ភាពមិនប្រក្រតី​ក្នុង​ក្រសួងមហាផ្ទៃ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លាតត្រដាង​ជា​បន្តបន្ទាប់​

កន្លងមក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន ធ្លាប់បាន​លាតត្រដាង​ភាពមិនប្រក្រតី​មួយចំនួន​នៅក្នុង​ក្រសួងមហាផ្ទៃ ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​អំពើពុករលួយ​។ ឥឡូវនេះ​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា ក្រសួង​បាន​ចាត់វិធានការ​រឹត​ប​ន្ទឹ​ង​កុំ​ឲ្យ​មាន​មន្ត្រី​ណា​ដែល​មក​ធ្វើ​ការមិន​ទៀងទាត់ ហើយ​ឆ្លៀត​ទៅធ្វើ​ការ​ខាងក្រៅ ខណៈ​កំពុង​បំពេញការងារ​នៅក្នុង​ក្រសួងមហាផ្ទៃ​។ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា វិធានការ​នេះ​គឺ​ឆ្លើយតប​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ពាក់ព័ន្ធ​ទៅនឹង​មន្ត្រីរាជការ​នៃ​ក្រសួងមហាផ្ទៃ មានឈ្មោះ​ទៅធ្វើ​ការងារ​ខាងក្រៅ​ដោយ​ទទួលបាន​ប្រាក់ខែ​២​កន្លែង​។

សូមបញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ ទី​២៤ ខែមករា ឆ្នាំ​២០១៦ ក្នុង​លិខិត​មួយ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន បាន​បញ្ជាក់ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទទួល​ពាក្យបណ្ដឹង​ដែរ​ថា មន្ត្រី​កំពុង​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ បាន​ទៅ​បម្រើ​ការងារ​នៅ​ស្ថាប័ន​ផ្សេងៗ​ក្រៅពី​អង្គភាព​របស់ខ្លួន​ដូចជា នៅតាម​អង្គការ សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ជាដើម​។ ដោយសារតែ​លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះ​ហើយ ទើប​ក្រសួងមហាផ្ទៃ ចាត់វិធានការ​រឹតបន្តឹង​កុំ​ឲ្យ​មន្ត្រី​ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ ឆ្លៀត​ទៅធ្វើ​ការងារ​នៅ​ខាងក្រៅ​។ ជាមួយគ្នានេះ​មជ្ឈដ្ឋាន​នានា​បាន​ជំរុញ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស៊ើបអង្កេត​ទៅលើ​ភាពមិនប្រក្រតី​តាម​បណ្ដា​ក្រសួង និង​ស្ថាប័នរដ្ឋ​ផ្សេងៗ​ទៀតផង​ដែរ ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​អំពើពុករលួយ​។

បើតាម​ការលើកឡើងរ​ប​ស់លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ​នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០១៥​កន្លងទៅ ក្រសួង​មាន​មន្ត្រីរាជការ​ស៊ីវិល​ក្នុង​ក្របខ័ណ្ឌ​ចំនួន​១២៤៤៣​នាក់ ចែកជា​ក្របខ័ណ្ឌ​ថ្នាក់ជាតិ​១៦៧០​នាក់ និង​ក្របខ័ណ្ឌ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ចំនួន​១០៧៧៣​នាក់​។ លោក សក់ សេដ្ឋា បាន​លើកឡើងថា ក្រសួង​បានដាក់​វិធានការ​មួយចំនួន​ដោយ​ឲ្យ​អង្គភាព​នីមួយៗ​បន្ត​ពង្រឹង​ពិន័យ​និង​ការគ្រប់គ្រង​វត្តមាន​មន្ត្រី​ឲ្យ​បាន​ម៉ឺងម៉ាត់ ហើយ​ករណី​នៅតែ​មិន​បម្រើ​ការងារ​ទៀងទាត់​ត្រូវ​ណែនាំ​សមី​ខ្លួន​ដាក់ពាក្យ​ស្នើសុំ​ស្ថិតក្នុង​ភាព​ទំនេរ​គ្មាន​បៀវត្សរ៍​ឬ​សុំ​លាឈប់​ពី​ការងារ​។ ប្រការ​នេះហើយ​ដែល​មជ្ឈដ្ឋាន​នានា​កំពុង​តាមដាន​តទៅទៀត ចំពោះ​វិធានការ​របស់​ក្រសួងមហាផ្ទៃ ទៅលើ​មន្ត្រី​ដែល​មក​ធ្វើ​ការមិន​ទៀងទាត់ ហើយ​ឆ្លៀត​ទៅធ្វើ​ការងារ​នៅ​ខាងក្រៅ​៕

omyintieng610លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ