​ធ្វើបុណ្យ​មហា​អំបុក មាន​ទាក់ទង​នឹង​ព្រះពុទ្ធសាសនា​ផង និង​ទាក់ទង​ពី​អរិយធម៌ ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ផង​

​កំពត: វត្ត​យស​មន្ត្រី ដែល​ស្ថិតនៅក្នុង ភូមិ​ព្រៃ​ឈើទាល ឃុំ​ប្រ​ភ្នំ ស្រុក​អង្គរជ័យ ខេត្តកំពត កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ មាន​ប្រារព្ធ​ពិធីបុណ្យ​មួយ ដែល​គេ​ហៅថា បុណ្យ​មហា​អំបុក ដឹកនាំ​ដោយ​ព្រះចៅអធិការ​ព្រះនាម ប៉ែន ពិសិដ្ឋ និង​មានការ​ឯកភាព​ពី​ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និង ពុទ្ធ​បរិ​ស័​ទ្ធ​ចំណុះជើងវត្ត ។

​ព្រះចៅអធិការ​វត្ត ព្រះនាម ប៉ែន ពិសិដ្ឋ បាន​មាន​សង្ឃដីកា​ថា ការធ្វើ​បុណ្យ មហា​អំបុក​នេះ មាន​គោលដៅ​ពីរ​យ៉ាង​៖ ទី​១.​ទាក់ទង​នឹង​ព្រះពុទ្ធសាសនា គឺ​សម្រាប់​ពុទ្ធបរិស័ទ ធ្វើ​បុណ្យឧទ្ទិសកុសល ដល់​អ្នក​ស្លាប់ទៅ​ផង​។  ទី​២. គឺ​ធ្វើ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​ពុទ្ធសាសនិកជន​សប្បាយ បន្ទាប់ពី​ការនឿយហត់ ពី​ការងារ​ផ្សេងៗ ។​

​លោក​អាចារ្យវត្ត អន ព្រឿង បានអោយដឹងថា កាលពី​សម័យ​ពុទ្ធកាល មានរឿង​ទាក់ទង​នឹង​ព្រះពុទ្ធសាសនា​គឺ ចុ​ល្ល​កាល និង​មហា​កាល មាន​រៀបរាប់​ពី​បញ្ហា ទាក់ទង​នឹង​ស្រូវ​ថ្មី​នេះដែរ ពោលគឺ កសិករ​ធ្វើស្រែ កាលណា​ដល់​ខែអស្សុជ ក​ក្តិ​ក ស្រូវ​ក្នុង​ស្រែ តែងតែ​ចេញ​ផ្លែផ្កា ជាពិសេស​ស្រូវ ចេញមក​មាន​ទឹកដោះ គេ​តែងតែ​ក្តិច ឬ​កាត់​យកមក​បូត យក​ទឹកដោះ ពី​គ្រាប់ស្រូវ ដើម្បី​ធ្វើជា​ចង្ហាន់​ប្រគេន ព្រះសង្ឃ​ដំបូង​គេ ។ ធៀប​ដូចនឹង​ជា នាង​សុជាតា កៀប​យក​ទឹកដោះគោ ធ្វើជា​មធុបាយាស ថ្វាយ​ព្រះអង្គ​ដូច្នេះ​ឯង ។​

​សភាព​លក្ខណៈ​បែបនេះ លោក​អាចារ្យ អ៊ុក សាវ៉ន ជា​អាចារ្យ​ប្រចាំ វត្ត​យស​មន្ត្រី បាន​បញ្ជាក់ថា មិន​ត្រឹមតែ​គាប​យក​ទឹកដោះ​ស្រូវ ប្រគេន​ព្រះសង្ឃ​ឆាន់ ជា​ទាន​ដំបូង​ប៉ុណ្ណោះ​ទេ ដល់ពេល​ក្រោយៗ​មក ស្រូវ​ថ្មី បានក្លាយ​ចេញ ពី​ទឹកដោះ ក៍កើត​ទៅជា​ស្រូវ មាន​គ្រាប់​មាន​សាច់​ពេញ ប្រជាពលរដ្ឋ​ខ្មែរ បាននាំគ្នា​ដាល់អំបុក តាម​ផ្ទះ ឬ​ដាល់​នៅក្នុង​វត្ត ដើម្បី​ប្រគេន​អំបុក ដល់​ព្រះសង្ឃ​ឆាន់ មាន​លាយឡំ ទៅដោយ​ចេកទុំ ទឹកដូង និង​ទឹកត្នោត ជាដើម​ផង ។​

​គណៈកម្មការ អាចារ្យវត្ត បាន​អោយដឹងទៀតថា នៅក្នុង​ពី​ធី​បុណ្យ មហា​អំបុក​នេះ បាន​តម្រូវអោយ​ប្រជាពលរដ្ឋ ចំណុះជើងវត្ត យក​ត្បាល់ អង្រែ និង​ស្រូវដំណើប មក​ដាក់​នៅក្នុង​វត្ត សម្រាប់​ប្រារព្ធ​ពិធី ដោយ​មិន​កំណត់​ឡើយ មាន​ច្រើន​កាលណា កាន់តែ​ល្អ ពេល​ដាល់​ចេញ​ជា​អំបុក​ហើយ ទើប​ប្រារព្ធ​ពិធី​អកអំបុក ជា​កិច្ចបញ្ចប់ ។​

​ប្រជាពលរដ្ឋ ចំណុះជើងវត្ត បានអោយដឹងថា ពួកគាត់​មានចិត្ត សប្បាយរីករាយ ខ្លាំងណាស់ ព្រោះថា បុណ្យ​មហា​អំបុក គឺជា​បុណ្យ​ទំនៀម​ទំលាប់​ផង និង​ជា​កម្មវិធី​សប្បាយៗ​ផង ។ ​ពួកគាត់ បាន​បញ្ជាក់ថា បុណ្យ​មហា​អំបុក​នេះ ត្រូវធ្វើ​នៅ​ខែ​ក​ក្តិ​ក តែ​ដោយ​ពួកគាត់ មានការ​រវល់​ខ្លាំងពេក ទើប​ពួកគាត់ លើក​មក​ធ្វើ​ថ្ងៃនេះ​៕V/​

​ធ្វើបុណ្យ​មហា​អំបុក មាន​ទាក់ទង​នឹង​ព្រះពុទ្ធសាសនា​ផង និង​ទាក់ទង​ពី​អរិយធម៌ ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ផង​

​ធ្វើបុណ្យ​មហា​អំបុក មាន​ទាក់ទង​នឹង​ព្រះពុទ្ធសាសនា​ផង និង​ទាក់ទង​ពី​អរិយធម៌ ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ផង​

​ធ្វើបុណ្យ​មហា​អំបុក មាន​ទាក់ទង​នឹង​ព្រះពុទ្ធសាសនា​ផង និង​ទាក់ទង​ពី​អរិយធម៌ ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ផង​