ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​វៀតណាម ៖ យោង​តាម​អ្នកជំនាញ​បាន​ឲ្យ​ដឹង​ថា ទីផ្សារ​រី​សត​នៅ​ក្នុង​ប្រទេស​វៀតណាម នឹង​មានការ​វិនិយោគ​ច្រើន​សន្ធឹកសន្ធាប់​នៅ​ក្នុងឆ្នាំនេះ ដោយសារ​តែ​មាន​សក្តានុពល​ខ្លាំងក្លា ។

ប្រធាន​សមាគម​អចលនទ្រព្យ​វៀតណាម លោក Nguyen Tran ឱ្យ​ដឹង​ថា ៖ « សេដ្ឋកិច្ច​ក្នុងស្រុក​នៅ​ឆ្នាំ​២០១៥ គឺ​មាន​ស្ថិរភាព និង​មានការ​កើនឡើង ខណៈ​ដែល​ប្រាក់​ចំណូល​របស់​ប្រជាជន​ក្នុង​តំបន់​បាន​កើនឡើង​ផង​ដែរ​។ ហេតុនេះ​ហើយ​បានជា​មាន​តម្រូវការ​ក្នុង​ចំណោម​ប្រជាជន​ជា​ម្ចាស់​អចលនទ្រព្យ និង ម្ចាស់​រី​សត ក៏​មានការ​កើនឡើង​ដូច​គ្នា » ។

លោក​បន្ថែម​ថា ៖ « ទន្ទឹម​នឹង​នេះ ទីផ្សារ​ក្នុងស្រុក​បាន​ចាប់ផ្តើម​គម្រោង​សាងសង់​រី​សត​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជា​ច្រើន​គម្រោង ជាមួយនឹង​តម្លៃ​លក់​សមរម្យ និង​បាន​ទាក់ទាញ​អតិថិជន​ក្នុងស្រុក​ដ៏​ច្រើន​លើសលប់​ផង​ដែរ » ។

ការ​អភិវឌ្ឍ​ទីផ្សារ​រី​សត​នៅ​ឆ្នាំ​២០១៤  និង​ឆ្នាំ​២០១៥ បាន​ចាប់ផ្តើម​ឡើង​ក្នុងអំឡុងពេល​អភិវឌ្ឍ​ថ្មី​នៅ​លើ​ទីផ្សារ​ក្នុងស្រុក ដោយសារ​តែ​វៀតណាម​មានសម្បត្តិ​ធម្មជាតិ សង្គម និង​វប្បធម៌ ដែល​ផ្តល់​លក្ខខណ្ឌ​អំណោយផល​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​រមណីយដ្ឋាន ក៏​ដូច​ជា ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​ដែល​អាច​រក​ប្រាក់​ចំណូល​ខ្ពស់ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​អគ្គនាយក​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Hamptons Ho Tram ។

លោក​បន្ថែម​ថា ៖ « ខណៈ​ដែល​រី​សត​បាន​ក្លាយជា​ផលិតផល​ទាក់ទាញ​ថ្មី​សម្រាប់​ទីផ្សារ​ក្នុងស្រុក ចំណូល​របស់​ប្រជាជន​វៀតណាម ក៏​បាន​កើនឡើង​តាម​តម្រូវការ​លើ​វិស័យ​ទេសចរណ៍​ផង​ដែរ ។ កត្តា​ទាំងនេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ទីផ្សារ​រី​សត​ក្នុងស្រុក​កើនឡើង និង​ធានា​ដល់​ការ​អភិវឌ្ឍ​ក្នុង​រយៈពេល​៥​ឆ្នាំ ទៅ​១០​ឆ្នាំ​ខាង​មុខ​ទៀត » ។

ចំណែក​លោក Ngo Quoc Dung អគ្គនាយករង​នៃ​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស ដែល​កំពុងធ្វើការ​លើ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង Hoi An បាន​មាន​ប្រសាសន៍​ថា ៖ « វៀត ណាម គឺជា​ប្រទេស​ដែល​មាន​ថ្ងៃ​ឈប់​សម្រាក និង​បុណ្យ​ជាតិ​ច្រើន​ដែល​មាន​ប្រមាណ​១៣៨​ថ្ងៃ ស្មើនឹង​៤០% ក្នុង​រយៈពេល​មួយ​ឆ្នាំ ។ ដូច្នេះ ប្រជាជន​វៀតណាម​មាន​តម្រូវការ​ស្នាក់​នៅ​ចំនួន​៦៩០​លាន​យប់​ក្នុង​មួយ​ឆ្នាំ​ៗ » ។

លោក​បន្ថែម​ថា ៖ « វៀតណាម​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​៧​លាន​នាក់ ដែល​ធ្វើ​ឲ្យ​តម្រូវការ​រី​សត និង​ការ​ចំណាយ​របស់​ភ្ញៀវ​ស្ថិត​ក្នុង​អត្រា​ដ៏​ខ្ពស់ ។ តម្រូវការ​ខ្ពស់​នេះ​បាន​ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍ​ខ្លាំង​ទៅ​លើ​ទីផ្សា​រី​សត​ក្នុង​ប្រទេស​នា​ពេល​អនាគត ដោយ​វៀតណាម​នឹង​មិន​ព្រួយបារម្ភ​ពី​កង្វះខាត​នៃ​តម្រូវការ​ទីផ្សារ​រី​សត​នេះ​ទៀត​ឡើយ » ។

ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់ នៃ​ក្រុមហ៊ុន Savills Viet Nam លោក Do Thu Hang ក៏​យល់​ស្រប​ដែរ​ថា ៖ « តម្រូវការ​រី​សត​សម្រាប់​វិស័យ​ទេសចរណ៍ គឺ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នា​ពេល​ថ្មី​ៗ​នេះ ។ បច្ចុប្បន្ន ភ្ញៀវ​ទេសចរ​វៀតណាម​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ស្ទើរ​គ្រប់​រដូវ​កាល មិនមែន​តែ​នៅ​រដូវក្តៅ ឬ​ថ្ងៃ​បុណ្យ​ជាតិ​នោះ​ទេ » ។

ចំណែក​តម្រូវការ​ខ្ពស់ និង​សិ្ថ​រ​ភាព​នៃ​សេដ្ឋកិច្ច​ក្នុងស្រុក​បាន​ធ្វើ​ឲ្យ​ប្រជាជន​វៀតណាម​មាន​ទំនុកចិត្ត​ខ្ពស់​លើ​ការ​ធ្វើ​ដំណើរ​កម្សាន្ត ដែល​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​រី​សត​ក្នុងស្រុក​នា​ពេល​អនាគត ពីព្រោះ​នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង​នៃ​ការ​អភិវឌ្ឍ​ប៉ុណ្ណោះ ។ ដូច្នេះ ទីផ្សារ​រី​សត​នឹង​នៅ​តែ​អភិវឌ្ឍន៍​បន្ត​ទៀត ៕