ខឹងរឿងលេបខាយ ប្រពន្ធ ដកកំាភ្លើង ភ្ជង់បាញ់គ្នា ម្នាក់ត្រូវដៃ ម្នាក់ត្រូវជើង

ភ្នំពេញ៖ បុរសម្នាក់រងរបួសដោយគ្រាប់កំាភ្លើងត្រូវចំដៃ ឯភាគីម្ខាងទៀតរងរបួសត្រូវចំជើង បន្ទាប់ពីជនទាំងពីរនេះ ដកកំាភ្លើងភ្ជង់គ្នា រួចឈានដល់ការផ្ទុះអាវុធ ព្រោះតែភាគីម្ខាង ខឹងភាគីម្ខាងទៀត លេបខាយដាក់ប្រពន្ធខ្លួន នៅម៉ោងប្រមាណ ២៣៖១៥នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ត្រូវចំណុចប្លុកតាន់ប៉ា ផ្លូវលេខ១៥៤ កែងផ្លូវ៤៩ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

មន្រ្តីនគរបាលបានឲ្យដឹងថា មានករណីទំនាស់ផ្ទុះអាវុធ បណ្តាលអោយរបួស កើតឡើងរវាងមនុស្ស ពីរនាក់ បាញ់តគ្នាទៅវិញទៅមក ដែលបង្កឡើងដោយ ឈ្មោះ សា មិនស្គាល់អត្តសញ្ញាណ រងរបួសជើង រត់គេចខ្លួនពីកន្លែងកើតហេតុ និងម្នាក់ទៀត ឈ្មោះ អ៊ុ រិទ្ធី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនទាន់ដឹង ស្នាក់នៅផ្ទះលេខ១៥សេ ផ្កូវ៣៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រងរបួស ១គ្រាប់ចំដៃខាងឆ្វេង ជាម្ចាស់កាំភ្លៀងខ្លីម៉ាក Beretta លេខ៦៤៩៩៨។

មន្រ្តីនគរបាល បានឲ្យដឹងទៀតថា នៅម៉ោង ២៣៖០០នាទី ឈ្មោះ អ៊ុ រិទ្ធី និងមិត្តភ័ក្រ្ត ៣នាក់ ទៀតកំពុងអង្គុយផឹកស៊ី នៅក្បែរកន្លែងកើតហេតុ ស្រាប់តែឈ្មោះ សា និងប្រពន្ធ បានដើរក្បែរ ភ្លាមនោះឈ្មោះ អ៊ុ រិទ្ធី បានប្រើពាក្យលេបខាយ ដាក់ប្រពន្ធឈ្មោះ សា ថា "អូន" ធ្វើអោយឈ្មោះ សា ខឹង បានដកកាំភ្លើងយកមកភ្ជុង ឈ្មោះ អ៊ុ រិទ្ធី ហើយឈ្មោះ អ៊ុ រិទ្ធី ក៏បានដកកាំភ្លើងភ្ជុងវិញ ស្រាប់តែផ្ទុះអាវុធម្នាក់ ១គ្រាប់ ទៅវិញទៅមក បណ្តាលអោយឈ្មោះ អ៊ុ រិទ្ធី ត្រូវ ១គ្រាប់ចំដៃឆ្វេង រីឯឈ្មោះ សា ត្រូវ ១គ្រាប់ដែរចំជើង។

មន្រ្តីនគរបាល បានបញ្ជាក់ទៀតថា ក្រោយកើតហេតុឈ្មោះ សា បានរត់គេចខ្លួន ទាំងជើងមានរបួស ឡើងទៅជាន់ទី២ ប្លុកតាន់ប៉ា ហើយកម្លាំងនគរបាល ក៏បានឡើងទៅរុករកដែរ ប៉ុន្តែរកមិនឃើញ រីឯឈ្មោះ អ៊ុ រិទ្ធី ក្រោយ ត្រូវ របួសបានប្រគល់កាំភ្លើង អោយទៅឈ្មោះ ជ័យ រិទ្ធា ហើយត្រូវបានមិត្តភ័ក្រ្តម្នាក់ទៀត ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ១៧៩។ បច្ចប្បន្ន ឈ្មោះ ជ័យ រិទ្ធា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនទាន់ដឹង ស្នាក់នៅភូមិកំពុងក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពុងធំ ត្រូវបានឃាត់ខ្លួននៅ អហដូនពេញ រួមនិងអាវុធខ្លី០១ដើមម៉ាក Beretta លេខPX64998និងរថយន្ត ១គ្រឿង ម៉ាកកូរូឡា២០០៣ ស្លាកលេខភ្នំពេញ2Z:1849៕

ខឹងរឿងលេបខាយ ប្រពន្ធ ដកកំាភ្លើង ភ្ជង់បាញ់គ្នា ម្នាក់ត្រូវដៃ ម្នាក់ត្រូវជើង

ខឹងរឿងលេបខាយ ប្រពន្ធ ដកកំាភ្លើង ភ្ជង់បាញ់គ្នា ម្នាក់ត្រូវដៃ ម្នាក់ត្រូវជើង