ប្រតិបត្តិការ​របស់​គ​ណៈ​កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កំពុង​ស្ថិតក្រោម​ការតាមដាន​

​ប្រតិបត្តិការ​របស់​គ​ណៈ​កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ក្នុងការ​ត្រួតពិនិត្យ​ទៅលើ​ទីតាំង​ស្តុក​ឈើ​របស់​ក្រុមហ៊ុន​មួយចំនួន​រយៈពេល​ប៉ុន្មាន​កន្លងទៅនេះ មិន​ត្រូវបាន​មជ្ឈដ្ឋាន​នានា​ទុកចិត្ត​នោះទេ​។ ដោយហេតុថា ឈើ​ដែល​រកឃើញ​នៅក្នុង​ឃ្លាំង​របស់​ក្រុមហ៊ុន​មួយចំនួន​ត្រូវគេ​អះអាងថា​ជា​ឈើ​ស្របច្បាប់ ក្នុងខណៈដែល​ប្រជាពលរដ្ឋ​និង​សកម្មជន​ព្រៃឈើ​អះអាងថា ឈើ​ទាំងនោះ​ត្រូវបាន​ក្រុមហ៊ុន​បំពាន​កាប់​ក្នុងព្រៃ​សហគមន៍ ព្រៃ​ការពារ និង​ឧទ្យាន​ជាតិ​យ៉ាងណាក៏ដោយ​។ ទោះជា​យ៉ាងណា​ប្រតិបត្តិការ​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កំពុង​ធ្វើ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយចំនួន​មានការ​ប្រុងប្រយ័ត្ន​ជាង​មុន ចំពោះ​បទល្មើស​កាប់​ឈើ​អារច្រៀក​ស្តុក​ទុក​និង​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​។

កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៦ កម្លាំងចម្រុះ​របស់​គណៈ​កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែលមាន​សមាជិក​១៤​នាក់ ដឹកនាំ​ដោយ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី បាន​ចុះ​ត្រួតពិនិត្យ​រោងចក្រ​កែច្នៃ​ឈើ​របស់​ក្រុមហ៊ុន​ដូនពេញ​អា​ហ្គ្រី​កូ ដែលមាន​ទីតាំង​ក្នុង​ចម្ការ​ដូងប្រេង​ក្រុមហ៊ុន​ហុង​អា​ញ់​លំផាត់ ស្ថិតនៅ​ក្នុងភូមិ​ស្រែ​ឈូក ឃុំ​ជ័យ​ឧត្ដម ស្រុក​លំផាត់ ខេត្តរតនគិរី​។ ក្នុងការ​ត្រួតពិនិត្យ​នោះ​កម្លាំងចម្រុះ​រកឃើញ​ឈើ​ប្រណីត​៤៤៤,០៥៦​ម៉ែត្រគូប ឈើ​ប្រភេទ​លេខ​១​ចំនួន​១៧៧៩,៦៩៨​ម៉ែត្រគូប ឈើ​លេខ​២​ចំនួន​២៩៤៣,៩៣២​ម៉ែត្រគូប និង​ឈើ​លេខ​៣​ចំនួន​១២៧,៩០១​ម៉ែត្រគូប​។ សរុប​ទាំងអស់​គឺមាន​៥៣៩៥,៥៤៧​ម៉ែត្រគូប ដែល​គេ​អះអាងថា​ជា​ឈើ​ស្របច្បាប់ ក៏ប៉ុន្តែ​មជ្ឈដ្ឋាន​នានា​ពុំមាន​ជំនឿ​លើ​របាយការណ៍​ដែល​កម្លាំងចម្រុះ​រកឃើញ​នោះទេ ព្រោះ​កម្លាំងចម្រុះ​សម្អាង​តែ​លើ​ឯកសារ​ក្រុមហ៊ុន​ប៉ុណ្ណោះ​។

ទាក់ទង​ទៅនឹង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​បំផ្លាញ​ព្រៃឈើ​នោះដែរ ក្រុមមន្ត្រី​សង្គម​ស៊ីវិល និង​មជ្ឈដ្ឋាន​នានា បាន​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា​ចំពោះ​សកម្មភាព​ដុតបំផ្លាញ​ឈើ​នៅក្នុង​ដី​សម្បទាន​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​យួន​ប៊ិ​ញ​ភឿ​ក​១ ខេត្តមណ្ឌលគិរី​។ កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ ក្រុម​សង្គម​ស៊ីវិល និង​សកម្មជន​ព្រៃឈើ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដាក់ទោស​និង​ពិន័យ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ទៅលើ​ក្រុមហ៊ុន​ដែល​ដុតបំផ្លាញ​ឈើ​ប្រណីត​បំបាត់ភស្តុតាង​ជាច្រើន​គំនរ​។ ដោយហេតុថា សកម្មភាព​ដុត​ឈើ​ប្រណីត​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១​នោះ គឺជា​ទង្វើ​ផ្គើន​ទៅនឹង​បទបញ្ជា​របស់​រដ្ឋាភិបាល ក៏ដូចជា​ចំអក​ទៅនឹង​ប្រតិបត្តិការ​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​។ ដូច្នេះ​រដ្ឋាភិបាល និង​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ មិនត្រូវ​ទុក​ឲ្យ​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១ គេច​ផុតពី​ការទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​នោះឡើយ​៕

V-0429កម្លាំងចម្រុះត្រួតពិនិត្យរោងចក្រកែច្នៃឈើក្នុងរោងចក្រដូនពេញអាហ្រ្គីកូ V-0428