ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តពោធិ៍សាត់ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា ត្រូវ​រថយន្ត​បុក​ស្លាប់​ទាំង​២ ដែល​ហេតុការណ៍​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៤ មក​រា ២០១៦ ស្ថិត​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ខាង​មុខ​ហាង​ម្លប់​ស្វាយ ក្នុងភូមិ​អូរ​ស្ដៅ​សង្កាត់​​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ។

ប្រភព​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​សាំ​យ៉ុ​ង ពណ៌​លឿង ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​2A-1076 ជាមួយ​ម៉ូតូ​ម៉ាក​ស្មាស់​ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង​1H-4652 ដោយ​គេ​ឃើញ​ខាង​រថយន្ត​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន ពី​លិចទៅ​កើត ឯ​ម៉ូតូ​ក៏​ជិះ​ឌុ​ប​គ្នា​ក្នុង​ល្បឿន​លឿន​ដែរ ពី​កើត​ទៅ​លិច​ច្រាសទិស​គ្នា ។ លុះ​ទៅ​ដល់​ចំណុច​កើតហេតុ មិនដឹង​យ៉ាងម៉េច ស្រាប់តែ​បុក​គ្នា​យ៉ាង​ពេញទំហឹង ចំ​ពីមុខ​បណ្ដាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ទាំង​២​នាក់​ភ្លាម​ៗ នៅ​នឹង​កន្លែង​កើតហេតុ​។

បន្ទាប់​ពី​កើតហេតុ​ភ្លាម អ្នកបើកបរ​រថយន្ត​មិន​ស្គាល់ឈ្មោះ បាន​ទុក​ចោល​ទីនោះ​រួច​គេចខ្លួន​បាត់​ទាំង​យប់ ។ ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់ ត្រូវ​គេ​ស្គាល់​ម្នាក់​ឈ្មោះ​វិត សុខ​ឃា​ម អាយុ​២១​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ម៉ៅ សុ​ខេន អាយុ​១៨​ឆ្នាំ ទាំង​២​នាក់ រស់នៅ​ភូមិ​ព្រៃ​ដំរី ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ដែល​ជន​រង​គ្រោះ​ទំនងជា​ស្រវឹងស្រា ហើយ​បើក​ម៉ូតូ​លឿន​គ្រប់គ្រង​ខ្លួនឯង​លែង​បាន​។