ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​រាជ​ធានី​ភ្នំពេញ ៖ បុរស​២​ក្រុម​ឈាន​ដល់​ការ​ផ្ទុះអាវុធ​ដាក់​គ្នា​រហូត​​​រង​របួស​ទាំង​សងខាង​ ដោយសារ​តែភាគី​ម្ខាង​បាន​ទៅ​និយាយ​លេប​ខា​យ​ដាក់​ស្រី​ស្នេហ៍​របស់​ភាគី​ម្ខាង​ទៀត បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​​យប់​ថ្ងៃ​ទី២៣ ខែមករា​ ឆ្នាំ​២០១៦ ត្រង់​ចំណុច​ផ្លូវ១៥៤​កែង​ផ្លូវ៤៩ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខ​ណ្ឌដូនពេញ ។

​បើ​តាម​សាក្សី​ដែល​​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញបុរស​មួយ​ក្រុម​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក COROLLA 2003 ពណ៌​ស ​ពាក់​ស្លាក​លេខ ភ្នំពេញ2Z-1849 ​មក​ផឹកស៊ី​នៅ​ហាង​ចិញ្ចើមថ្នល់​ត្រង់​ចំណុច​ផ្លូវ​១៥៤​កែង​៤៩ ពេល​​​កំពុក​​ផឹកស៊ី​នោះ ​ស្រាប់តែមានស្ត្រី​ម្នាក់​ដើរ​ចូល​មក​និយាយ​លេង​ជាមួយ​អ្នកលក់ ឃើញ​​ដូច្នេះ​បុរស​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣នាក់​ មាន ឈ្មោះ អ៊ុំ រឹ​ទ្ធី ​អាយុ២៦​ឆ្នាំ មុខរបរ​មិន​ពិ​ត​ប្រាកដ ស្នាក់​នៅផ្ទះ​លេខ១៥សេ ផ្លូវលេខ៣៩ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បាន​និយាយ​​​លេង​ជាមួយស្ត្រី​ម្នាក់​នេះ គាប់​ជួន​សង្សា​រស្ត្រី​​​រូប​​នេះ​ឈ្មោះ សា ក៏​នៅ​ក្បែរ​នោះ​ដែរ​ មានការ​អាក់អន់ចិត្ត ក៏​ហៅ​ស្ត្រី​នោះ​​ទៅ​ផ្ទះ​វិញ ហើយ​បុរស​ជា​សង្សារ​​ក៏​ដើរទៅ​មុន ស្រាប់តែ​ឈ្មោះ អ៊ុំ រឹ​ទ្ធី​ បាន​ដើរ​​តម្រង់​​ទៅ​រថយន្តរបស់​ខ្លួន ​និង​បានយក​កាំភ្លើងខ្លី​ហើយ​ដើរ​តាមពីក្រោយ​ឈ្មោះ សា ពេល​ដើរទៅ​ដល់​កាំជណ្តើរ​ឡើង​ផ្ទះ​ក៏អា​ម៉េ​កាំភ្លើង​បម្រុង​​បាញ់ ស្រាប់តែ​ឈ្មោះ​ សា ដឹងខ្លួន​​​ក៏​បាញ់​សំដៅ​ឈ្មោះ អ៊ុំ រឹទ្ធ​ បាន​មុន​បណ្តាល​ឱ្យ​រ​ងរ​បួស​ដៃខាងឆ្វេង បន្ទាប់​មក​ឈ្មោះ រឹទ្ធ​ ក៏​បាន​បាញ់​មួយ​គ្រាប់​​តប​វិញ​ដែរ ​ត្រូវ​ចំ​ជើងរង​ ។

សាក្សី​ក៏បាន​បន្ថែម​ទៀត​ថា បន្ទាប់​ពី​បាញ់​ម្នាក់​មួយ​គ្រាប់​រង​របួស​ទាំង​សងខាង​រួច​មក ភាគី​ទាំង​ពីរ​ក៏​បាន​រត់គេច​ខ្លួន​ ដោយ ឈ្មោះ រឹទ្ធ​ បាន​ឡើង​រថយន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​179​ ចំណែក​ឈ្មោះ សា បាន​រត់ឡើង​លើផ្ទះ​ម្តុំ​តាន់​ប៉ា​បាត់​ស្រមោល​ទាំង​របួស​ជើង ។

ក្រោយ​ពេល​កើតហេតុ​ ​​​កម្លាំង​កង​រាជ​​អាវុធហត្ថ និង​​ប៉ូលិស​ ក៏​​ទៅ​ដល់​​កន្លែង​កើត​កើតហេតុ​ភ្លាម​ៗ​ដែរ និង​​​រក​ឃើញ​​សម្បក​​គ្រាប់​ចំនួន​២ យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣ ។ ចំណែក​ខាង​​កម្លាំង​កងរាជ​អាវុធហត្ថ​​​នាំ​​គ្នា​​​ស្វែងរក​ឈ្មោះ សា​ ដែល​របួស​ជើង​ តែ​​​រក​មិនឃើញ​ ដោយសារតែ​បុរស​រូប​នោះ​បាន​គេចខ្លួន​បាត់​ទៅ​ហើយ ៕​​