​ខ្សែ​ភ្លើង​ផ្សេងៗ។

 

ប្រព័ន្ធ​ភ្លើង៖ ត្រួត​ពិនិត្យ​មើល​ភ្លើងស៊ីញ៉ូ​ឆ្វេង​ស្តាំ ភ្លើង​ហ្វា​មុខ​ក្រោយ ដែល​អាច​ខូច​ដោយ​ប្រការ​ណាមួយ ដើម្បី​ឲ្យ​កុនការ​អាសន្ន​ក្នុង​ពេល​បើកបរ​យប់​ព្រលប់។

 

តម្រង​ខ្យល់៖ តម្រង់​ខ្យល់​មាន​តួនាទី​ច្រោះ​ខ្យល់​ចូល​ក្នុង​ម៉ាស៊ីន​រថយន្ត​។ ឧស្សាហ៍​បាញ់​លាង​សម្អាត ដើម្បី​ជួយ​បង្កើន​ថាមពល​ដល់​គ្រឿង​ម៉ាស៊ីន​និង​កាត់​បន្ថយ​ការ​ស៊ីសាំង​បាន​មួយ​កម្រិត។

 

ភ្លើង​ឆែក៖ បើ​សិន​មាន​លោត​ភ្លើង​ឆែក​ក្នុង​រថយន្ត​ដូចជា​ភ្លើង ABS ឬ​ភ្លើង​សញ្ញា​ណា​ផ្សេង​ទៀត​បា​នន័យ​ថា​មាន​បញ្ហា​​ក្នុង​​រថយន្ត​ដែល​ត្រូវ​​ប្រយ័ត្ន​និង​​ឆាប់​យក​ទៅ​ជាង​ជួសជុល​ជា​បន្ទាន់។

 

ការ​លាង​សម្អាត​រថយន្ត៖ ការ​លាង​សម្អាត​ក៏​ត្រូវ​ធ្វើ​ជា​ប្រចាំ ប៉ុន្តែ​ក៏​ត្រូវ​ប្រយ័ត្ន​សម្រាប់​រថយន្ត​ស៊េរី​ចាស់​ៗ​មួយ​ចំនួន​ជា​ពិសេស​លើ​ឌុយ​ក្នុង​ប្លុក​ម៉ាស៊ីន​ដើម្បី​ចៀសវាង​ការ​ឆ្លង​ចរន្ត​ភ្លើង។

 

បន្ថែម​ពី​នេះ លោក​បាន​បន្ត​ថា មុន​​ចូល​​បើក​រថយន្ត អ្នក​បើកបរ​ក៏​ត្រួត​ពិនិត្យ​ជុំវិញ​រថយន្ត​ខ្លាច​មាន​ក្មេង ឬ​សត្វ​ដែល​មើល​មិន​ឃើញ​អាច​គ្រោះថ្នាក់​ចៃដន្យ​កើត​មាន​ឡើង។

 

បន្ត​អាន៖ សិក្សា​បច្ចេកទេស​ឆៀក​រថយន្ត ចៀសវាង​បើកបរ​មាន​បញ្ហា​​រង​ពិន័យ​ធ្ងន់​ក

បន្ត​អាន៖ ភាព​លេច​ធ្លោ​​ត្រកូល​រថយន្ត​​​ Lexus LX 570 ទាក់ចិត្ត​អ្នក​មាន​និង​មន្ត្រី​ធំៗ​